ហេតុផល​​បង្ហាញ​ថា​មនុស្ស​កាន់​តែ​អួត គឺ​កាន់​តែ​ល្ងង់ កាន់​តែ​គ្មាន​តម្លៃ

  • 2018-09-21 08:17:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មួយ​ក្នុង​ចំណោម​​ប្រភេទ​មនុស្ស​ដែល​ហត់​នឿយ​បំផុត​ក្នុង​លោក គឺ​មនុស្ស​ពូកែ​អួត។

ភាព​ពូកែ​អួត នឹង​ធ្វើ​ឲ្យ​កើត​សេចក្ដី​លោភ ហើយ​សេចក្ដីលោភ (ហួសប្រមាណ) នឹង​នាំ​ឲ្យ​មាន​ការ​បៀតបៀន​ដល់​អ្នក​ដទៃ។ “ចូលចិត្ត​អួត​ភាព​មានបាន” ក៏​មាន​ន័យ​ថា​មាន​ចិត្ត​លោភ​ចង់​បាន​​មាស​ប្រាក់​ ប៉ុន្តែ​មិន​មែន​ដើម្បី​ឲ្យ​ជីវិត​ប្រសើរ​ឡើង​នោះ​ទេ ប៉ុន្តែ​គឺ​ត្រូវ​ការ​ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​ឃើញ និង​បង្កើត​អំនួត​សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ។

រូបតំណាង

**ឈប់​អួត​​ថា​ខ្លួន​មាន​លុយ អួត​ថា​ខ្លួន​ពូកែ ឬ​អួត​ថា​ខ្លួន​ឆ្លាត​ទៀត​ទៅ**

មនុស្ស​ដែល​ចេះ​ស្កប់ស្កល់​នឹង​ខ្លួន​ឯង មិន​ចាំបាច់​ត្រូវ​និយាយ​ប្រាប់​គេ​ឯង​ថា​ខ្លួន​ស្កប់ស្កល់​នោះ​ទេ ប៉ុន្តែ​មាន​តែ​មនុស្ស​ខ្វះខាត​ទៅ​វិញ​ទេ ដែល​ត្រូវ​អួត​ដើម្បី​បិទបាំង​អ្នក​ដទៃ​កុំ​ឲ្យ​ដឹង​ថា​ខ្លួន​ខ្វះ​អ្វី​ដែល​កំពុង​អួត​នោះ។

អ្នក​ជំនាញ​ផ្នែក​​ចិត្តសាស្ត្រ​បាន​បក​ស្រាយ​ថា អ្នក​ដែល​ចូល​ចិត្ត​អួត​ពី​អ្វី គឺ​រមែង​ខ្វះ​ខាត​នូវ​ចំណុច​នោះ​កាល​ពី​មុន។ ក៏​មិន​ខុស​គ្នា​ដែរ បើ​បក​ស្រាយ​ក្នុង​ផ្លូវ​ពុទ្ធសាសនា​វិញ ការ​អួត គឺ​ជា​ការ​​បង្ហាញ​អ្វី​ដែល​លើស​ពី​ការ​ពិត។ ដូច​បញ្ជាក់​ខាង​លើ វា​គឺ​ជា​ការ​បំពេញ​អំនួត​សម្រាប់​ខ្លួន​ឯង អ្នក​កាន់​តែ​អួត​ច្រើន​ប៉ុណ្ណា ក្នុង​ចិត្ត​អ្នក​ក៏​ប្រៀប​ដូច​ជា​មាន​ព្យុះ​ដែល​គ្មាន​ថ្ងៃ​ស្ងប់​ដូច្នោះ​ដែរ។

ក្ដី​សុខ​ក្លែងក្លាយ​របស់​មនុស្ស​ពូកែ​អួត គឺ​ការ​មាន​អារម្មណ៍​ខ្លួន​បាន​នៅ​លើ​អ្នក​ដទៃ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត

យើង​អាច​មាន​មោទនភាព​នឹង​ខ្លួន​ឯង​បាន ប៉ុន្តែ​កុំ​ឈ្លក់​វង្វេង​នឹង​ខ្លួន​ឯង ព្រោះ​ការ​ឈ្លក់វង្វេង​នឹង​ខ្លួន​ឯង​នេះ​បាន​សម្លាប់​មនុស្ស​ពូកែ និង​មនុស្ស​ល្អ​អស់​ច្រើន​អ្នក​ហើយ។ អ្នក​កាន់​តែ​គិត​ថា​ខ្លួន​ឯង​ឥតខ្ចោះ​ប៉ុណ្ណា អ្នក​ក៏​មាន​ការ​ប្រឈម​កាន់​តែ​ខ្ពស់​នឹង​​ការ​មើល​លែង​ឃើញ​ក្បាល​អ្នក​ដទៃ។ នេះ​គឺ​ជា​រឿង​ពិត ព្រោះ​កិលេស​វា​តែង​មាន​គ្នា​របស់​វា នៅ​ពេល​វា​ចូល​ក្នុង​ខ្លួន​យើង​បាន​មួយ​ហើយ វា​នឹង​​ទាញ​គ្នា​​វា​ចូល​មួយ​ហើយ​មួយ​ទៀត ហើយ​ដល់​ពេល​ធ្ងន់​បំផុត​គឺ​លើក​ជាទ័ព​ចូល​មក​តែ​ម្ដង។ ​និយាយ​ក្នុង​ន័យ​ត្រង់​យើង​នឹង​ឃើញ​ថា ស្ទើរ​តែ​មិន​អាច​ទៅ​រួច​ឡើយ​ដែល​ មនុស្ស​ឈ្លក់​វង្វេង​នឹង​ខ្លួន​ឯង​មិន​មើល​ងាយ​អ្នក​ដទៃ ហើយ​ចរិត​មើល​ងាយ​អ្នក​ដទៃ​​នឹង​នាំ​មក​នូវ​ចរិត​ចូល​ចិត្ត​ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ។ នៅ​ពេល​ចរិត​​ប្រៀបធៀប​​អ្នក​ដទៃ​​​ចូល​មក វា​ក៏​នឹង​នាំ​ចរិត​វាយ​តម្លៃ​អ្នក​ដទៃ​មក​ជាមួយ​។ មើល​ទៅ​អ្នក​នេះ​ក៏​មិន​ល្អ មើល​ទៅ​អ្នក​នោះ​ក៏​មិន​ឆ្លាត ធ្វើ​បែប​នេះ​មិន​ល្អ ធ្វើ​បែប​នេះ​ក៏​មិន​កើត ចុង​ក្រោយ​ក៏​ត្រូវ​បាត់បង់​​មិត្តភាព និង​ក្ដី​សុខ​អស់ ព្រោះ​តែ​មិន​អាច​ធ្វើ​ជា​មនុស្ស​សាមញ្ញ​ដូច​​គេ​ឯង​បាន។

រូបតំណាង

ការ​ពិត​មនុស្ស​កាន់​តែ​ពូកែ​ប៉ុណ្ណា គឺ​កាន់​តែ​ចេះ​ដាក់​ខ្លួន​ប៉ុននោះ។ ការ​ចេះ​ដាក់​ខ្លួន​នេះ​ហើយ​គឺ​ជា​ការ​ទប់​ទំងន់​ ធ្វើ​ឲ្យ​ជើង​របស់​យើង​មិន​ហោះ​អណ្ដែត​ផុត​ពី​ដី​ដោយ​សារ​កិលេស​តណ្ហា​​របស់​យើង។

សរុប​សេចក្ដី​មក ការ​មើល​ឃើញ​តម្លៃ​របស់​ខ្លួន​ឯង​មិន​មែន​ជា​រឿង​ខុស​ឡើយ ហើយ​វា​ជា​អ្វី​ដែល​យើង​គួរ​តែ​ធ្វើ​ផង ប៉ុន្តែ​កុំ​ឲ្យ​វា​រាលដាល​ហួសហេតុ​ ដល់​ថ្នាក់​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ដែល​ឈ្លក់​វង្វេង​នឹង​ខ្លួន​ឯង ព្រោះ​មនុស្ស​ដែល​ឈ្លក់​វង្វេង​ខ្លួន​ឯង គឺ​មនុស្ស​ដែល​ចាញ់​ខ្លួន​ឯង ហើយ​បើ​យើង​ចាញ់​ខ្លួន​ឯង យើង​នឹង​ចាញ់​អ្វី​ៗ​គ្រប់​យ៉ាង ៕

ចុចអាន៖

ប្រភព៖ verrysmilejung ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម