ទោះស្រឡាញ់គេខ្លាំងប៉ុណ្ណា ក៏កុំបណ្ដោយខ្លួនឲ្យធ្លាក់ចូលកំហុស ៥យ៉ាងនេះ
- 2018-07-25 08:29:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះស្រឡាញ់គេខ្លាំងប៉ុណ្ណា ក៏កុំបណ្ដោយខ្លួនឲ្យធ្លាក់ចូលកំហុស ៥យ៉ាងនេះ
ស្នេហាជាការបន្ថែមរសជាតិជីវិតមួយសម្រាប់មនុស្សយើង ព្រោះនៅពេលមានវាជីវិតរវាងមនុស្ស ២នាក់ក៏អាចចាប់ផ្ដើមផ្លាស់ប្ដូរដែរ។ ពេលខ្លះវាបានជំរុញឲ្យជីវិតអ្នកកាន់តែមានន័យ តែពេលខ្លះទៀតវាក៏ឲ្យអ្នកធ្លាក់ខ្លួនដុនដាបផងដែរ។ យ៉ាងណាក៏ដោយបើសិនជាពេលមួយអ្នកមានស្នេហា អ្នកគួរតែចេះគ្រប់គ្រងវា ហើយដាច់ខាតកុំបណ្ដោយខ្លួនឲ្យមានកំហុស ៥យ៉ាងដូចខាងក្រោមនេះ៖
១. បន្ទាបតម្លៃខ្លួនឯង
ស្រឡាញ់អ្នកណាម្នាក់ខ្លាំងពេក អាចឲ្យអ្នកងប់ងុលខ្លាំង ហើយលែងខ្វល់ពីខ្លួនឯង។ ពេលខ្លះដើម្បីតែមនុស្សម្នាក់នោះ អ្នកអាចធ្វើរឿងឆ្កួតឡប់ ជាច្រើន ដោយលែងខ្វល់ថាអ្នកអន់ ឬថោកទៀតហើយ។ យ៉ាងណាក៏ដោយកុំស្រឡាញ់គេរហូតបន្ទាបតម្លៃខ្លួនឯង ព្រោះពេលនោះអ្នកនឹងស្ដាយក្រោយខ្លាំង ដោយចុងបញ្ចប់អ្នកគ្មានបានអីសោះ ក្រៅពីត្រូវគេមើលងាយ។
**២. ផ្ញើសេចក្ដីសុខខ្លួនឯងទៅលើគេ**
អ្នកចាប់ផ្ដើមមានអារម្មណ៍រីករាយក៏ដោយសារគេ ឈឺចាប់ក៏ដោយសារគេ ហើយមិនអាចធ្វើជាខ្លួនឯងបាន ដូច្នេះភាពកក់ក្ដៅ និងសប្បាយចិត្តរបស់អ្នកគឺអ្នកបានទុកនៅលើមនុស្សម្នាក់ផ្សេងទៀត មិនមែនជាខ្លួនឯង។ ការដែលអ្នកក្លាយទៅជាបែបនេះគឺដូចធ្វើបាបខ្លួនឯងអីចឹង ព្រោះអ្នកអាចនឹងស្លាប់ ឬធ្វើអីផ្ដេសផ្ដេនៅពេលគេចាកចេញពីអ្នក។
៣. ចាប់ផ្ដើមមានទំនាក់ទំនងតិចជាមួយអ្នកដទៃ
ការប្រស្រ័យទាក់ទងរបស់អ្នកជាមួយអ្នកដទៃក៏កាន់តែឆ្ងាយទៅៗ ហើយក៏មិនសូវបានចូលខ្លួនទៅក្នុងសង្គមជាមួយអ្នកដទៃ ពីព្រោះអ្នកមិនចង់ទៅណាឆ្ងាយពីគេ ហើយពេលដែលមានមិត្តភក្តិច្រើនខ្លាចគ្មានពេលសម្រាប់គេ។ កុំដោយសារមានស្នេហា អ្នកបាត់អស់រាល់ការទាក់ទងជាមួយមិត្តភក្តិ ឬគ្រួសារនោះ។
៤. ផ្លាស់ប្ដូរគេ ឬផ្លាស់ប្ដូរខ្លួនឯង
ជាកំហុសមួយដែលមនុស្សភាគច្រើនតែងតែធ្វើ ការស្រឡាញ់មនុស្សម្នាក់មិនមែនផ្លាស់ប្ដូរធម្មជាតិរបស់គេឲ្យមកដូចអ្វីដែលអ្នកចង់បាននោះទេ។ ស្រឡាញ់មនុស្សម្នាក់គឺស្រឡាញ់ចេញពីចិត្ត មិនមែនដោយសារគេមានអ្វីដែលអ្នកត្រូវការឡើយ។ ម្យ៉ាងទៀតកុំដោយសារស្រឡាញ់គេ អ្នកសុខចិត្តបង្ខំខ្លួនឯង ផ្លាស់ប្ដូរខ្លួនឯងនោះ។
៥. បង្ខំគេឲ្យនៅជាមួយអ្នក
ស្នេហាមិនគួរមានការបង្ខំនោះទេ ដូច្នេះអ្នកមិនចាំបាច់ចងគេឲ្យនៅជាមួយអ្នកឡើយ។ គេមានជម្រើសរបស់គេ ហើយបើគេស្រឡាញ់អ្នកមែនគេនឹងមិនទៅណានោះទេ ទោះអ្នកមិនចងគាត់ក៏ដោយ។ មនុស្សចង់ទៅហើយ អ្នកឃាត់ប៉ុណ្ណាក៏មិនជាប់ដែរ។
ស្នេហាអាចនឹងធ្វើឲ្យអ្នកមានក្ដីសុខហើយស្នេហាក៏អាចឲ្យអ្នកឈឺចាប់បានដែរ ដូច្នេះអ្នកត្រូវចេះរៀបចំវាឲ្យបានល្អ៕
ចុចអាន៖៦ចំណុចមនុស្សស្រីអាចសង្កេតលើមនុស្សប្រុសដែលគួររៀបការជាមួយបាន