បវរកញ្ញា​ថៃ ត្រូវ​គេ​បោក​ប្រាស់​អស់​កន្លះ​លាន​ដុល្លារ​ព្រោះ​ចង់​បង្កើត​គណបក្ស​ផ្ទាល់​ខ្លួន

  • 2018-10-25 02:30:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បវរកញ្ញា​​ថៃ Kanthicha Chimsiri ទើប​តែ​រាយការណ៍​ប្រាប់​ប៉ូលិស​ថា ខ្លួន​ត្រូវ​គេ​បោក​អស់​កន្លះ​លាន​ដុល្លារ​ក្រោយ​ពេល​សម្រេច​ចិត្ត​ចូល​ហ៊ុន​ជាមួយ​បុរស​ម្នាក់​ដើម្បី​បង្កើត​គណបក្ស​នយោបាយ​ផ្ទាល់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា​មុន​នេះ បណ្ដាញ​ព័ត៌មាន Bangkok Post បាន​ចុះ​ផ្សាយ​ពី​ករណី​បវរកញ្ញា​​ថៃ ឆ្នាំ​២០១៦ Kanthicha Chimsiri ត្រូវ​បាន​គេ​បោក​លុយ​អស់​១៦​លាន​បាត (៥០​ម៉ឺន​ដុល្លារ) ក្រោយ​ពេល​​ប្រគល់​លុយ​ឲ្យ​បុរស​ម្នាក់​ដើម្បី​បង្កើត​គណបក្ស​នយោបាយ​ផ្ទាល់​ខ្លួន​មួយ។

មាន​វត្តមាន​នៅ​ប៉ុស្តិ៍​ប៉ូលិស ស្រី​ស្អាត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន និង​បុរស​ម្នាក់​ដែល​ស្ថិត​ក្នុង​ពិភពសិល្បៈ​បាន​គ្រោង​សហការ​ជាមួយ​គ្នា ដូច​នេះ​ហើយ នាង​ក៏​បាន​វេរ​លុយ​ទៅ​ឲ្យ​បុគ្គល​នេះ​ដោយ​មិន​ដឹង​ថា​គេ​មាន​គម្រោង​បោក​នាង​ឡើយ។ Kanthicha បាន​បង្ហាញ​ភស្តុតាង​ដូច​ជា បណ្ណវេរលុយ សារ​ទាក់ទង​គ្នា ព្រម​ទាំង​រូបថត​បុគ្គល​ដែល​បោក​នាង​ផង​ដែរ។ ស្រី​ស្អាត​ដដែល​​ប្រាប់​ថា ខ្លួន​បាន​ព្យាយាម​ទាក់ទង​ទៅ​ច្រើន​ដង​តែ​មិន​បាន​សម្រេច​ឡើយ។ “គេ​បាន​សន្យាជាមួយ​ខ្ញុំ​រឿង​ជា​ច្រើន តែ​គេ​មិន​បាន​ធ្វើ​អ្វី​សោះ។ តាម​នេះ​ដែរ ខ្ញុំ​សូម​ផ្ដាំ​ទៅ​អ្នក​ទាំង​អស់​គ្នា កុំ​ឆាប់​ជឿ​សម្ដី​គេ​ពេក។ កុំ​ឲ្យ​ដូច​ខ្ញុំ​បាត់​លុយ​អស់​១៦​លាន​បាត​”។

Kanthicha Chimsiri ឆ្នាំ​នេះ​មាន​អាយុ​៣៦​ឆ្នាំ ហើយ​ធ្លាប់​តំណាង​ប្រទេស​ថៃ​ទៅ​ប្រលង​ក្នុង​កម្មវិធី Mrs Universe កាល​ពី​ឆ្នាំ​២០១៦។ ក្រៅ​អាជីព​ជា​តារា ស្ត្រី​រូប​នេះ​ក៏​ជា​អ្នក​ជំនួញ​ម្នាក់​ផង​ដែរ ដោយ​នាង​ល្បី​ឈ្មោះ​ខាង​មាន​ឡាន​ទំនើប​ជា​ច្រើន​គ្រឿង៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម