វិធី​សាស្ត្រ​៥យ៉ាង​ជួយ​ស្ត្រី​ឱ្យ​សម្រាល​កូន​ដោយ​ងាយ​ស្រួល និង​សុវត្ថិភាព

  • 2018-09-02 00:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សម្រាល​ឬ​ហៅ​ថា ឆ្លង​ទន្លេ​គឺ​ជា​ដំណាក់​កាល​ដ៏​ពិបាក​មួយ​ក្នុង​ជីវិត​មនុស្ស​ស្រី ហើយ​ក៏​មាន​ស្ត្រី​ជា​ច្រើន​ដែរ​ដែល​ព្រួយ​បារម្ភ​ពី​ដំណាក់​កាល​នេះ។ ប៉ុន្តែ​យោង​តាម​វិបសាយ​សុខភាព health.com.kh បាន​បង្ហាញ​ពី​វិធី​សាស្ត្រ​មាន​​ប្រយោជន៍​មួយ​ចំនួន​​ដែល​ស្ត្រី​ពពោះ​ ឬ​ជិត​គ្រប់​ខែ​អាច​មើល​ទុក​ជា​មេរៀន ​សម្រាប់​ពេល​សម្រាល កុំ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច ​និង​សម្រាល​ដោយ​ងាយ​៖

១. កម្លាំង​ចិត្ត

នៅ​ពេល​ឈឺ​ពោះ​សម្រាល ​ស្វាមី​គួរ​តែ​នៅ​ក្បែរ​ប្រពន្ធ​ក្នុង​បន្ទប់​សម្រាល​ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត ភាព​កក់​ក្ដៅ ការ​យក​ចិត្ត​ទុក​ដាក់ និង​ដឹង​ពី​ទុក្ខ​លំបាក និង​ការ​លះបង់​ដ៏​ធំធេង​របស់​ភរិយា​ដើម្បី​តែ​ជីវិត​កូន​ក្នុង​ផ្ទៃ។ ក្រៅ​ពី​នេះ អ្នក​ម្ដាយ​ក៏​អាច​ផ្ដល់​ជា​កម្លាំង​ចិត្ត​ដល់​កូន​ស្រី​ដែល​ត្រូវ​សម្រាល​នេះ​បាន​ដែរ។

២. ពេល​ស្បូន​បើក

នៅ​ពេល​ស្បូន​ចាប់​ផ្ដើម​បើក ហើយ​អ្នក​នៅ​ផ្ទះ មិន​ទាន់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ អ្នក​អាច​ញ៉ាំ​អាហារ​ខ្លះ​ដើម្បី​​ផ្ដល់​កម្លាំង​សម្រាប់​ពេល​កើត តែ​គួរ​ចៀសវាង​អាហារ​ប្រភេទ​ខ្លាញ់ និង​ពិបាក​រំលាយ ព្រោះ​វា​នឹង​បណ្ដាល​ឱ្យ​មាន​បញ្ហា​ ឬ​ប៉ះពាល់​សុខភាព​ទៅ​វិញ។

៣. ទឹក​ភ្លោះ

បើ​ទឹក​ភ្លោះ​មិន​ទាន់​បែក​នៅ​ឡើយ តែ​ស្បូន​ចាប់​ផ្ដើម​បើក អ្នក​អាច​ងូត​ទឹក​​ត្រជាក់​ៗ ដើម្បី​បំបាត់​អារម្មណ៍​តានតឹង និង​មាន​អារម្មណ៍​ធូរ​ស្រាល​។ ប៉ុន្តែ​បើ​ទឹក​ភ្លោះ​ចាប់​ផ្ដើម​បែក​ពេល​មិន​ទាន់​ទៅ​ដល់​ពេទ្យ​ អ្នក​មិន​គួរ​ឈរ​យូរ​ទេ ព្រោះ​វា​នឹង​បណ្ដាល​ឱ្យ​ទឹក​ភ្លោះ​ហូរ​លឿន ឆាប់​អស់​ដែល​នាំ​ឱ្យ​មាន​បញ្ហា​ដល់​កូន​ក្នុង​ផ្ទៃ។ ដូច្នេះ​បើ​ឃើញ​ទឹក​ភ្លោះ​បែក​ហើយ គួរ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​តាម​ដែល​អាច​ធ្វើ​បាន។​

៤. ការ​បន្ធូរ​ការ​ឈឺចាប់

សម្រាប់​នារី​ដែល​ឈឺ​ពោះ​រៀប​​សម្រាល អាច​ប្រឈម​នឹង​ការ​ឈឺចាប់​ខ្លាំង រហូត​ស្ទើរ​ទ្រាំ​មិន​បាន។ ប៉ុន្តែ​អ្នក​អាច​បន្ធូរ​បន្ថយ​វា​បាន ដោយ​ការ​ដក​ដង្ហើម​វែងៗ ឬ​ឱ្យ​ស្វាមី​ ឬ​សមាជិក​គ្រួសារ​ម៉ាស្សា​ថ្នមៗ​។

៥. មុន​ពេល​ឡើង​គ្រែ​សម្រាល

ដើម្បី​ងាយ​ស្រួល​កើត និង​មិន​សូវ​ឈឺចាប់ ស្ត្រី​គួរ​ដើរ​ឱ្យ​បាន​ច្រើន​ ឬ​ធ្វើ​ចលនា​ដោយ​ការ​ហាត់​ប្រាណ​ចុះ​ឡើង ដើម្បី​សម្រួល​ដល់​ការ​សម្រាល​ឱ្យ​មាន​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស៕

ចុចអាន៖

​​​

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម