មនុស្ស ១០ប្រភេទ ដែលមានទេវតាជួយឃុំគ្រងគ្រប់ពេលវេលា
- 2018-10-31 00:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្ស ១០ប្រភេទ ដែលមានទេវតាជួយឃុំគ្រងគ្រប់ពេលវេលា
សម័យថ្ងៃមួយ ព្រះឥន្ទ្រាធិរាជបានស្ដេចយាងចេញពីវិមានមកកម្សាន្តឧទ្យាន ហើយក៏លើកព្រះហត្ថនមស្ការទៅកាន់ទិសទាំង ១០។ ពេលនោះ ព្រះមាតលីជាទេវបុត្រក៏មានបន្ទូលសួរថា ព្រះអង្គទ្រង់នមស្ការទៅទិសទាំង ១០នោះដោយសារហេតុផលអ្វី? ពេលនោះ ព្រះឥន្ទ្រក៏ពោលទៅកាន់ព្រះមាតលីថា ទ្រង់នមស្ការទៅកាន់មនុស្ស ១០ជំពូកគឺ៖
១. ជនដែលមានសទ្ធាធ្វើបុណ្យដាក់បាត្រថ្វាយបច្ច័យ៤ ដល់អ្នកកាន់សីល ធម៌អាថ៌។
២. ជនដែលរក្សាសុចរិតទាំង៣ គឺកាយសុចរិត វចីសុចរិត និងចិត្តសុចរិត។
៣. ជនដែលគោរពមាតា។
៤. ជនដែលគោរពបិតា។
៥. ជនដែលតម្កល់រតនត្រ័យទាំង៣ គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីគោរពបូជា។
៦. ជនដែលរក្សាសីល ៥ និងសីល ៨បានខ្ជាប់ខ្ជួន។
៧. ជនដែលបានធ្វើបុណ្យកុសល ហើយឧទ្ទិសដល់ទេវតា និងប្រេតទាំងឡាយ។
៨. ជនដែលមានការគោរពដល់គ្រូឧបជ្ឈាយាចារ្យ និងចាស់ទុំដែលមានសីលធម៌។
៩. ជនដែលមានក្ដីអនុគ្រោះដល់ប្រពន្ធ កូន និងញាតិសន្ដាន ដោយក្ដីមេត្តា ករុណា។
១០. មនុស្សស្រីដែលគោរពស្វាមីគ្រប់ទិវារាត្រីមិនប្រមាថ។
បុគ្គលទាំង ១០ជំពូកនេះគឺជាមនុស្សដ៏មានគុណ ដែលបានចែកចាយក្ដីសុខ ក្ដីចម្រើនដល់ខ្លួនឯងផង និងអ្នកដទៃផង ហេតុដូច្នេះហើយទើបយើងគោរពនមស្ការដល់បុគ្គលទាំងនោះ។ ព្រះមាតលីកាលណាឮព្រះឥន្ទ្រពោលដូច្នោះ ក៏ពោលបន្តថា “ព្រះអង្គជាព្រះធំជាងទេព្តាទាំងពួង ព្រះអង្គទ្រង់គោរពបុគ្គលជំពូកណា ទូលបង្គំក៏គោរពបុគ្គលជំពូកនោះ”។ ចំណេរក្រោយមក ទេព្តាទាំងឡាយក៏នាំគ្នាឲ្យពរឲ្យជ័យដល់បុគ្គលទាំង ១០ជំពូករហូតមកដល់សព្វថ្ងៃនេះ ៕
http://dhammatip.com/wp/?p=353