បើ​រាល់​ថ្ងៃ​មាន​ចំណុច​នេះ​ គឺ​អ្នកកំពុង​ស្រឡាញ់​គេ​ខ្លាំង​ជាង​ខ្លួន​ឯង​ហើយ

  • 2018-09-30 06:15:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហាដ៏​ល្អ​មួយ​គឺ​ជា​ការ​ស្រឡាញ់​ទៅវិញ​ទៅ​មក​ដោយ​មិន​ឲ្យ​អ្នក​ណា​លើស​ជាង​អ្នក​ណា ព្រោះ​បើ​អ្នក​ណា​ម្នាក់​ស្រឡាញ់​លើស​ជាង​ម្ខាង​ទៀត​ម្នាក់​នោះ​នឹង​ងាយ​រង​ការ​ឈឺចាប់​។ បើ​រាល់​ថ្ងៃ​អ្នក​មាន​ចំណុច​នេះ​នោះ​អ្នក​គឺ​កំពុង​ស្រឡាញ់​គេ​ខ្លាំង​ជាង​ខ្លួន​ឯង​ហើយ ដូច្នេះ​គួរ​តែ​គិត​មើល​ឡើង​វិញ​ថា​គួរ​បន្ត​បែប​នេះ​ទៀត​ទេ ៖

១. អ្នក​អាច​បោះបង់​គ្រប់​យ៉ាង​ដើម្បី​គេ

ពេល​ខ្លះ​ទោះ​អ្នក​កំពុង​ធ្វើ​អ្វី​ក៏​ដោយ​ឲ្យ​តែ​ឮ​គេ​មាន​រឿង គេ​មិន​សប្បាយ​គឺ​អ្នក​អាច​ទុក​ការងារ​ មិត្តភ័ក្ដិ ​ឬ ​គ្រួសារ​​មួយ​ឡែក​ដើម្បី​ទៅ​ជួប​គេ​ ទៅ​ជួយ​គេ​ហើយ។ នេះ​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​គេ​សំខាន់​ជាង​អ្វី​ដែល​អ្នក​កំពុង​មាន​ទៅ​ទៀត។

រូបតំណាង

**២. ផ្ញើ​សេចក្ដី​សុខ​ខ្លួន​ឯង​នៅ​នឹង​គេ**

គេ​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​ជីវិត​អ្នក ព្រោះ​ពេល​ណា​គេ​ល្អ​ដាក់​អ្នក​ក៏​សប្បាយ​ចិត្ត ហើយ​ពេល​ណា​គេ​ទុក​អ្នក​ចោល មិន​ខ្វល់​ពី​អ្នក​នោះ​អ្នក​ក៏​ពិបាក​ចិត្ត ដេក​កើត​ទុក្ខ​តែ​ឯង។ ទាំង​នេះ​គឺ​អ្នក​បាន​យក​សេចក្តី​សុខ​របស់​ខ្លួន​ទៅ​ផ្ញើ​នឹង​គេ​ហើយ ព្រោះ​ខ្លួន​ឯង​មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​រីករាយ​បាន។

៣. សុំ​ត្រឹម​ឃើញ​គេ​ញញឹម​ទោះ​ខ្លួន​ឯង​ពិបាក​ក៏​ដោយ

មាន​ពេល​ខ្លះ​អ្នក​អាច​ធ្វើ​រឿង​ជា​ច្រើន​ដើម្បី​គេ​ដោយ​មិន​ដែល​ទាមទារ​អី​មក​វិញ​ឡើយ​គឺ​សុំ​ត្រឹម​តែ​គេ​សប្បាយ​ចិត្ត គេ​ញញឹម​ទៅ​បាន​ហើយ។ អ្នក​អាច​លែង​ខ្វល់​ពី​តម្រូវ​ការ​ខ្លួន​ឯង​​ហើយ​ទៅ​បំពេញ​តម្រូវ​ការ​គេ​ទាំង​ពេល​ខ្លះ​គេ​មិន​ទាមទារ​ក៏​អ្នក​ឲ្យ​គេ​ដែរ។

៤. សម្រប​ខ្លួន​តាម​គេ​ជានិច្ច

គេ​មិន​ចូលចិត្ត​អី​អ្នក​ក៏​សម្រប​តាម​គេ​សុខ​ចិត្ត​ទៅ​តាម​គេ ហើយ​លះ​បង់​ការ​ចូលចិត្ត​របស់​អ្នក។ ជាក់ស្ដែង​ដូច​ពេល​ទៅ​មើល​កុន អ្នក​ចូលចិត្ត​មើលរឿងបែប Action ហើយ​គេ​ចូល​ចិត្ត​បែប​កំប្លែង​ អ្នក​ក៏​សុខ​ចិត្ត​កំដរ​គេ​មើល​ទាំង​ខ្លួន​មិន​ចូល​ចិត្ត។

៥. ផ្ដល់​ឱកាស​ម្ដង​ជា​ពីរដង

ទោះ​គេ​ខុស​ប៉ុណ្ណា​ក៏​អ្នក​នៅ​តែ​អធ្យាស្រ័យ​ លើកលែង​ឲ្យ​គេ​ដែរ។ អ្នក​នៅ​តែ​គិត​ថា​គេ​អាច​កែ​ប្រែ​អ្វី​ដែល​ធ្លាប់​ឆ្គាំឆ្គង​មក​លើ​អ្នក​ទាំង​ដែល​អ្នក​ជួប​រឿង​ខក​ចិត្ត​នោះ​ជា​ច្រើន​ដង​ទៅ​ហើយ។

៦. ប្រាប់​គេ​គ្រប់​រឿង​

មិន​ថា​រឿង​តិចតួច​ក៏​អ្នក​ប្រាប់​គេ​ដែរ អ្នក​តែង​ពិភាក្សា​និង​ចង់​ឲ្យ​គេ​គិត​គូរ​វា​ជា​មួយ​អ្នក។ លើស​ពី​នេះ​ទៅ​ណា​មក​ណា​អ្នក​តែង​ផ្ដល់​ដំណឹង​ឲ្យ​គេ​ជានិច្ច​ទោះ​គេ​មិន​បាន​សួរ​ក៏​ដោយ ព្រោះ​អ្នក​ខ្លាច​គេ​បារម្ភ​ ខ្លាច​គេ​ខឹង​នឹង​អ្នក​ ទាំង​ពេល​ខ្លះ​គេ​មិន​ចង់​ដឹង​ក៏​មាន​ដែរ។

រូបតំណាង

ពេល​ខ្លះ​ស្នេហា​បើ​អ្នក​ស្រឡាញ់​គេ​លើស​ខ្លួន​ឯង​នោះ អ្នក​នឹង​រង​ការ​ឈឺចាប់​ខ្លាំង​ជាង​គេ។ ត្រូវ​ចាំ​ថា​ទោះ​ស្រឡាញ់​គេ​ប៉ុណ្ណា​ក៏​ដោយ​ក៏​មិន​ត្រូវ​ភ្លេច​ស្រឡាញ់​ខ្លួន​ឯង​ដែរ៕

ចុចអាន៖ពេល​មនុស្ស​ស្រី​លង់​ស្រលាញ់​បុរស​ណា​​ម្នាក់ នាង​នឹង​ក្លាយ​ទៅ​ជា​បែប​នេះ

ប្រភព៖ bolde ប្រែសម្រួល៖ ផេង ផលធីតា

អត្ថបទពេញនិយម