៣​ខែ​ជិត​សម្រាល អ្នក​ម្ដាយ​គួរ​ដឹង​រឿង​ដែល​គួរ និង​មិន​គួរ​​ធ្វើ​ ទើប​កូន​កើត​មក​សុខភាព​ល្អ

  • 2018-09-11 03:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​កាន់​តែ​ជិត​​ដល់​ថ្ងៃ​សម្រាល ស្ត្រី​នឹង​ជួប​ប្រទះ​បញ្ហា​ពិបាក​គេង នោម​ញឹក​ញាប់ ហើយ​ការ​គេង​មិន​បាន​នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​សុខភាព​និង​សម្រស់​ម្ដាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប៉ះ​ពាល់​គភ៌​នៅ​ក្នុង​ផ្ទៃ ដូច​ជា​ការ​លូត​លាស់​យឺត​យ៉ាវ​ជា​ដើម។ ដូច្នេះ​ដើម្បី​សម្រួល​បញ្ហា​នេះ អ្នក​ម្ដាយ​គួរ​តែ​ដឹង​ពី​អ្វី​ដែល​គួរ និង​មិន​គួរ​ធ្វើ ជា​ពិសេស​ក្នុង​អំឡុង​ពេល​៣​ខែ​ចុងក្រោយ ទើប​កូន​អាច​មាន​សុខភាព​ល្អ៖

រឿង​ដែល​មិន​គួរ​ធ្វើ

កុំ​ផឹក​ទឹក​ច្រើន​ពេក​ មុន​ចូល​គេង

ស្ត្រី​មាន​ផ្ទៃ​ពោះ​មិន​គួរ​ផឹក​ទឹក​ច្រើន​ពេក​នោះ​ទេ​នៅ​ពេល​ល្ងាច ជាពិសេស​ចាប់​ពី​ម៉ោង​៨​យប់​ទៅ ដើម្បី​ជៀសវាង​ការ​ឈឺ​នោម​ញឹក​ក្នុង​ពេល​គេង ព្រោះ​ក្នុង​អំឡុង​ពេល​៣​ខែ​ចុងក្រោយ​នេះ អ្នក​អាច​នឹង​នោម​ញឹក​ស្រាប់​ទៅ​ហើយ ដោយ​សារ​តែ​ទំហំ​គភ៌​កាន់​តែ​ធំ​ឡើងៗ​ដែល​បណ្ដាល​ឱ្យ​គាប​ប្លោក​នោម​របស់​ម្ដាយ។ ដូច្នេះ​បើ​ត្រូវ​ក្រោក​​នោម​យប់​ច្រើន​ដង​ពេក វា​​​​អាច​ធ្វើ​ឱ្យ​អ្នក​ម្ដាយ​គេង​វិញ​លែង​លក់ ឬ​អស់​កម្លាំង​នៅ​ពេល​ក្រោក​ឡើង។

កុំ​មើល​ទូរទស្សន៍​ ឬ​លេង​ទូរសព្ទ​មុន​ចូល​គេង

គ្រឿង​អេឡិចត្រូនិក​ដូច​ជា ទូរសព្ទ និង​ទូរទស្សន៍​អាច​មាន​ផល​ប៉ះពាល់​ធ្ងន់​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​គភ៌។ ទូរសព្ទ​បញ្ចេញ​សារធាតុ​វិទ្យុសកម្ម ចំណែក​ទូរទស្សន៍​វិញ​បញ្ចេញ​កាំរស្មី Ultraviolet​ ដែល​គ្រោះថ្នាក់​ខ្លាំង។ ម្យ៉ាង​ទៀត ទម្លាប់​លេង​ទូរសព្ទ ឬ​មើល​ទូរទស្សន៍​មុន​ចូល​គេង​នឹង​​បណ្ដាល​ឱ្យ​គេង​លែង​លក់ រឹង​ត្របក​ភ្នែក ឬ​ស្រវាំង​ភ្នែក​ទៀត​ផង។

រឿង​ដែល​គួរ​ធ្វើ

គេង​ផ្អៀង​មក​ខាង​ឆ្វេង

បើ​អ្នក​ទម្លាប់​គេង​ទៅ​ស្ដាំ​ គួរ​តែ​រៀន​ប្ដូរ​មក​គេង​ផ្អៀង​ខាង​ឆ្វេង​ម្ដង ដោយ​​ដាក់​ជើង​ឆ្វេង​សណ្ដូក​ត្រង់ ហើយ​ជើង​ស្ដាំ​អង្កញ់​បន្តិច។ អ្នក​ម្ដាយ​ក៏​អាច​ដាក់​ខ្នើយ​កល់​ក្រោម​​ជើង​ដើម្បី​កុំ​ឱ្យ​ចុក ឬ​នឿយ។

កាយវិការ​គេង​បែប​នេះ​ជួយ​សម្រួល​ចលនា​បេះដូង​ឱ្យ​ដើរ​បាន​ស្រួល អ្នក​ម្ដាយ​ក៏​ស្រួល​ដក​ដង្ហើម ហើយ​ទម្ងន់​គភ៌​ដែល​នៅ​ក្នុង​ផ្ទៃ​ក៏​មិន​សង្កត់​សរសៃ​ឈាម​ខ្លាំង​ពេក ដែល​អាច​ឱ្យ​ឈាម​រត់​ទៅ​កាន់​សារពាង្គកាយ​បាន​ល្អ។ ម្យ៉ាង​ទៀត ការ​គេង​បែប​នេះ​ជួយ​សម្រួល​ដល់​ការ​នាំ​ឈាម​ទៅ​កាន់​ស្បូន គភ៌​ និង​តម្រង់​នោម​ ដែល​ជា​ហេតុ​នាំ​ឱ្យ​គភ៌​ក្នុង​ផ្ទៃ​​មាន​ផាសុកភាព មិន​​សូវ​រើ អ្នក​ម្ដាយ​ក៏​គេង​លក់​ស្រួល។

ម៉ាស្សា ឬ​ត្រាំ​ជើង​មុន​ចូល​គេង

ការ​ម៉ាស្សា​ថ្នមៗ​មិន​ត្រឹម​តែ​អាច​ជួយ​អ្នក​ម្ដាយ​ឱ្យ​មាន​អារម្មណ៍​ធូរ​ស្បើយ ​បំបាត់​អាការៈ​ចុក​ស្រពន់ ឬ​ហើម​ជើង និង​គេង​លក់​ស្រួល​ជាង​មុន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ជួយ​ឱ្យ​ស្បែក​តឹង​ណែន និង​បំបាត់​សង្វារ​ដែល​កើត​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​បាន​ផង។

អ្នក​ម្ដាយ​​គួរ​ជ្រើស​រើស​ប្រេង​ម៉ាស្សា​ណា​ដែល​មាន​សារធាតុ​ផ្សំ​ល្អៗ​ដើម្បី​យក​មក​ម៉ាស្សា​នៅ​​ត្រង់​ជើង កញ្ចឹង​ក និង​ស្បែក​ពោះ​ដូច​ជា​ផលិត​ផល​ Bio Oil ​របស់​ប្រទេស​អាហ្វ្រិច​ខាង​ត្បូង ​ផ្សំ​ឡើង​​ពី​ វីតាមីនA, វីតាមីនE, ប្រេង​ផ្កា​រ៉ូសម៉ារី, ឡាវិនឌ័រ​, ខាឡិនដូឡា, ខាំម៉ូមៃ និង​ប្រេង Purcelline ដែល​ជា​សារធាតុ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បំបាត់​សម្លាក ការពារ​សង្វារ ព្យាបាល​សង្វារ បំបាត់​ភាព​ជ្រីវជ្រួញ ធ្វើ​ឱ្យ​ស្បែក​តឹង​ណែន ​ក្មេង​ជាង​វ័យ។

​​ចំណែក​ការ​ត្រាំ​ជើង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​ដោយ​​មាន​ដាក់​ដូច​ជា តែ អំបិល ខ្ញី ក្រូច​ឆ្មារ ​ឬ​ស្លឹក​គ្រៃ​អាច​​ជួយ​កាត់​អាការៈ​ហើម​ជើង និង​ជួយ​ឱ្យ​អ្នក​ម្ដាយ​មាន​អារម្មណ៍​​ស្រស់​ស្រាយ គេង​លក់​ស្រួល។ បន្ថែម​ពី​នេះ ពេល​ដាក់​ជើង​ត្រាំ​ អ្នក​ម្ដាយ​​គួរ​​រក​ស្វាមី​ម៉ាស្សា​ជើង​ថ្នមៗ​ដើម្បី​សម្រួល​ចលនា​ឈាម រក្សា​តុល្យភាព​ក្នុង​រាងកាយ និង​ជំនួយ​ការ​គេង​កាន់​តែ​ប្រសើរ។

ក្រៅ​ពី​ទម្លាប់​ធំៗ​ខាង​លើ អ្នក​ម្ដាយ​ក៏​ធ្វើ​ពិចារណា​រឿង​ខាង​ក្រោម​នេះ​ផង៖

  • ព្យាយាម​សម្រាក​ឱ្យ​បាន​ច្រើន កុំ​គិត​​ ឬ​ស្មុគស្មាញ​ច្រើន ត្រូវ​ធ្វើ​ចិត្ត​ឱ្យ​សប្បាយ ដោយ​មាន​ការ​ចូល​រួម​ចំណែក​ពី​ស្វាមី និង​ក្រុម​គ្រួសារ

  • ជៀសវាង​អាហារ​ប្រភេទ​ហឹរ​ខ្លាំង ជាតិ​កាហ្វេអ៊ីន ឬ​គ្រឿង​ស្រវឹង​ដែល​​រំខាន​​​ដំណេក

  • ឧស្សាហ៍​ស្ដាប់​ចម្រៀង ហើយ​គេង​នៅ​កន្លែង​ស្ងាត់

  • ចូល​គេង​ពី​ព្រលប់ ហើយ​ទៀង​ម៉ោង

  • កុំ​គេង​ថ្ងៃ​យូរ​ពេក អាច​គេង​ត្រឹម​តែ​៣០ ទៅ​៤៥​នាទី​គឺ​ល្អ​បំផុត

  • បើ​អ្នក​មាន​បញ្ហា​គេង​មិន​បាន​កាន់​តែ​ខ្លាំង​ទៅៗ គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់​ដើម្បី​ជៀសវាង​បញ្ហា​ប៉ះពាល់​គភ៌​នៅ​ក្នុង​ផ្ទៃ៕

ប្រភព៖ lifehack | Womenshealth ប្រែ​សម្រួល៖ សរ សុគន្ធី