ដំណាក់​កាល​ស្នេហា​ទាំង​៥ មនុស្ស​ភាគ​ច្រើន​ឆ្លង​មិន​ផុត​ដំណាក់​កាល​ទី​៣

  • 2018-10-24 00:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

«គាត់/នាង មិន​សម​នឹង​ខ្ញុំ​ទេ» គឺ​ជា​ពាក្យ ដែល​យើង​តែង​ស្តាប់​លឺ នៅ​ពេល​ដែល​នរណា​ម្នាក់​បែក​បាក់​ស្នេហា។ ជួនកាល អ្នក​ប្រហែល​ជា​អាច​និយាយ​ពាក្យ​នេះ ប្រាប់​ខ្លួន​ឯង​ក៏​ថា​បាន។ មនុស្ស​ជាច្រើន តែង​មាន​ការ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​ស្នេហា​ពិត អាច​ប្រែ​ក្លាយ​ជា​ប្រេះស្រាំ​បន្តិច​ម្តងៗ រហូត​ដល់​ការ​បាក់​បែក​គ្នា​ទៅ​វិញ។  

ចម្ងល់​ទាំង​នេះ ត្រូវ​បាន​ស្រាយ​បំភ្លឺ ដោយ​ចិត្ត​វិទូ​ដ៏​ល្បីល្បាញ គឺ​លោក Jed Diamond ដែល​បាន​ឈាន​ដល់​ការ​សន្និដ្ឋាន បន្ទាប់​ពី​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ អស់​រយៈ​ពេល ៤០​ឆ្នាំ។ បញ្ហា​នោះ​គឺ​ដោយសារ​តែ ពួក​គេ​មិន​អាច​ឆ្លង​ផុត​ដំណាក់​កាល​ស្នេហា ទាំង​៥ ដោយ​មនុស្ស​ភាគ​ច្រើន ឆ្លង​មិន​ផុត​ដំណាក់​កាល​ស្នេហា​ទី​៣។  

តើ​ដំណាក់​កាល​ស្នេហា ទាំង​៥​នោះ មាន​អ្វី​ខ្លះ? ហើយ​មាន​អត្ថន័យ​យ៉ាង​ណា?  

១) ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍  

ការ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ គឺ​ជា​ដំណាក់​កាល​ដំបូង នៅ​ពេល​ដែល​អ្នក​កំពុង​រស់​ក្នុង​ក្តី​ស្រមៃ ដែល​ពោរពេញ​ដោយ​សុភមង្គល។ ដៃគូ​របស់​អ្នក បាន​ប្រែ​យ៉ាង​ឆាប់​រហ័ស ក្លាយ​ជា​មនុស្ស​ម្នាក់ ដែល​ល្អ​បំផុត​សម្រាប់​អ្នក។ គេ​មិន​មាន​គុណ​វិបត្តិ​អ្វី​ទាំង​អស់​នៅ​ក្នុង​កែវ​ភ្នែក​អ្នក។ អ្នក​ជឿជាក់​ថា គេ​អាច​នឹង​បំពេញ​រាល់​បំណង​របស់​អ្នក ហើយ​ជឿ​ជាក់​រាល់​ពាក្យ​សម្ដី ដែល​គេ​បាន​និយាយ។ អ្នក​បាន​ជឿ​ជាក់​យ៉ាង​ខ្លាំង លើ​អំណាច​នៃ​សេចក្តី​ស្រលាញ់ ដោយ​គ្មាន​ការ​សង្ស័យ​ណា​មួយ អាច​ធ្វើ​ឲ្យ​អ្នក​ឈប់ និង​គិត​ដោយ​ប្រុង​ប្រយ័ត្ន​បន្តិច​ឡើយ។  

រូបតំណាង

**២) ក្លាយ​ជា​គូ​ស្នេហ៍**

  នៅ​ក្នុង​ដំណាក់​កាល​នេះ សេចក្តី​ស្រលាញ់​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។ អ្នក​បាន​ស្គាល់​ចិត្ត​គ្នា​ច្រើន​ជាង​មុន ហើយ​វត្តមាន​របស់​អ្នក ចាប់​ផ្តើម​មាន​ឥទ្ធិពល​លើ​គ្រប់​ទិដ្ឋភាព​ទាំង​អស់ នៃ​ជីវិត​របស់​ដៃ​គូ​អ្នក។ វា​គឺ​ជា​ពេល​វេលា នៃ​ការ​រួប​រួម​គ្នា និង​សប្បាយ​រីករាយ។ បន្ទាប់ពី​ឆ្លង​កាត់​បាន​ច្រើន​ខែ ឬ​ឆ្នាំ អ្នក​ជឿជាក់​ថា អ្នក​បាន​រក​ឃើញ​មនុស្ស​ពិត​ប្រាកដ​ម្នាក់ ដែល​អាច​ដើរ​លើ​ផ្លូវ​ជីវិត​ជា​មួយ​អ្នក​បាន​ហើយ។

រូបតំណាង

៣) ស្គាល់ចិត្តគ្នាច្បាស់

  វា​គឺ​ជា​អំឡុង​ពេល​វេលា​មួយ ដែល​ក្តី​សង្ឃឹម​របស់​អ្នក ត្រូវ​បាន​រសាត់​ចេញ​ទៅ។ អ្នក​ចាប់​ផ្ដើម​ស្គាល់​ដៃ​គូ​កាន់​តែ​ច្បាស់ ​ដឹង​រាល់​អត្ថន័យ​នៃ​កាយវិការ​របស់​គេ និង​ដឹង​ពី​អ្វី​ដែល​គេ​កំពុង​គិត។ ដំណាក់កាល​នេះ​គូ​ស្នេហ៍​ភាគ​ច្រើន​មិន​អាច​ឆ្លង​ផុត ព្រោះ​ពួក​គេ​ចាប់​ផ្ដើម​មើល​ឃើញ​បញ្ហា​នានា​ដែល​ធ្វើ​ឲ្យ​ពួក​គេ​លែង​មាន​អារម្មណ៍​ជាមួយ​គ្នា និង​រស់​នៅ​ជាមួយ​គ្នា​ត​ទៀត​លែង​បាន។  

រូបតំណាង

៤) បង្កើត​ស្នេហា​ពិត និង​យូរ​អង្វែង

  ប្រសិន​បើ​អ្នក​ខិត​ខំ​ព្យាយាម និង​ពុះពារ​រាល់​ឧបសគ្គ បើ​ទោះ​បី​ជា​មាន​ការ​ស្ទាក់​ស្ទើរ នោះ​អ្នក​អាច​នឹង​ឆ្លង​ផុត ពី​ដំណាក់​កាល​ទី​៣។ នៅ​ក្នុង​ដំណាក់​កាល​ទី៤ នេះ ចិត្ត​របស់​អ្នក​ត្រូវ​បាន​ដោះ​លែង ចេញ​ពី​រូបភាព​បំភាន់​ភ្នែក និង​អារម្មណ៍​រវើរវាយ​ទាំង​នោះ។ ដៃ​គូ​របស់​អ្នក មិន​មែន​ជា​មនុស្ស​ដែល​អ្នក​បាន​ស្រមៃ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​មនុស្ស​ពិត​ប្រាកដ​ម្នាក់ ដែល​អាច​ដើរ​លើ​ផ្លូវ​ជីវិត ជា​មួយ​អ្នក​បាន ហើយ​វា​ក៏​ជា​ពេល​វេលា សម្រាប់​ព្យាបាល​របួស​ស្នាម និង​បន្ត​ដំណើរ​ទៅ​ដំណាក់​កាល​ចុង​ក្រោយ ផង​ដែរ។  

រូបតំណាង

៥) ប្រើ​ថាមពល​ស្នេហា​ដើម្បី​ផ្លាស់​ប្តូរ​ពិភពលោក

  នៅ​ក្នុង​ដំណាក់​កាល​ទី​៥ នេះ អ្នក​ដឹង​ថា អ្នក​បាន​រៀន​ពី​ការ​ពុះពារ និង​ជំនះ​លើ​ការ​ខ្វែង​គំនិត​គ្នា ហើយ​រក​ឃើញ ទំនាក់​ទំនង​ដ៏​ជ្រាល​ជ្រៅ ខ្លាំង​ក្លា និង​យូរ​អង្វែង​មួយ។ អ្នក​អាច​សន្និដ្ឋាន​ថា ថាមពល​ស្នេហា​រវាង​អ្នក​ទាំង​២ អាច​នឹង​ផ្លាស់​ប្តូរ​អ្វី​មួយ នៅ​ក្នុង​ពិភពលោក​នេះ។ ពេលនោះ អ្នក​អាច​នឹង​ខិតខំ​ពុះពារ ឆ្លង​កាត់​អ្វី​មួយ​ជា​មួយ​គ្នា រហូត​ដល់​ទី​បញ្ចប់ ហើយ​និយាយ​ថា «គាត់/នាង សក្ដិ​សម​នឹង​ដើរ​លើ​ផ្លូវ​នេះ​ជាមួយ​ខ្ញុំ»៕

រូបតំណាង

ប្រភព៖ Brightside ប្រែសម្រួល៖ សេង ឡុង

អត្ថបទថ្មី