អូតែស​ស្រី​ត្រូវ​បណ្តេញ​ចេញ​ពី​ការងារ ក្រោយ​មិត្ត​ប្រុស​សុំ​នាង​រៀបការ​លើ​យន្តហោះ (វីដេអូ)

  • 2018-09-14 07:19:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 30

ចន្លោះមិនឃើញ

វីដេអូ​ឃ្លិប​មួយ​ខ្សែ​ដែល​ត្រូវ​បាន​បង្ហោះ និង​ចែកចាយ​ពាសពេញ​បណ្ដាញ​អ៊ីនធឺណិត កាល​ពី​ខែ​ឧសភា​កន្លង​ទៅ បាន​បង្ហាញ​ឲ្យ​ឃើញ អ្នកដំណើរ​ប្រុស​ម្នាក់​បាន​លត់​ជង្គង់​សុំ​មិត្ត​ស្រី​ដែល​ជា​អូតែស​ធ្វើ​ការ​លើ​យន្តហោះ​រៀបការ។

ក្រោយ​យល់​ព្រម​ជាមួយ​មិត្ត​ប្រុស​របស់​ខ្លួន អូតែស​ស្រី​រូប​នេះ​បាន​និយាយ​តាម​ប្រព័ន្ធ​ប្រកាស​ព័ត៌មាន​លើ​យន្តហោះ ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង Xi An ទៅ Yinchuan ថា «ខ្ញុំ​ពិត​ជា​មិន​ដឹង​សោះ​ថា មិត្ត​ប្រុស​របស់​ខ្ញុំ​នឹង​សុំ​ខ្ញុំ​រៀបការ​លើ​យន្តហោះ​បែប​នេះ... អរគុណ​អ្នក​ទាំងអស់​គ្នា​សម្រាប់​ការ​ធ្វើ​ជា​សាក្សី​របស់​ខ្ញុំ»។

ផ្ទុយទៅវិញ ក្រុមហ៊ុន​អាកាស China Eastern Airlines ដែល​នារី​អូតេស​ខាង​លើ​ធ្វើ​ការ​ឲ្យ ហាក់​បី​ដូច​ជា​មិន​រំភើប​នឹង​រឿង​នេះ​ឡើយ។ បើ​យោង​តាម​របាយការណ៍​របស់​ទូរទស្សន៍ Liaoning TV កាល​ពី​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ២០១៨ កន្លងទៅ ក្រុមហ៊ុន​នេះ​បាន​បណ្ដេញ​នារី​អូតេស​ខាង​លើ​ចេញ​ពី​ការងារ ដោយ​អះអាង​ថា នាង​មិន​យក​ចិត្ត​ទុក​ដាក់​លើ​សុវត្ថិភាព​អ្នកដំណើរ។

ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន​បាន​ថ្លែង​ថា ការ​សុំ​រៀបការ​ពេល​កំពុង​ហោះហើរ បណ្ដាល​ឲ្យ​មាន​ការ​រំខាន និង​ជា​ទង្វើ​គ្មាន​ការ​ទទួល​ខុស​ត្រូវ ដែល​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​របស់​អ្នកដំណើរ៕


ប្រភព៖ Sabay News ប្រែសម្រួល៖ សេង ឡុង