មនុស្ស​ចរិត​លើស ៦យ៉ាង​​ដែល​គ្មាន​អ្នក​ណា​ចង់​រាប់​អាន ឬ​ចង់​បាន​ជា​សង្សារ

  • 2018-08-23 00:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​សង្កេត​មើល​ខ្លួន​ឯង​ទេ​ថា​ជា​មនុស្ស​ទាក់ទាញ​ប៉ុណ្ណា? បើ​សិន​អ្នក​ជា​មនុស្ស​ដែល​មាន​តែ​អ្នក​ចង់​ចូល​ជិត ចង់​និយាយ​ជាមួយ​នោះ​គឺ​ជា​រឿង​ដ៏​ល្អ ហើយ​អ្នក​គួរ​តែ​ស្វែង​រក​ចំណុច​ល្អ​ខ្លួន​ឯង​ឲ្យ​ឃើញ​ដើម្បី​រក្សា​វា​ទុក និង​ចែក​រំលែក​ដល់​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក។ ប៉ុន្តែ​បើ​សង្កេត​មើល​ទៅ ឃើញ​ថា​ខ្លួន​ឯង​គ្មាន​ចំណុច​​ទាក់ទាញ​សោះ មិន​សូវ​មាន​មិត្តភ័ក្ដិ មិន​សូវ​មាន​អ្នក​ចង់​និយាយ​រក ឬ​សង្សារ​​ក៏​គ្មាន អ្នក​គួរ​តែ​រក​ចំណុច​​ខ្វះខាត​របស់​ខ្លួន​ដើម្បី​កែ​លម្អ​ហើយ។ ខាង​ក្រោម​នេះ កញ្ញា​សូម​ចែក​រំលែក​អំ​ពី​សកម្មភាព​ ៦យ៉ាង​ដែល​​នឹង​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មិន​សូវ​មាន​អ្នក​ចង់​ចូល​ជិត៖

១. ចិត្ត​ក្ដៅ ប៉ះ​រលាក

រឿង​អារម្មណ៍​នេះ​មួយ​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​ជួប​រឿង​អ្វី​បន្តិច​ក៏​ផ្ទុះ​កំហឹង​ឆេវឆាវ ចង់​បាន​អ្វី​ ចង់​បាន​ភ្លាម​ៗ តាម​តែ​ចិត្ត​ខ្លួន​ឯង​បែប​​នោះ មិន​មែន​ជា​អ្វី​​ល្អ​ឡើយ។ ផ្ទុយ​ទៅ​វិញ​បើ​យើង​ជា​មនុស្ស​ចិត្ត​ត្រជាក់ និយាយ​ស្ដី​មាន​ហេតុផល និង​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន យើង​នឹង​ក្លាយ​ជា​មនុស្ស​គួរ​ឲ្យ​រាប់​អាន និង​ចូល​ជិត។

២. និយាយ​ស្ដី​ឈ្លើយ មិន​សូវ​គិត

ការ​និយាយ​ស្ដី​ ឬ​ពាក្យ​សម្ដី​គឺ​ជា​ចំណុច​ដ៏​សំខាន់​មួយ​ក្នុង​មិត្តភាព។ អ្នក​ណា​ៗ​ក៏​ត្រូវ​ការ​ស្ដាប់​ឮ​ពាក្យ​សម្ដី​ពីរោះ​ៗ ឬ​ពាក្យ​ដែល​ធ្វើ​ឲ្យ​គេ​សប្បាយ​ចិត្ត​ដែរ ប៉ុន្តែ​បើ​យើង​ជា​មនុស្ស​ដែល​និយាយ​ស្ដី​ត្រង់​ភ្លឹង​ ឬ​និយាយ​ពាក្យ​អាក្រក់​ៗ​មិន​យល់​ពី​អារម្មណ៍​អ្នក​នៅ​ជុំវិញ​ខ្លួន​ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​​អស់​អារម្មណ៍​ល្អ​ៗ​ជាមួយ​យើង។ មិន​មែន​ចង់​ឲ្យ​និយាយ​ផ្អែម​គ្រប់​ពេល​នោះ​ទេ ប៉ុន្តែ​អ្នក​គួរ​យក​ចិត្ត​ទុកដាក់​បន្តិច​ចំពោះ​ពាក្យ​សម្ដី​របស់​ខ្លួន ព្រោះ​ថា​បើ​យើង​ចេះ​និយាយ​ល្អ នឹង​អាច​ឲ្យ​សត្រូវ​ក្លាយ​ជា​មិត្ត ប៉ុន្តែ​បើ​និយាយ​មិន​ចេះ​គិត​នឹង​អាច​ឲ្យ​មិត្ត​ក្លាយ​ជា​សត្រូវ។

៣. ចូល​ចិត្ត​រិះគន់ មើល​ងាយ​អ្នក​ដទៃ

គ្មាន​អ្នក​ណា​ចូល​ចិត្ត​មនុស្ស​ដែល​ចាំ​តែ​រិះគន់ និង​មើល​ងាយ​អ្នក​ដទៃ​ឡើយ។ បើ​ទោះ​បី​យើង​មាន​អារម្មណ៍​ថា​អ្នក​ដទៃ​តូចទាប​ជាង​យើង​យ៉ាង​ណា ប៉ុន្តែ​យើង​ក៏​គ្មាន​សិទ្ធិ​​រិះគន់​មាក់ងាយ​ជីវិត​អ្នក​ដទៃ​ដែរ។ សាក​គិត​ទៅ បើ​សិន​ខ្លួន​ឯង​ត្រូវ​គេ​មើល​ងាយ ដោយ​មិន​បាន​ធ្វើ​អ្វី​ប៉ះពាល់​គេ​ផង​ តើ​នឹង​មាន​អារម្មណ៍​បែប​ណា? មនុស្ស​ម្នាក់​ៗ​មិន​ថា​​មាន​មិន​ថា​ក្រ រូប​រាង​ល្អ ឬ​អាក្រក់ គឺ​សុទ្ធ​តែ​មាន​តម្លៃ​ស្មើ​ៗ​គ្នា ដរាប​ណា​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។

៤. អំនួត​ហួសហេតុ

ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​​ក៏​គួរ​មាន​ព្រំដែន​សមរម្យ ដោយ​យើង​គួរ​តែ​ចេះ​ទទួល​យក​ការ​គិត​របស់​អ្នក​ដទៃ​ខ្លះ និង​ចេះ​ទទួល​ស្គាល់​ចំណុច​ខ្សោយ​របស់​ខ្លួន​ឯង​ខ្លះ មិន​អាច​គិត​ថា​ខ្លួន​ឯង​ត្រូវ​រហូត​នោះ​ឡើយ។

៥. ចូលចិត្ត​និយាយ​អាក្រក់​ក្រោយ​ខ្នង​គេ

ធ្វើ​ជា​មនុស្ស​ស្រី​ដែល​ពូកែ​និយាយ​ដើម ពូកែ​និយាយ​អាក្រក់​ៗ​ពី​ក្រោយ​ខ្នង​គេ ក៏​មិន​ជា​រឿង​ល្អ​ដែរ ព្រោះ​គ្មាន​អ្នក​ណា​ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ប្រធានបទ​ក្នុង​ការ​សន្ទនា​របស់គេ​ឯង​ឡើយ។ បើ​អ្នក​ពូកែ​នាំ​រឿង​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​បែប​នេះ មនុស្ស​គ្រប់​គ្នា​នឹង​លែង​ទុក​ចិត្ត​​អ្នក​ ដោយ​សារ​ខ្លាច​អ្នក​យក​រឿង​គេ​ទៅ​និយាយ​ដែរ។

៦. ពូកែ​ច្រណែន និង​អន់​ចិត្ត

បើ​សិន​អ្នក​តូច​ចិត្ត​ដោយ​សារ​ភាគី​ម្ខាង​ទៀត​ធ្វើ​ខុស​មែន ឬ​ត្រឹម​តែ​ម្ដង​ពីរ​ដង​នោះ មិន​មែន​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​បើ​វា​ញឹកញាប់​ពេក សូម្បី​តែ​រឿង​តិចតួច​ក៏​មិន​លើកលែង​បាន​នោះ វា​ប្រាកដ​ជា​លំបាក​ទាំង​សម្រាប់​ខ្លួន​ឯង និង​អ្នក​នៅ​ជុំវិញ​ខ្លួន។ វា​អាច​ចំណាយ​ពេល​វេលា​បន្តិច ប៉ុន្តែ​​បើ​អ្នក​ជា​មនុស្ស​ពូកែ​តូច​ចិត្ត​និង​គិត​ច្រើន​មែន នោះ​គួរ​តែ​រៀន​កែ​លម្អ​ទម្លាប់​បែប​ហ្នឹង​ចេញ​ខ្លះ​ហើយ ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម