មនុស្សស្រីដែលអាចចងបេះដូងមនុស្សប្រុសល្អម្នាក់ជាប់ តែងមាន ៦យ៉ាងនេះ
- 2018-08-20 07:25:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីដែលអាចចងបេះដូងមនុស្សប្រុសល្អម្នាក់ជាប់ តែងមាន ៦យ៉ាងនេះ
មាននារីមួយចំនួនបានឆ្ងល់ថា «ហេតុអីម្នាក់ប្រុសហ្នឹងស្រឡាញ់ម្នាក់ស្រីហ្នឹងកើត បើមុខអត់សូវស្អាតផងហ្នឹង?»
ចម្លើយនោះនៅត្រង់ថា មនុស្សយើងមានចំណុចខ្លាំងខុសៗគ្នា ហើយសម្រាប់មនុស្សប្រុសល្អវិញគឺស្រឡាញ់មនុស្សស្រីមើលលើអ្វីលើសពីសម្រស់ទៀត។ មនុស្សស្រីដែលអាចចងបេះដូងមនុស្សប្រុសល្អម្នាក់បាន គឺតែងមាន ៦ចំណុចនេះ ដែលសម្រស់មិនអាចមកប្រកួតបាន ៖
១. មនុស្សស្រីដែលមានចរិតស្មោះត្រង់
ភាពស្មោះត្រង់ជាចំណុចពិសេសមួយសម្រាប់មនុស្សស្រី តែពេលខ្លះវាក៏បានក្លាយជាចំណុចខ្សោយមួយដែលធ្វើឲ្យនាងឈឺចាប់ផងដែរ។ យ៉ាងណាក៏ដោយមនុស្សប្រុសល្អម្នាក់មិនដូចមនុស្សប្រុសសាវាទេ គឺគេស្រឡាញ់បំផុតមនុស្សស្រីដែលមានចរិតស្មោះត្រង់ មិនលាក់បាំង ឬមានមុខមានក្រោយអីនោះទេ។ ការនិយាយត្រង់ទៅត្រង់មក គឺជាចំណុចសំខាន់មួយដែលមនុស្សស្រីត្រូវដឹង មុនពេលចង់ទទួលបានមនុស្សប្រុសល្អម្នាក់ជាគូអនាគត។
**២. មនុស្សស្រីដែលស្អាតបែបសាមញ្ញ និងធម្មជាតិ**
គ្មានអ្នកណាម្នាក់បដិសេធន៍បានទេថាមិនស្រឡាញ់ស្អាត មិនចង់បានមនុស្សស្រីដែលស្អាតធ្វើជាប្រពន្ធ។ យ៉ាងណាក៏ដោយតាមការសង្កេតនោះ គឺមនុស្សប្រុសដែលល្អៗភាគច្រើនចូលចិត្ត និងស្រឡាញ់មនុស្សស្រីដែលស្អាតបែបសាមញ្ញៗ និងបែបធម្មជាតិតែប៉ុណ្ណោះ។ បែបនេះហើយមនុស្សស្រីមិនគួរផ្ដោតសំខាន់ទៅលើតែសម្រស់ ហើយកែច្នៃរហូតបាត់អស់ធម្មជាតិដែលខ្លួនមាននោះទេ។ គ្រាន់តែរៀបចំខ្លួនបែបសាមញ្ញៗ Make up ស្រាលៗគឺស្អាតណាស់ទៅហើយ។
៣. ផ្ដល់ពេលឯកជន និងមិនទាមទារពេលវេលាខ្លាំងពេក
ភាគច្រើនមនុស្សប្រុសចូលចិត្តភាពស្ងៀមស្ងាត់ជាងមនុស្សស្រី បែបនេះហើយទើបពេលខ្លះធ្វើឲ្យនាងមានអារម្មណ៍ឯកា ហើយគិតថាមនុស្សប្រុសមិនសូវយកចិត្តទុកដាក់នឹងនាង។ ការពិតបើគេមិនមែនជាមនុស្សប្រុសដែលមាត់រអិល ឬពូកែបោកស្រីៗទេនោះ គេប្រហែលអាចនឹងមិនមានពេលកំដរអ្នក ឬតាមអ្នកស្អិតនោះទេ។ អ្នកគួរតែយល់ ហើយត្រូវផ្ដល់ពេលវេលាឯកជនឲ្យគេសមល្មម និងកុំព្យាយាមទាមទារពីគេលើសពេក។
៤. រស់នៅតាមបែបរបស់ខ្លួន
ការពិតមនុស្សប្រុសល្អម្នាក់មិនដែលទាមទារឲ្យអ្នកផ្លាស់ប្ដូរអ្វីដែលអ្នកមាននោះទេ គេតែងតែទទួលអ្នកជាអ្នក ដូច្នេះអ្នកមិនបាច់កែធម្មជាតិខ្លួនដើម្បីតែគេនោះទេ។ យ៉ាងណាក៏ដោយមានរឿងខ្លះក៏អ្នកត្រូវមើលដែរ ថាតើនោះជាទម្លាប់អាក្រក់ ឬជាចរិតពីធម្មជាតិអ្នកតែម្ដង? បើជាទម្លាប់អាក្រក់អ្នកគួរតែកែប្រែចេញ មិនមែននៅប្រកាន់ខ្ជាប់នោះទេ។
៥. រឹងមាំ និងមានគោលដៅច្បាស់លាស់
មនុស្សស្រីត្រូវដឹងថា មនុស្សប្រុសដែលរឹងមាំ ល្អម្នាក់ គេក៏ត្រូវការនារីដែលរឹងមាំ និងឯករាជ្យដែរ ព្រោះគេគិតថាថ្ងៃក្រោយគេជឿថានារីបែបនោះនឹងមានសមត្ថភាពជួយជ្រោមជ្រែងគ្រួសារ អប់រំកូន និងចាត់ចែងរឿងក្នុងគ្រួសារបានយ៉ាងឆ្លាតវៃ។ លើសពីនេះនាងមានគោលដៅផ្ទាល់ខ្លួន ដោយមិនចាំបាច់រត់តាមអ្នកណាមកបញ្ជា។
៦. ស្គាល់ខ្ពស់ទាប មិនប្រើចរិតព្រះនាងម្ចាស់
មានមនុស្សស្រីខ្លះបានទម្លាប់ខ្លួនឯងជាព្រះនាងម្ចាស់ ដោយតម្រូវឲ្យគ្រប់គ្នាធ្វើតាមខ្លួន និងធ្វើខ្លួនមិនដែរចេះខុស ហើយមិនចេះធ្វើអីសោះតែម្ដង។ មនុស្សស្រីបែបនេះជាប្រភេទមនុស្សប្រុសស្អប់ជាទីបំផុត ហើយកុំសង្ឃឹមថាគេស្រឡាញ់យកជាគូជីវិតនោះ ទោះបីជាស្អាតប៉ុណ្ណាក៏ដោយ។ មនុស្សស្រីដែលមានការអប់រំល្អ ដឹងខ្ពស់ទាប ចាស់ទុំ និងអ្វីល្អ អ្វីអាក្រក់នោះ ទើបជានារីដែលមនុស្សប្រុសចង់បាន។
ចង់បានមនុស្សប្រុសល្អមកក្នុងជីវិត មនុស្សស្រីក៏ត្រូវធ្វើខ្លួនឲ្យល្អដូចគ្នា ដូច្នេះការលេងសើចជាមួយរឿងមនោសញ្ចេតនាច្រើនក៏មិនអាចឲ្យមនុស្សស្រីរកបានមនុស្សប្រុសល្អម្នាក់ដែរ៕
ចុចអាន៖បើអ្នកចង់រៀបការ គួរមើលប្រភេទមនុស្សប្រុសដែលត្រូវសាងគ្រួសារជាមុនសិន