៥មូលហេតុធ្វើឲ្យជីវិតអ្នកធ្វើអ្វីក៏មិនសម្រេចសាច់ការនឹងគេ
- 2018-08-10 09:58:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥មូលហេតុធ្វើឲ្យជីវិតអ្នកធ្វើអ្វីក៏មិនសម្រេចសាច់ការនឹងគេ
មានមូលហេតុជាច្រើនដែលធ្វើឲ្យជីវិតរបស់យើងរីកចម្រើនទៅមុខមិនរួចនឹងគេ។ អ្នកខ្លះជ្រើសរើសបន្ទោសអ្នកដទៃ ឬស្ថានការណ៍ផ្សេងៗ អ្នកខ្លះបិទផ្លូវខ្លួនឯង មិនព្រមទទួលស្គាល់ការពិតនៅជុំវិញ ខណៈអ្នកខ្លះ បែរជាអាចបោះជំហានទៅមុខបានលឿនជាងអ្នកដទៃ។ បើប្រិយមិត្តកញ្ញារូបណាគិតថាខ្លួនឯងកំពុងជួបប្រទះឧបសគ្គក្នុងជីវិត សូមសាកល្បងមកមើលមូលហេតុសំខាន់ចំនួន ៧ដែលធ្វើរាំងស្ទះជីវិតរបស់យើងមិនឲ្យលូតលាស់ទៅមុខ៖
១. ឱបក្រសោបក្ដីស្រមៃដែលមិនអាចទៅរួច
អ្នកណាៗក៏មានក្ដីស្រមៃ ប៉ុន្តែអ្នកខ្លះប្រើជីវិតរស់នៅដោយចងខ្លួនឯងជាមួយក្ដីស្រមៃរវើរវាយ រហូតភ្លេចផ្ដោតលើអ្វីជាការពិត និងមិនព្យាយាមធ្វើការងារចំពោះមុខ។ ដូចជាអ្នកខ្លះមានក្ដីស្រមៃចង់រៀបការជាមួយមនុស្សអស្ចារ្យម្នាក់ ស្រមៃចង់ឈ្នះឆ្នោតរង្វាន់ទីមួយ ហើយនឹងមិនបាច់ធ្វើការអីទាំងអស់។ អ្នកខ្លះស្រមៃថានឹងបានបើកហាងនៅក្រៅប្រទេស ប៉ុន្តែមិនព្រមចាប់ផ្ដើមរៀនភាសា ឬបញ្ចេញសកម្មភាពអ្វីដើម្បីឲ្យបានក្ដីស្រមៃនោះសោះ។
ដំណោះស្រាយ៖
បើអ្នកដឹងខ្លួនថាកំពុងជាមនុស្សបែបនេះ ដំណោះស្រាយនោះគឺ គួរដកឃ្លាពីអ្វីដែលអ្នកធ្វើជាទម្លាប់ ហើយសាកល្បងធ្វើអ្វីម្យ៉ាងដែលយើងមិនធ្លាប់ធ្វើបានសម្រេចកាលពីមុនឲ្យសម្រេចម្ដង។ អារម្មណ៍ដែលធ្វើអ្វីថ្មីបានសម្រេចនោះ នឹងជំរុញឲ្យយើងចង់ធ្វើអ្វីថ្មីៗ ដែលអាចទៅរួចកាន់តែច្រើន ជំនួសឲ្យការរស់នៅជាមួយការស្រមើស្រមៃ។
២. រវល់ធ្វើនេះនោះ រហូតភ្លេចគោលដៅខ្លួនឯង
ធ្លាប់អត់ ដែលប្រាប់ខ្លួនឯងថា ឆែក Facebook មួយភ្លែត សឹមទៅធ្វើការទៀត ប៉ុន្តែចុះឡើងៗក៏ជ្រុលអស់កន្លះម៉ោង ខ្លះដល់ទល់ភ្លឺក៏មាន។ នេះគឺជាចំណុចអាក្រក់មួយនៃបច្ចេកវិទ្យា ដែលធ្វើឲ្យមនុស្សភ្លើតភ្លើនជាមួយទូរសព្ទ ឬបណ្ដាញសង្គម ព្រោះលទ្ធផលរបស់វាគឺ ការងារដែលគួរធ្វើហើយ ក៏បែរជាធ្វើមិនហើយ។
ដំណោះស្រាយ៖
ត្រូវដាក់កំហិតចំពោះ Deadline សម្រាប់ខ្លួនឯង។ រៀបចំការងារណាសំខាន់ ការងារណាត្រូវធ្វើមុន ហើយបែងចែកពេលវេលាឲ្យបានច្បាស់លាស់ មិនរវល់ភ្លើតភ្លើនជាមួយអ្វីផ្សេងៗដែលធ្វើឲ្យយើងបង្ហិនពេលវេលាជីវិត។
៣. តែងបន្ទោសអ្នកដទៃជានិច្ច
សម្រាប់អ្នកដែលឲ្យតែមានរឿងខុសឆ្គង ក៏បែរទៅបន្ទោសអ្នកដទៃក្រៅពីខ្លួនឯង ដូចជាបន្ទោសមេឃដី អាកាសធាតុ បន្ទោសអ្នកនៅជុំវិញខ្លួន ឬសូម្បីតែឪពុកម្ដាយ ថាជាដើមហេតុនៃបញ្ហាទាំងឡាយក្នុងជីវិតរបស់ខ្លួន គួរតែគិតគូរផ្លាស់ប្ដូរការគិតជាថ្មី។ យើងអាចខូចចិត្តចំពោះអ្វីដែលខុសឆ្គងបាន ប៉ុន្តែបើទោះបីយើងបន្ទោសអ្នកដទៃ វាក៏មិនមានប្រយោជន៍អីដែរ មែនអត់?
ដំណោះស្រាយ៖
ដំណោះស្រាយតែម្យ៉ាងគឺរៀនទទួលស្គាល់ និងកែប្រែកំហុសរបស់ខ្លួន ហើយក្រោកឡើងមកតាំងគោលដៅជាថ្មី ព្យាយាមធ្វើអ្វីៗដោយខ្លួនឯង មិនថាបានជោគជ័យ ឬបរាជ័យគឺអាស្រ័យលើខ្លួនឯង។
៤. ខ្វះកម្លាំងជំរុញចិត្ត និងការតស៊ូ
ធ្លាប់តាំងចិត្តធ្វើអ្វីមួយហើយ ប៉ុន្តែបែរបោះបង់វាចោលកណ្ដាលទីអត់? ជឿថាពេលខ្លះ អ្នកក៏ធ្លាប់បែបនេះ ដូចជាគិតថាថ្ងៃនេះនឹងចូល Gym ស្អែកនឹងចាប់ផ្ដើម Diet ប៉ុន្តែធ្វើបានប្រមាណតែមួយអាទិត្យ ឬជាងមួយខែ ក៏ឈប់បាត់។ បញ្ហាបែបនេះគឺដោយសារយើងខ្វះភាពមោះមុត និងកម្លាំងជំរុញចិត្តឲ្យចង់ធ្វើនោះគ្រប់គ្រាន់។
ដំណោះស្រាយ៖
ត្រូវផ្ដោតលើអ្វីដែលអ្នកត្រូវធ្វើ ឬចង់សម្រេចបាន។ អាចចាប់ផ្ដើមម្ដងបន្តិចៗទៅសិន ហើយរំឭកខ្លួនឯងជានិច្ចថាតើវានឹងល្អបែបណាបើយើងធ្វើវាបានជោគជ័យមែនទៅអនាគត។ មិនគួរដាក់សម្ពាធខ្លួនឯងពេកនោះទេ ព្រោះបើយើងស្ត្រេស វាក៏អាចជះផលមិនល្អដល់សុខភាព ឬធ្វើឲ្យយើងបរាជ័យទាំងកណ្ដាលទី។
៥. គិតច្រើនជ្រុល រហូតលែងហ៊ានធ្វើអ្វីទាំងអស់
ការគិតវិភាគច្រើនជ្រុលលើចំណុចខ្សោយរបស់ខ្លួននឹងធ្វើឲ្យយើងមើលឃើញបញ្ហាខ្លួនឯងកាន់តែច្រើន ហើយការគិតទាំងនោះនឹងចាក់ឫសកាន់តែជ្រៅ ធ្វើឲ្យយើងមានអារម្មណ៍កាន់តែមិនល្អចំពោះហេតុការណ៍អាក្រក់ៗ ឬកំហុសឆ្គងផ្សេងៗដែលមិនទាន់ទាំងកើតឡើងផង។ ហើយច្បាស់ណាស់ វានឹងធ្វើឲ្យយើងកាន់តែស្រ្តេស និងមិនហ៊ានចាប់ផ្ដើមធ្វើអ្វីទាំងអស់។
ដំណោះស្រាយ៖
យកល្អ យើងគួរស្វែងរកចំណុចអ្វីដែលវិជ្ជមាន និងអ្វីដែលខ្លួនឯងអាចធ្វើទៅបាន ដែលអាចជួយឲ្យខ្លួនយើងមានអារម្មណ៍ល្អ ស្វាហាប់ និងហ៊ានចាប់ផ្ដើមធ្វើអ្វីម្យ៉ាង។ អាចសាកល្បងពិភាក្សាជាមួយមនុស្សជុំវិញខ្លួន ដើម្បីបានដឹងពីការមើលបញ្ហា និងឧបសគ្គរបស់ខ្លួនឯងក្នុងខ្សែភ្នែកអ្នកដទៃ។ គ្មានជោគជ័យឯណាកើតឡើងបាននោះទេ បើយើងមិនចាប់ផ្ដើមធ្វើ ធ្វើហើយមានត្រូវមានខុស វាជារឿងធម្មតា ៕
ចុចអាន៖
បើរាល់ថ្ងៃកំពុងធ្វើ ១០យ៉ាងនេះ ធានាថា១០ឆ្នាំក្រោយអ្នកនឹងស្ដាយក្រោយខ្លាំង
មានលុយតែម្យ៉ាង មិនបានធ្វើឲ្យជីវិតអ្នកថ្លៃថ្នូរទេ បើគ្មានចំណុចទាំងនេះ