របប​អាហារ​សំខាន់ៗ​សម្រាប់​កូន​តូច​ចេះ​ដើរ​តេះតះ ឱ្យ​​ខួរ​ក្បាល​ឆ្លាត​វៃ មិន​ងាយ​ឈឺ

  • 2018-10-11 06:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ កូន​តូច​ក៏​ត្រូវ​ការ​ចាំបាច់​នូវ​របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​បំប៉ន​រាង​កាយ និង​ប្រាជ្ញា​ស្មារតី។ ហេតុ​នេះ​ហើយ អ្នក​ម្ដាយ​ត្រូវ​គិត​គូរ​ឱ្យ​បាន​ល្អិត​ល្អន់​ មុន​នឹង​សម្រេច​ចិត្ត​ផ្ដល់​អាហារ​បន្ថែម​ទៅ​ដល់​កូន​តូច ជា​ពិសេស​កូន​ៗ​ដែល​ទើប​ចេះ​ដើរ​តេះតះ​ ព្រោះ​ដំណាក់កាល​នេះ​អាច​ឱ្យ​នាំ​កូន​ឈឺ​យ៉ាង​ងាយ បើ​មិន​ប្រុង​ប្រយ័ត្ន។

តាម​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ ​ដើម្បី​ជំនួស​ឱ្យ​កូន​តូច​​ញ៉ាំ​ថ្នាំ​វីតាមីន​ផ្ទាល់ អ្នក​ម្ដាយ​គួរ​តែ​ជ្រើស​រើស​វិធី​ផ្ដល់​សារធាតុ​វីតាមីន​ចម្រុះ ឬ​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៅ​កូន​ដោយ​ប្រើ​របប​អាហារ​វិញ​។

១. ជាតិ​ដែក៖

ជា​សារធាតុ​សំខាន់​សម្រាប់​ការ​លូត​លាស់​ផ្នែក​ខួរ​ក្បាល​របស់​ទារក។ យោង​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​រក​ឃើញ​ថា បរិមាណ​ជាតិ​ដែក​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​អាច​មាន​ចំនួន​មិន​ច្រើន​ដូច​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ការ​បំបៅ​ដោះ​កូន​សម្រាប់​ប៉ុន្មាន​ខែ​ដំបូង​គឺ​ពិត​ជា​អាច​ផ្ដល់​បរិមាណ​ជាតិ​ដែក​ដល់​ទារក​បាន​គ្រប់​គ្រាន់​ រហូត​ដល់​ពេល​ទារក​អាច​ញ៉ាំ​អាហារ​បន្ថែម​ឬ​អាហារ​រឹង​ៗបាន។

ដូច្នេះ​ដើម្បី​បន្ថែម​សារធាតុ​ដែក​ដល់​កូន​ឱ្យ​បាន​​គ្រប់​គ្រាន់ ឬ​សម្រាប់​អ្នក​ម្ដាយ​ដែល​មិន​អាច​បន្ត​បំបៅ​ដោះ​កូន​បាន​យូរ គួរ​តែ​ជ្រើស​រើស​ម្សៅ​ទឹក​ដោះ​គោ​ណា​ដែល​អាច​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​មុខ​ និង​មាន​សុវត្ថិភាព​សម្រាប់​សុខភាព​កូន​តូច​បាន និង​កុំ​ភ្លេច​បន្ថែម​លើ​ការ​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ដូច​ជា ផ្លែ​បឺរ ដំឡូង​ដុត ផ្កា​ខាត់​ណា​ខៀវ ពង​មាន់​ពង​ទា សណ្ដែក​សៀង និង​ស្ពៃ​ខៀវ​ជា​ដើម។

ជា​គោល​ការណ៍​ ទារក​ចាប់​ពី​ ៧​ខែ ដល់​១​ខួប ​ត្រូវ​ការ​ជាតិ​ដែក​​​ក្នុង​បរិមាណ​ ១១​ម.ក្រ ក្នុង​មួយ​ថ្ងៃ ហើយ​ចាប់​ពី​ ១​ខួប ដល់​៣​ខួប​ ​ត្រូវ​ការ​ ៧​ម.ក្រ​ ក្នុង​មួយ​ថ្ងៃ។

២. កាល់​ស្យូម

ជំនួយ​ដល់​ការ​លូតលាស់​ឆ្អឹង និង​ជួយ​កូន​តូច​ឱ្យ​មាន​ឆ្អឹង​រឹង​មាំ ជា​ពិសេស​សម្រាប់​កូន​ដែល​ទើប​ចេះ​ដើរ​តេះតះ​មិន​ឱ្យ​ងាយ​បាក់​ឆ្អឹង ពេល​ដើរ​ដួល ឬ​ធ្លាក់​ពី​កន្លែង​ណា​មួយ។ ជាតិ​កាល់ស្យូម​សម្បូរ​នៅ​ក្នុង​ទឹក​ដោះ​គោ ប៉ុន្តែ​ទារក​អាយុ​ក្រោម​១​ឆ្នាំ មិន​គួរ​ញ៉ាំ​ទឹក​ដោះ​គោ​ស្រស់ ឬ​ក្រៅ​ពី​ប្រភេទ​ម្សៅ​ទឹក​ដោះ​គោ​ឡើយ។

ក្រៅ​ពី​នេះ​ ពេល​កូន​តូច​លូតលាស់​លើស​ពី​អាយុ​១​ឆ្នាំ​ហើយ អ្នក​ម្ដាយ​អាច​បន្ថែម​បន្លែ​មួយ​ចំនួន​ទៅ​ក្នុង​របប​អាហារ​ដែល​ជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម​ដូច​ជា ត្រី​សាល់ម៉ុន ទឹក​ក្រូច​ច្របាច់ តៅហ៊ូ ផ្កា​ខាត់​ណា​ខៀវ ឬ​ប៉េងប៉ោះ។

៣. វីតា​មីន A, D, E និង K

វីតាមីន​ A ជួយ​ភ្នែក និង​ការ​មើល ព្រម​ទាំង​​ធ្វើ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ។ ចំណែក​វីតាមីន D សម្រួល​ដល់​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម និង​ការ​លូតលាស់​របស់​ឆ្អឹង។ វីតាមីន​ E ​ប្រឆាំង​អុកស៊ីតកម្ម ជំនួយ​ការ​លូតលាស់​របស់​កោសិកា ការ​ប្រព័ន្ធ​រំញោច រីឯ​វីតាមីន K ​ជួយ​ដល់​មុខ​ងារ​កំណក​ឈាម​ឱ្យ​ដំណើរ​ការ​បាន​ល្អ។

ក្រៅ​ពី​ការ​បំបៅ​ដោះ​ម្ដាយ ការ​ប្រើ​ម្សៅ​ទឹក​ដោះ​គោ និង​ទឹក​ដោះ​គោ​ (សម្រាប់​កូន​អាយុ​លើស​ពី​១​ឆ្នាំ​) ដែល​ជា​ប្រភព​នៃ​វីតាមីន​ A​ រួច​ហើយ​នោះ អ្នក​ម្ដាយ​ក៏​អាច​ជ្រើស​រើស​របប​អាហារ​ដែល​មាន​បន្លែ​ដូច​ជា ការ៉ុត ដំឡូង​ជ្វា និង​ផ្កា​ខាត់​ណា​ខៀវ​បាន​ផង​ដែរ។ វីតាមីន​ D មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ស្រស់ ស៊ុត​លឿង និង​ត្រី។ រី​ឯ​វីតាមីន​ E សម្បូរ​នៅ​ក្នុង​​អាហារ​ដូច​ជា ប្រេង​បន្លែ និង​គ្រាប់​ធញ្ញជាតិ។​ ចំណែក​​ទឹក​ដោះ​គោ​ស្រស់ បន្លែ​ស្លឹក ប្រេង​សណ្ដែក​គឺ​ជា​ប្រភព​ថាមពល​នៃ​វីតាមីន​ K ។

៤. វីតាមីន​ C និង B

វីតាមីន​ C ជំនួយ​ដល់​ការ​ស្រូប​ជាតិ​ដែក​ និង​ជួយ​ការពារ​ជំងឺ​​ឡើង​ជាំ​លើ​រាងកាយ។ រី​ឯ​វីតាមីន B រួម​ជាមួយ​នឹង​អាស៊ីត​ហ្វូលិក ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ប្រព័ន្ធ​រំញោច​ ​ជួយ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ និង​ចលនា​សាច់ដុំ បង្កើន​ការ​លូតលាស់​នៃ​កោសិកា និង​សម្រួល​ការ​រំលាយ​អាហារ​ក្នុង​រាងកាយ។

​ដូច្នេះ​ដើម្បី​ផ្ដល់​ឱ្យ​កូន​តូច​នូវ​វីតាមីន​២​មុខ​នេះ​បាន​គ្រប់​គ្រាន់ អ្នក​ម្ដាយ​គួរ​បន្ថែម​អាហារ​ដូច​ជា ប៉េងប៉ោះ ស្ត្រូបឺរី ក្រូច​ឆ្មារ ត្រសក់​ស្រូវ និង​ដំឡូង​ដែល​ជា​ប្រភព​នៃ​វីតាមីន​C។ ចំណែក​អាស៊ីត​ហ្វូលិក មាន​នៅ​ក្នុង​បន្លែ​បៃតង ​គ្រាប់​ធញ្ញជាតិ និង​នំប៉័ង។ វីតាមីន​ B ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​​អង្ករ​សម្រូប ចេក សណ្ដែក ស៊ុត សាច់​ក្រហម សាច់​មាន់​សាច់​ទា និង​ត្រី​ជា​ដើម៕

ចុចអាន៖ អាហារ​តាម​ត្រីមាស​នីមួយៗ អ្នក​ម្ដាយ​មិន​គួរ​រំលង បើ​ចង់​ឱ្យ​កូន​កើត​មក​ស្អាត ឆ្លាត គ្រប់​លក្ខណៈ

ចុចអាន៖ ងាយៗជួយអ្នកម្តាយរកបានម្សៅដោះគោល្អបំផុតសម្រាប់កូនតូចសំណ​ព្វចិត្ត​

ប្រភព៖ parentinghealthybabies ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម