មើលឱ្យដឹងរវាងមនុស្សល្អពិត និងមនុស្សផ្លែល្វាល្អតែក្រៅ
- 2018-10-28 06:11:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលឱ្យដឹងរវាងមនុស្សល្អពិត និងមនុស្សផ្លែល្វាល្អតែក្រៅ
គ្រប់គ្នាប្រហែលជាធ្លាប់ជួបមនុស្សល្អតែពីមុខអ្នកតែក្រោយខ្នងស្អុយរលួយដូចជាផ្លែល្វា។ អំពើទាំងនោះមិនយូរមិនឆាប់គង់តែមានអ្នកដឹង ព្រោះមនុស្សល្អពិតនិងមនុស្សល្អក្លែងក្លាយគឺមិនដូចគ្នាទេ។ ចង់ដឹងថាមនុស្សពីរប្រភេទនេះខុសគ្នាយ៉ាងម៉េច មានតែមើលចំណុចខាងក្រោមនេះ៖
១. គោរពមនុស្សគ្រប់គ្នា Vs គោរពតែអ្នកធំ មើលងាយអ្នកតូច
មនុស្សល្អពិតតែងតែគោរពនិងឱ្យតម្លៃគ្រប់គ្នាជុំវិញខ្លួន។ រីឯមនុស្សលាក់ពុតវិញគោរពតែមនុស្សដែលមានអំណាចនិងមានផលប្រយោជន៍ឱ្យខ្លួន ហើយតែងតែមើលងាយអ្នកគ្រប់គ្នាហើយគិតថាគេមិនដល់ខ្លួន។
២. មានជំហរផ្ទាល់ខ្លួន Vs តែស្ករ
មនុស្សល្អពិតមិនងាយធ្វើអ្វីដើម្បីតម្រូវចិត្តអ្នកដទៃឡើយ បើសិនរឿងនេះខុសពីឆន្ទៈរបស់គេ។ គេចូលចិត្តធ្វើអ្វីដែលជាខ្លួនគេដោយមិនគិតពីសម្តីអ្នកដទៃ។ ចំណែកឯមនុស្សល្អលាក់ពុតវិញច្រើនតែខ្វាយខ្វល់ខ្លាចអ្នកដទៃមិនពេញចិត្តខ្លួន ហើយអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យខ្លួនឯងមានចំណែកក្នុងកែវភ្នែកអ្នកដទៃ ចូលចិត្តតែហៃអើ តែៗស្ករៗ។
៣. ដាក់ខ្លួន Vs អួតអាង
មនុស្សគេល្អពិតមិនដែលនិយាយពីខ្លួនគេ ឬនិយាយពីអ្វីដែលគេមាននិងបានធ្វើនោះទេ។ គេតែងលាក់ទុកម្នាក់ឯង ហើយគិតថារឿងបែបនេះមិនចាំបាច់ប្រាប់ឱ្យគេដឹងទេ។ សម្រាប់មនុស្សល្អក្លែងក្លាយវិញតែងតែអួតប្រាប់គេពីអ្វីដែលខ្លួនមានពេលខ្លះលើសពីការពិត ដើម្បីឱ្យគេចាប់អារម្មណ៍។
៤. និយាយពីមុខ Vs និយាយពីក្រោយ
បើសិនជាមានអ្វីចង់និយាយមនុស្សល្អពិតច្រើននិយាយចំពីមុខដោយមិនលាក់បាំង។ គេអាចនឹងសំដីមិនល្អតែមនុស្សប្រភេទនេះនិយាយពីអ្វីដែលគេមាននៅក្នុងចិត្ត។ ប៉ុន្តែមនុស្សល្អផ្លែល្វាវិញច្រើនតែមានមុខពីរ នៅពីមុខអ្នកគេនិយាយល្អរហូតតែនៅពីក្រោយវិញគេមិនដែលនិយាយល្អនោះទេ។
៥. ទង្វើ Vs សម្តី
មនុស្សល្អពិតខិតខំប្រឹងប្រែងធ្វើឱ្យបានល្អបំផុតជាជាងចំណាយពេលនិយាយនិងសន្យាពីនេះពីនោះ។ រីឯមនុស្សបានតែមាត់គឺជាមនុស្សប្រភេទផ្លែល្វា គេចូលចិត្តសន្យាហើយធ្វើមិនបាននិងមានលេសមិនចេះចប់។
៦. សរសើរ Vs បង្អាប់
មនុស្សគេល្អពិតច្រើនតែសរសើរអ្នកដទៃពីអ្វីដែលគេទទួលបាន។ គេគិតថាគេមិនល្អគ្រប់គ្រាន់ និងត្រូវរៀនពីអ្នកដទៃដើម្បីអភិវឌ្ឍខ្លួន។ ចំណែកមនុស្សផ្លែល្វាតែងតែរិះគន់អ្នកដទៃ ដើម្បីបង្ហាញថាខ្លួនគ្រាន់បើ ហើយសប្បាយចិត្តពេលឃើញគេបរាជ័យ។
៧. ជួយឥតដែនកំណត់ Vs ជួយយកមុខ
មនុស្សល្អពិតគេតែងតែជួយមនុស្សគ្រប់គ្នាគ្រប់ពេលដោយឥតលក្ខខណ្ឌ ហើយក៏មិនសូវប្រកូកប្រកាសយកមុខមាត់ដែរ។ រីឯមនុស្សល្អលាក់ពុតតែងតែជួយអ្នកណាដែលអាចផ្តល់ប្រយោជន៍ឱ្យខ្លួនវិញប៉ុណ្ណោះ តែបើគេជួយអ្នកណាហើយ គេនឹងដើរនិយាយប្រាប់គេឯងគ្រប់គ្នា ថាគេបានជួយ ៕