បើ​អ្នក​ចង់​រៀប​ការ គួរ​មើល​ប្រភេទ​មនុស្ស​ប្រុស​ដែល​ត្រូវ​សាង​គ្រួសារ​​ជា​មុន​សិន

  • 2018-08-16 03:37:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មនុស្ស​ស្រី​ដែល​អាច​រៀបការ​ជាមួយ​មនុស្ស​ប្រុស​ល្អ​ម្នាក់ គឺ​ជា​សំណាង​មួយ តែ​បើ​រៀប​ការ​ខុស​វិញ​គឺ​ជា​សំណាង​ដ៏​អាក្រក់​បំផុត។ បែប​នេះ​ហើយ​ពេល​ខ្លះ​​មាន​តែ​ចិត្ត​ស្រឡាញ់​មួយ​មុខ​ក៏​មិន​អាច​គ្រប់គ្រាន់​ដែរ តែ​អ្នក​ត្រូវ​មើល​លើ​ចំណុច​សំខាន់​ៗ​ដែល​មនុស្ស​ប្រុស​អ្នក​ជ្រើស​រើស​ត្រូវ​មាន ៖

១. ស្មោះ​ត្រង់​គ្រប់​យ៉ាង​ជាមួយ​អ្នក

មួយ​រយៈ​ធំ​អ្នក​ដែល​មើល​ចិត្ត​គ្នា​ហើយ​អ្នក​ឃើញ​ថា​គេ​មាន​ភាព​ស្មោះ​ត្រង់​ជាមួយ​អ្នក​នោះ មាន​ន័យ​ថា​អាច​ក្លាយ​ជា​អនាគត​ស្វាមី​ល្អ​មួយ​ហើយ។ ជីវិត​ប្ដី​ប្រពន្ធ​បើ​គ្មាន​ភាព​ស្មោះត្រង់​ឲ្យ​គ្នា​ទេ នោះ​មិន​អាច​រក​សុភមង្គល​ឃើញ​ទេ ទោះ​បី​ជា​មាន​ទ្រព្យ ​មាន​យស​ប៉ុណ្ណា​ក៏​ដោយ។

រូបតំណាង

**២. រីករាយ​នឹង​ចែក​រំលែក​ពេលវេលា និង​ភាព​កក់ក្ដៅ​ជាមួយ​អ្នក**

ទោះ​បី​ជា​មាន​ការងារ​ច្រើន​យ៉ាង​ណា ភាព​មមាញឹក​រឿង​រក​ស៊ី​ប៉ុណ្ណា ក៏​អាច​នៅ​តែ​អាច​ឆ្លៀត​ពេល​សម្រាប់​អ្នក នៅ​ក្បែរ​អ្នក និង​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​អ្នក។ កុំ​រៀប​ការ​ជាមួយ​មនុស្ស​ដែល​យក​លេស​រវល់​នេះ​រវល់​នោះ​ដាក់​មុខ ព្រោះ​ទោះ​រវល់​ប៉ុណ្ណា​​ឲ្យ​តែ​មនុស្ស​​ចេះ​ឆ្លៀត គេ​នៅ​តែ​អាច​កំដរ​អ្នក​បាន។ លើស​ពី​នេះ​ជីវិត​គ្រួសារ​មិន​អាច​ពឹង​លើ​តែ​លុយ​មួយ​មុខ​ទេ ភាព​កក់ក្ដៅ ការ​យក​ចិត្ត​ទុកដាក់ និង​ចែក​រំលែក​សេខក្ដីសុខ​ជាមួយ​គ្នា​ទើប​ជា​រឿង​សំខាន់។

៣. មាន​ទំនួល​ខុស​ត្រូវ

​ អ្នក​អាច​សង្កេត​មើល​គេ​តាម​ចំណុច​តូច​ៗ​បាន​ដូច​ជា ពេល​គេ​ធ្វើ​ខុស​អ្វី​មួយ​តើ​គេ​ចេះ​ទទួល​ទេ? ឬ​ក៏​ព្យាយាម​គេច យក​ខ្លួន​ត្រូវ? បើ​សិន​ជា​គេ​ជា​មនុស្ស​ម្នាក់​ដែល​ចេះ​ទទួល​លើ​ទង្វើ​ដែល​ខ្លួន​ធ្វើ មិន​ធ្វើ​អី​គ្មាន​ហេតុផល នោះ​ទៅ​មុខ​គេ​ក៏​អាច​ក្លាយ​ជា​មេគ្រួសារ​មួយ​ល្អ​ដែរ ព្រោះ​គេ​ដឹង​ថា​គេ​ត្រូវ​ធ្វើ​អី មាន​ទំនួល​ខុស​ត្រូវ​អ្វី​ខ្លះ​លើ​គ្រួសារ​ទាំង​មូល ដោយ​មិន​បណ្ដោយ​ឲ្យ​អ្នក​ពិបាក​ចិត្ត​ឡើយ។

រូបតំណាង

៤. មាន​ការ​គោរព​ចំពោះ​អ្នក​ ក៏​ដូច​គ្រួសារ​ទាំង​មូល

មិន​មែន​រៀបការ​ជាមួយ​អ្នក​គេ​ត្រូវ​តែ​ខ្វល់​តែ​ពី​អ្នក​នោះ​ទេ គេ​ត្រូវ​មាន​ការ​គោរព​ទៅវិញ​ទៅមក​ចំពោះ​អ្នក​ផង ក៏​ដូច​ជា​ឳពុកម្ដាយ សាច់ញាតិ​​ទាំង​សង​ខាង​ផង។ នេះ​ក៏​បាន​សរ​បញ្ជាក់​ពី​អត្តចរិត​គេ​ដែរ ថា​តើ​គេ​មាន​ការ​អប់រំ​ខ្ពស់ ស្គាល់​ខ្ពស់​ទាប​ឬ​ក៏​អត់ មិន​មែន​អាង​តែ​ខ្លួន​មាន​ ឬ​ខ្ពង់ខ្ពស់​បន្តិច​មើល​ងាយ​ប្រពន្ធ មើល​ងាយ​ឪពុក​ម្ដាយ​ក្មេក​នោះ​ទេ។

៥.ការលះបង់

គេ​ចង់​ធ្វើ​អ្វី​ជា​ច្រើន​ដើម្បី​អ្នក ជាជាង​ចង់​ឲ្យ​អ្នក​ធ្វើ​ដើម្បី​គេ។ អ្នក​អាច​មើល​ឃើញ​​ថា​គេ​នឹង​ព្យាយាម​ដើម្បី​អ្នក ហើយ​ភាគ​ច្រើន​គឺ​គេ​តែង​តែ​ចង់​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ជាង​ពិបាក​ចិត្ត។ មនុស្ស​ប្រុស​ដែល​អ្នក​គួរ​រៀប​ការ​ជាមួយ​ត្រូវ​តែ​បែប​នេះ គឺ​ការពារ មើលថែ និង​អត់ធ្មត់​ជាមួយ​គ្នា​ទោះ​ជួប​បញ្ហា​អី​ក៏​ដោយ។

រូបតំណាង

គ្មាន​អ្នក​ណា​អាច​ទាយ​ដឹង​ពី​អនាគត​ឡើយ តែ​បើ​អ្នក​បាន​មើល​ច្បាស់​លាស់​ហើយ​នោះ​ក៏​ល្អ​ជាង​រៀបការ​ទាំង​ព្រាវដែរ៕

ចុចអាន​៖ស្រី​ៗចាំ​ទុក​ ​មនុស្ស​ប្រុស ៥​ប្រភេទ​​នេះទោះ​​សង្ហា​​យ៉ាង​ណា​ក៏​មិន​គួរ​យក​ជា​គូ​ជីវិត​ដែរ

អត្ថបទ៖ ផេង ផលធិតា