ក្រសួង​វប្បធម៌៖ ល្ខោន​ខោល​ខ្មែរ​​នឹង​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក១០០%

  • 2018-08-31 06:37:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ឯក​ឧត្ដម ថៃ នរៈ​សត្យា ​មាន​​ក្ដី​សង្ឃឹម​ជឿ​ជាក់​១០០​% ថា ល្ខោន​ខោល​របស់​កម្ពុជា​ នឹង​ត្រូវ​អង្គការ​ UNESCO ចាត់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​ នៃ​មនុស្ស​ជាតិ។​​

រដ្ឋ​លេខា​ធិ​ការ​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ដដែល​រូប​នេះ អះ​អាង​ថា ​មូល​ហេតុ​ ដោយសារ​តែ​កម្ពុជា​ មាន​ឯកសារ​មូលដ្ឋាន​ជាក់​លាក់​គ្រប់​គ្រាន់ ដែល​បាន​បំពេញ​បាន​គ្រប់​ទម្រង់​ នៅ​ពេល​ស្នើ​សុំ​ទៅ​អង្គការ UNESCO ​ហើយ​​នេះ​ជា​សញ្ញាណ​នៃ​លទ្ធ​ផល​ល្អ បញ្ជាក់​ថា ល្ខោន​មាន​អាយុ​កាល​ចំណាស់​នេះជា​របស់​ខ្មែរ ​។ ​លើស​ពី​នេះ នៅ​ក្នុង​ឯកសារ ក្រសួង​បាន​បំពេញ​នូវ​តឹក​តាង​ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រ ​កេរដំណែល​ទាក់​ទង​នឹង​ល្ខោន​មួយ​នេះ​ច្បាស់​លាស់ ដែល​ធ្វើ​ឲ្យ​កាន់​តែ​មាន​សង្ឃឹម​ច្រើន ។

​ចំពោះ​​នៅ​លើ​បណ្ដាញ​សង្គម បង​ប្អូន​ប្រជា​ពល​រដ្ឋ​​​នាំ​គ្នា​​ចែក​រំលែក និង​ដាក់​ Hastag ​​ព្រោង​ព្រាត ​ដើម្បី​​ឲ្យ​​អង្គការ UNESCO ដឹង​ថា ​ល្ខោន​ខោល​ជា​របស់​ខ្មែរ ឯកឧត្តម ថៃ នរៈ​សត្យា យល់​ថា នេះ​ជា​ទឹក​ចិត្ត​គាំ​ទ្រ​របស់​បងប្អូន​​ខ្មែរ​ទាំង​អស់​មក​លើ​ល្ខោន​ខោល​ខ្មែរ។ ម្ល៉ោះ​ហើយ សកម្មភាព​របស់​ពលរដ្ឋ​ទាំងអស់ ដោយ​ការ​ធ្វើ​បែប​នេះ​លើ​បណ្ដាញ​សង្គមមិន​ខុស​នោះ​ទេ ព្រោះ​ជា​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​ស្នេហា​វប្បធម៌​ជាតិ។

លោក​ គ្មាន​សិទ្ធ​ទប់​ទល់​ទៅ​លើ​ការ​គិត និង​ការ​យល់​ឃើញ​​នេះ​ដែរ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា បុគ្គល​មួយ​ចំនួន ក៏​បាន​ប្រើ​សិទ្ធិមួយ​នេះហួស​ព្រំ​ដែន ដែល​ធ្វើ​ឲ្យ​កាន់​តែ​មាន​ការ​ជ្រួល​ច្របល់។ ​យ៉ាង​ណា​ក៏​ដោយ ការ​បំពេញ​បាន​ឯកសារ​គ្រប់គ្រាន់​របស់​កម្ពុជា និង​លទ្ធផល​ជាក់​ស្តែង​ពី​អង្គការ UNESCO ទើប​បញ្ជាក់​ផ្លូវ​ការ​ថា ល្ខោន​ខោល​ខ្មែរ បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្ស​ជាតិ។​

​​​​​​​លោក បន្ត​ថា សម្រាប់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​វិញ ជា​ស្ថាប័ន​ដែល​មិន​មើល​រំលង​នូវ​ចំណុច​ណា​មួយ​ទាក់​ទង​នឹង​សិល្បៈ​ខ្មែរ​នោះ​ទេ ហើយ​ក្រសួង​ទៀត​សោត​ប្រឹង​ប្រែង​បំពេញ​ការងារ​នេះ​ដោយ​ឆន្ទៈ ប៉ុន្តែ​ត្រូវ​រង់​ចាំ​តាម​ពេលវេលា និង​ដំណាក់​កាល​​ត្រឹម​ត្រូវ៕

ប្រភព៖ sabaynews អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម