មនុស្សស្រីពូកែ និងជោគជ័យក្នុងជីវិត មិនអាចខ្វះចំណុចខ្លាំង ៥យ៉ាងនេះឡើយ
- 2018-08-11 08:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីពូកែ និងជោគជ័យក្នុងជីវិត មិនអាចខ្វះចំណុចខ្លាំង ៥យ៉ាងនេះឡើយ
មនុស្សប្រុសជាច្រើននាក់ប្រាកដជាសម្លឹងមកថាមនុស្សស្រីគឺជាភេទទន់ខ្សោយ ឆាប់ចុះចាញ់ មិនមានជំហរផ្ទាល់ខ្លួន មិនសូវហ៊ានអារកាត់ -ល-។ ប៉ុន្តែបច្ចុប្បន្នអ្វីៗបានផ្លាស់ប្ដូរហើយ ហើយឥទ្ធិពលមនុស្សស្រីក្នុងសង្គមក៏មានស្មើគ្នានឹងបុរសដែរ មិនថាក្នុងការងារ ឬគ្រួសារ ស្រ្តីសុទ្ធតែមានតួនាទីសំខាន់។ នៅថ្ងៃនេះដែរកញ្ញានឹងបង្ហាញនូវបុគ្គលិកលក្ខណៈចំនួន ៥ដែលមនុស្សស្រីពូកែនិងជោគជ័យក្នុងជីវិតច្រើនមានដូចគ្នា។
១. អភិវឌ្ឍសមត្ថភាពខ្លួនជានិច្ច
មិនមែនគ្រប់គ្នាកើតមកព្រមជាមួយភាពជោគជ័យនោះទេ។ ការសម្រេចបានជោគជ័យគឺអាស្រ័យលើពេលវេលា និងភាពមោះមុតតស៊ូរបស់មនុស្ស។ មនុស្សស្រីដែលជោគជ័យត្រូវមានព្រមគ្នាទាំងកម្លាំងចិត្តនិងកម្លាំងកាយ ក្នុងការរៀនសូត្រអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឲ្យជឿជាក់ថាចំណេះដឹងរបស់នាងជារបស់សំខាន់ដែលគ្មានអ្វីជំនួសបាន។
២. គ្រប់គ្រងហិរញ្ញវត្ថុបានល្អ
មនុស្សស្រីជោគជ័យភាគច្រើន មានសមត្ថភាពក្នុងការគ្រប់គ្រងចាត់ការចំណូលចំណាយបានយ៉ាងល្អ។ រឿងលុយកាក់គឺជារឿងដែលមនុស្សស្រីភាគច្រើនឲ្យតម្លៃយ៉ាងសំខាន់ ព្រោះវាធ្វើឲ្យពួកគេអាចគ្រប់គ្រងផ្នែកផ្សេងៗក្នុងជីវិតបាន តាមរយៈការសន្សំប្រាក់ ការបណ្ដាក់ទុន និងការគ្រប់គ្រងខ្ទង់ចំណូលចំណាយឲ្យមានរបៀបរៀបរយ។
៣. ចាត់ទុកគ្រួសារនៅលេខរៀងទីមួយ
គ្រួសារមានតួនាទីសំខាន់ណាស់ចំពោះភាពជោគជ័យរបស់មនុស្សស្រី។ មនុស្សស្រីជោគជ័យតែងមានគ្រួសារជាកម្លាំងជំរុញចិត្ត បើទោះបីត្រូវធ្វើការធ្ងន់ ឬមានទំនួលខុសត្រូវខ្ពស់ ប៉ុន្តែពួកនាងនឹងបែងចែកពេលវេលាសម្រាប់គ្រួសារជានិច្ច។ សម្រាប់មនុស្សស្រី ភាពជោគជ័យដែលកើតឡើងលើខ្លួននាង ក៏ជាភាពជោគជ័យរបស់គ្រួសារដូចគ្នា ដូច្នេះហើយទើបមនុស្សស្រីជោគជ័យភាគច្រើនតែងស្វែងរកតុល្យភាពរវាងជីវិតគ្រួសារ និងជីវិតការងារ។
៤. ជំនឿចិត្ត និងមិនចុះចាញ់
ការមានភាពជឿជាក់ និងការខិតខំតស៊ូគឺជាគុណសម្បត្តិដ៏សំខាន់របស់មនុស្សស្រីជោគជ័យ។ សព្វថ្ងៃនេះ មនុស្សស្រីច្រើនត្រូវបានគេវាយតម្លៃទាបជាងបុរស ជាពិសេសក្នុងផ្នែកការងារ។ ប៉ុន្តែមិនថាអ្នកដទៃគិតយ៉ាងណា មនុស្សស្រីដែលពូកែក៏នៅតែមើលឃើញគុណតម្លៃនៃសមត្ថភាពដែលខ្លួនមាន និងមិនព្រមឲ្យនរណាមកបន្ទាបតម្លៃរបស់នាងបានឡើយ។ ភាពជឿជាក់អាចជំរុញឲ្យនាងតស៊ូរហូតបានសម្រេច ទៅតាមគោលដៅដែលនាងបានកំណត់ទុកយ៉ាងច្បាស់លាស់។
៥. មិនខ្លាចនឹងដើរចេញពីទម្លាប់ស្រួលៗ
មនុស្សស្រីរឹងមាំគឺអាចប្រឈមមុខនឹងស្ថានការណ៍ដែលមានភាពប្រថុយប្រថានបាន។ បើទីណាមានឱកាសឲ្យនាងអាចសាកល្បងអ្វីថ្មីៗបាន នាងនឹងសម្រេចចិត្តមិនស្ទាក់ស្ទើរ ហើយសកម្មភាពទាំងអស់នេះតែងនាំនាងទៅកាន់ភាពជោគជ័យ ព្រោះវាស្ដែងឲ្យឃើញពីសមត្ថភាពរបស់នាងក្នុងការសម្របខ្លួនបានគ្រប់ស្ថានការណ៍ ៕