Mew Nittha ស្នេហា​មិន​សូវ​ផ្អែមល្ហែម​បើក​ចំហ តែ​ស្ងាត់​ៗ​ចូល​ដល់​ចាស់​ទុំ​

  • 2018-08-23 04:38:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាំង​ពី​ចាប់​ផ្ដើម​បើក​ចំហ​អំពី​ទំនាក់ទំនង​ស្នេហា​​ជាមួយ​អ្នក​ជំនួញ​សង្ហា Siant Thoraputh កាល​ពី​ប៉ុន្មាន​ខែ​មុន​មក គេ​សង្កេត​ឃើញ​តារា​សម្ដែង​ថៃ Mew Nittha ហាក់​មាន​ភាព​ស្រស់​ស្រាយ​ច្រើន បើ​ទោះ​បី​មិន​សូវ​មាន​រូបភាព​គូ​​ផ្អែមល្ហែម​បង្ហាញ​ឲ្យ​​ឃើញ​ដូច​គូ​ស្នេហ៍​តារា​ដទៃ​ៗ​ក៏​ដោយ។

ក្នុង​ឱកាស​ចូលរួម​ក្នុង​កម្មវិធី​​​របស់​ប្រ៊េន​គ្រឿង​សម្អាង​មួយ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ តួ​ឯក​ស្រី​រឿង “One Day” ក៏​បាន​ឆ្លើយ​តប​ក្រុម​អ្នក​សារព័ត៌មាន​អំពី​ស្ថានភាព​ស្នេហា​របស់​ខ្លួន ដោយ​បង្ហើប​ថា​កាន់​តែ​រលូន​ទៅ​មុខ ហើយ​បើ​មាន​ពេល​វេលា​ពួក​គេ​​ក៏​តែង​ណាត់​ជួប​គ្នា​ រួម​ទាំង​មាន​ឱកាស​បាន​ជួប​ចាស់​ទុំ​ទាំង​សងខាង​ហើយ​ទៀត​ផង។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា​ម្ដាយ​របស់​ខ្លួន​ហាមឃាត់​​ចំពោះ​ស្នេហា​លើក​នេះ​ឬ​ក៏​អត់ តារា​សម្ដែង​រូប​នេះ​បាន​ឆ្លើយ​​ថា “អត់​ទេ ម្ដាយ​ខ្ញុំ​មិន​ដែល​ហាម​ឃាត់​អី​ស្រាប់​ទៅ​ហើយ គឺ​គាត់​ឲ្យ​យើង​សម្រេច​ចិត្ត​ខ្លួន​ឯង និង​ជ្រើសរើស​ខ្លួន​ឯង​ច្រើន​ជាង ប៉ុន្តែ​ខ្ញុំ​ក៏​​ធ្លាប់​បាន​ពិភាក្សា​រឿង​នេះ​ជាមួយ​គាត់​ខ្លះ​ដែរ ហើយ​គាត់​ក៏​ឲ្យ​យោបល់​ថា​មើល​ចិត្ត​គ្នា​សិន​ទៅ។ ការ​ពិត​ទៅ​គាត់​ (Saint) ​ធ្លាប់​ ជួប​​និយាយ​គ្នា​ជាមួយ​ម៉ាក់​ខ្ញុំ​ខ្លះ​​ហើយ ព្រោះ​ធម្មតា​នៅ​ពេល​ខ្ញុំ​កំពុង​មើល​ចិត្ត​គ្នា​ជាមួយ​នរណា​គឺ​តែង​​ឲ្យ​ម៉ាក់​ប៉ា​បាន​ស្គាល់ និង​សាក​ល្បង​និយាយ​ជាមួយ​ដែរ ដើម្បី​ឲ្យ​ពួក​យើង​បាន​ស្ថិត​ក្រោម​ខ្សែ​ភ្នែក​របស់​ចាស់​ទុំ​រហូត។ ចំណែក​ខាង​គ្រួសារ​របស់​គាត់ ខ្ញុំ​ក៏​មាន​ឱកាស​បាន​ជួប​ខ្លះ​ហើយ​ដែរ គឺ​ទៅ​ញ៉ាំបាយ​ជាមួយ​គ្នា​ធម្មតា”។

ចំពោះ​ការងារ​សិល្បៈ​បច្ចុប្បន្ន Mew កំពុង​ព្យាយាម​សម្រក​គីឡូ​ខ្លាំង​ដើម្បី​ត្រៀម​ថត​ភាពយន្ត​ភាគ​ថ្មី​ដែល​ដឹកនាំ​ដោយ​តារា​ជើងចាស់ Ann Thongprasom ៕

ប្រភព៖ Sanook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម