មនុស្ស​ស្រី​​មិន​​ចូលចិត្ត Makeup នឹង​ទទួល​បាន​អត្ថប្រយោជន៍ ៦យ៉ាង​នេះ

  • 2018-09-14 09:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាល់​ថ្ងៃ​​នេះ ងាក​ទៅ​ខាង​ណា​ក៏​ឃើញ​តែ​មនុស្ស​ស្រី​ផាត់​មុខ​​ទាំង​អស់​ ដែល​ធ្វើ​ឲ្យ​ភាព​ជឿជាក់​របស់​មនុស្ស​ស្រី​មិន​ផាត់​មុខ​ត្រូវ​ធ្លាក់​ចុះ និង​​ក្លាយ​ជា​ក្រុម​ភាគ​តិច​ទៅ​វិញ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ការ​មិន​ផាត់​មុខ ក៏​ផ្ដល់​នូវ​អត្ថប្រយោជន៍​ច្រើន​ដែរ​សម្រាប់​មនុស្ស​ស្រី តួ​យ៉ាង​ដូច​ជា ៦​ចំណុច​ខាង​ក្រោម​នេះ៖

១. ចំណេញលុយ

ច្បាស់​ណាស់​ មនុស្ស​ស្រី​ដែល​មិន​ Makeup តែង​អាច​សន្សំ​លុយ​បាន​ច្រើន​ជាង​អ្នក​ដែល​ Makeup ជា​ប្រចាំ ព្រោះ​គ្រឿង Makeup មួយ​មុខ​ៗ​បើ​គិត​ជា​លុយ​បូក​ចូល​គ្នា មិន​មែន​តិច​ទេ។ ដូច្នេះ​បើ​យើង​គ្មាន​ទម្លាប់​ផាត់​មុខ យើង​នឹង​អាច​យក​លុយ​ទាំង​នេះ​ទៅ​ប្រើប្រាស់​អ្វី​ផ្សេង​បាន​ច្រើន។

២. ចំណេញពេល​វេលា

ស្រី​ៗ​ដែល​មិន​ផាត់​មុខ​អាច​មិន​បាច់​ប្រញាប់​គេង​ពី​ព្រលឹម​ពេក​ក៏​បាន ព្រោះ​មិន​បាច់​ចំណាយ​ពេល​សម្រាប់​ការ​តុបតែង​មុខ។ ប្រុស​ៗ​ដែល​ណាត់​ទៅ​ណា​មក​ណា​ក៏​មិន​បាច់​ព្រួយ​បារម្ភ​ថា​ត្រូវ​ចាំ​យូរ​ដែរ។ មុន​ពេល​ចូល​គេង គ្រាន់​តែ​លាង​មុខ​ធម្មតា​ៗ​ក៏​រួច​ស្រេច​ទៅ​ហើយ មិន​បាច់​ចំណាយ​ពេល​ជូត​លាង​ម្សៅ​ក្រែម​ឲ្យ​ស្មុគស្មាញ​ឡើយ។

៣. មិន​សូវ​មាន​បញ្ហា​រឿង​មុន

គ្រឿង​សម្អាង​គឺ​ជា​មូលហេតុ​មួយ​ដែល​បណ្ដាល​ឲ្យ​មុខ​កើត​មុន ឬ​ជាំ​ផ្សេង​ៗ ព្រោះ​ថា​បើ​យើង​លាង​សម្អាត​វា​ចេញ​មិន​បាន​ល្អ សារធាតុ​គីមី​ពី​គ្រឿង​សម្អាង​ទាំង​នោះ​នឹង​កក​ស្ទះ​ជាប់​ក្នុង​ស្បែក​ ធ្វើ​ឲ្យ​ស្បែក​រលាក ឬ​កើត​មុន​បាន។

៤. មុខ​មិន​ជ្រួញ​ចាស់​ជាង​វ័យ

ដោយ​សារ​មនុស្ស​ស្រី​ដែល​មិន​ផាត់​មុខ​មិន​មាន​សារធាតុ​គីមី​ជាប់​កក​នៅ​ស្បែក​មុខ​ ដូច្នេះ​ពួក​គេ​ក៏​មិន​សូវ​មាន​អ្វី​រំខាន​ស្បែក​ ធ្វើ​ឲ្យ​ស្បែក​ជ្រួញ​ចាស់​ជាង​វ័យ​ប៉ុន្មាន​ដែរ។ ការ​មិន​ផាត់​មុខ ក៏​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​មិន​បាច់​ប៉ះ​ជក់ និង​ប៉ុង​ផាត់​មុខ ដែល​ជា​ប្រភព​បាក់​តេរី និង​ធ្វើ​ឲ្យ​រន្ធញើស​កាន់​តែ​ធំ​នោះ​ដែរ។

៥. មិន​រលាក​ភ្នែក

បញ្ហា​ដែល​ស្រី​ៗ​ Makeup ជួប​ប្រទះ​ច្រើន​ដែរ​នោះ​គឺ​​បញ្ហា​ក្រហាយ និង​អាច​ឈាន​ដល់​​រលាក​ភ្នែក ​ដោយ​សារ​សារធាតុ​គីមី​ក្នុង​​គ្រឿង​សម្អាង​ប្រភេទ​ខ្លះ​ដែល​ប្រើ​ប្រាស់​នៅ​បរិវេណ​ជុំវិញ​ភ្នែក​នោះ ដូច​ជា Mascara, Eyeliner ជាដើម។

៦. ចង់​យំ​ពេល​ណា​ក៏​បាន

នៅ​ពេល​មើល​រឿង​អ្វី​កម្សត់​ៗ ឬ​ខូច​ចិត្ត​រឿង​អ្វី​មួយ​​ចង់​យំ គឺ​អាច​យំ​បាន ដោយ​មិន​បាច់​បារម្ភ​ថា​គ្រឿង​សម្អាង​នឹង​រលាយ​ប្រតេកប្រតាក​ឡើយ។ ដូច្នេះ​នៅ​ពេល​ទៅ​មើល​កុន​ជាមួយ​មិត្តភ័ក្ដិ​អី ពេល​មើល​ឈុត​កម្សត់​ៗ យើង​ក៏​មិន​បាច់​ទប់​ទឹក​ភ្នែក​នាំ​ពិបាក ឬ​ត្រូវ​ឆែក​មុខ​ថា​មាន​ប្រឡាក់​ម៉ាស្ការ៉ា​អី​ដែរ ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម