ស្រីៗចាំទុក មនុស្សប្រុស ៥ប្រភេទនេះទោះសង្ហាយ៉ាងណាក៏មិនគួរយកជាគូជីវិតដែរ
- 2018-08-11 09:48:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗចាំទុក មនុស្សប្រុស ៥ប្រភេទនេះទោះសង្ហាយ៉ាងណាក៏មិនគួរយកជាគូជីវិតដែរ
សម្រាប់មនុស្សស្រី មុនសម្រេចចិត្តមានទំនាក់ទំនងស៊ីជម្រៅជាមួយបុរសណាម្នាក់ អ្នកគួរស្វែងយល់ពីគេឲ្យបានល្អសិន ជាពិសេសនៅពេលណាដែលដឹងថាគេមាន៦ចំណុចខាងក្រោមនេះ សូមប្រញាប់ដកខ្លួន បើអ្នកចង់បានសុភមង្គលពិតប្រាកដ ជាជាងសុភមង្គលក្លែងក្លាយទៅអនាគត។ ចង់ដឹងថា៦ចំណុចនោះមានអ្វីខ្លះសូមតាមដានជាមួយ កញ្ញា ទាំងអស់គ្នា៖
១. មិនឲ្យតម្លៃដៃគូ
ការផ្ដល់កិត្តិយសឲ្យគ្នាទៅវិញទៅមក គឺជារឿងសំខាន់ណាស់សម្រាប់ជីវិតស្នេហា។ បើគេធ្វើអ្វីតែងតែគិតពីអារម្មណ៍ ឬតម្រូវការរបស់អ្នក មិនមើលងាយអ្នក មិនធ្វើឲ្យអ្នកអាម៉ាស់មុខ ទាំងនៅពីមុខ និងពីក្រោយខ្នងនោះមានន័យថាអ្នកមានសំណាងហើយ តែបើគេគ្មានចំណុចទាំងអស់នេះទេនោះ នឹងអាចចាត់ចូលជាប្រភេទគ្រោះថ្នាក់។
២. មានចរិតព្រាន
បើអ្នកស្រឡាញ់បុរសសង្ហា ឬសម្បូរមន្តស្នេហ៍ ក៏ត្រូវកុំភ្លេចដូចគ្នាថាបុរសប្រភេទនេះហើយដែលជាមុខសញ្ញាព្រាននារីច្រើន។ បើគេល្អជាមួយអ្នកតែម្នាក់មិនអីទេ ប៉ុន្តែបើគេបញ្ចេញចរិតព្រានញ៉ែស្រីផ្សេង ឬលួចមានស្រីផ្សេងទាំងកំពុងទាក់ទងអ្នក ម្ដងហើយម្ដងទៀត អ្នកគួរដកខ្លួនជាប្រញាប់ ព្រោះបុរសបែបនេះនឹងមិនអាចឲ្យជីវិតអ្នកមានភាពស្ងប់សុខស្រួលនោះឡើយ ព្រោះត្រូវតាមបារម្ភមុខក្រោយ ខ្លាចគេមានស្រី។ ដូច្នេះហើយគួរស្រឡាញ់បុរសចិត្តមួយថ្លើមមួយទៅប្រសើរជាង។
៣. គ្មានគោលដៅ និងទំនួលខុសត្រូវក្នុងជីវិត
មនុស្សគ្រប់គ្នាគួរតែមានគោលដៅក្នុងជីវិតស្រាប់ទៅហើយ មិនមែនតែបុរសដែលយើងកំពុងសេពគប់ ប៉ុន្តែខ្លួនយើងក៏ត្រូវមានដូចគ្នា។ ការកំណត់គោលដៅក្នុងជីវិតច្បាស់លាស់នឹងជួយឲ្យយើងអាចរៀបចំដំណើរជីវិតដោយមានបែបផែនត្រឹមត្រូវ និងមានកម្លាំងចិត្តក្នុងការធ្វើដំណើរទៅមុខ។ គោលដៅក្នុងជីវិតគ្រួសារក៏សំខាន់ដែរ បើសិនជាអាចអ្នកទាំងពីរគួរតែមានគោលដៅដូចគ្នាក្នុងរៀបចំផែនការគ្រួសារ ពុំដូច្នោះទេ នឹងពិបាកស្វែងរកសុភមង្គល។
៤. ចូលចិត្តប្រើហិង្សា
មនុស្សស្រីគឺជាភេទដែលមានធម្មជាតិទន់ភ្លន់ ដូច្នេះគួរតែទទួលបានការថ្នាក់ថ្នម មិនមែនសម្រាប់ឲ្យបុរសមកវាយ ដំ ច្រំ ធាក់នោះឡើយ។ បើដឹងហើយថាមនុស្សដែលអ្នកកំពុងស្រឡាញ់ចូលចិត្តប្រើកម្លាំងបាយដាក់អ្នក អ្នកគួរតែប្រញាប់ដកខ្លួនវិញល្អជាង ពុំដូច្នោះទេអ្នកនឹងត្រូវរស់នៅជាមួយការឈឺចាប់ទាំងផ្លូវកាយ ផ្លូវចិត្ត។
៥. បុរសញៀនល្បែង
“ល្បែងមិនដែលធ្វើឲ្យអ្នកណាក្លាយជាមានទេ” តែក៏មានមនុស្សមិនតិចដែរដែលរំពឹងថាខ្លួនឯងក្លាយជាអ្នកមានដោយសារល្បែង ហើយល្បែងដែលធ្វើឲ្យបុរសសម័យនេះងប់ងុលជាងគេគឺការភ្នាល់បាល់ ជាពិសេសក្នុងរដូវកាលបាល់ទាត់ពិភពលោកតែម្ដង។ បុរសដែលវក់នឹងល្បែងដល់ថ្នាក់ងើបមុខមិនរួចហើយ នឹងអាចនាំរឿងក្ដៅក្រហាយច្រើនដល់អ្នកទៅអនាគត បើសិនជាអ្នកសម្រេចរួមជីវិតជាមួយគេ។
យ៉ាងណាក៏ដោយ ពេលខ្លះយើងមិនអាចសំឡឹងមើលតែលើភាគីម្ខាងៗឡើយ ព្រោះខ្លួនយើងក៏គួរត្រលប់មកមើលខ្លួនយើងវិញដូចគ្នា ថាតើខ្លួនយើងល្អគ្រប់គ្រាន់សក្ដិសមនឹងបុរសល្អដែលយើងចង់បានហើយឬនៅ?