៥សំណួរមនុស្សស្រីគួរសួរខ្លួនឯងថាត្រៀមខ្លួនហើយឬនៅ មុនពេលក្លាយជាប្រពន្ធគេ
- 2018-08-01 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥សំណួរមនុស្សស្រីគួរសួរខ្លួនឯងថាត្រៀមខ្លួនហើយឬនៅ មុនពេលក្លាយជាប្រពន្ធគេ
ជីវិតប្ដីប្រពន្ធមិនអាចដូចពេលនៅខ្លួនមួយ ឬពេលនៅជាសង្សារគ្នាឡើយ ព្រោះនោះជាភាពពិតប្រាកដមួយ ជាទំនួលខុសត្រូវមួយ។ មុនអ្នកសម្រេចចិត្តចោលភាពនៅលីវ អ្នកគួរតែសួរខ្លួនឯងនៅសំណួរប៉ុន្មានដូចខាងក្រោមនេះសិន ដើម្បីត្រៀមខ្លួន នឹងប្រឈមជាមួយបញ្ហាដែលអាចកើតមានកើតរៀបការ ៖
១. មានភាពអត់ធ្មត់ខ្ពស់ឬនៅ?
ជីវិតគ្រួសារមិនមែនដូចកាលនៅសង្សារគ្នាទេ រឿងខ្លះត្រូវឲ្យអ្នកមានការអត់ធ្មត់ខ្ពស់ សង្កត់ចិត្តខ្លាំង ព្រោះបើឆេវឆាវអាចនឹងមានភាពរង្គោះរង្គើក្នុងគ្រួសារ។ រឿងខ្លះអ្នកត្រូវអភ័យទោស រឿងខ្លះអ្នកត្រូវបំភ្លេចចោល រឿងខ្លះអ្នកមិនត្រូវរំលឹក នោះទើបជីវិតប្ដីប្រពន្ធមិនសូវមានជម្លោះ។ បើអ្នកគិតថាអ្នកមិនទាន់មានការអត់ធ្មត់ដល់កម្រិតនោះ អ្នកគួរតែបន្តហាត់ចិត្តខ្លួនឯងបន្តិចទៀតសិន សឹមសម្រេចចិត្តរៀបការ។
**២. ត្រៀមខ្លួនក្នុងការចូលជាគ្រួសារតែមួយឬនៅ?**
រៀបការហើយត្រូវមានញាតិទាំងសងខាង មានឪពុកម្ដាយក្មេក មានបងប្អូនថ្លៃ ដូច្នេះតើអ្នកត្រៀមខ្លួនក្នុងការចូលជាគ្រួសារតែមួយហើយឬនៅ? ពេលអ្នកនៅជាមួយឪពុកម្ដាយបង្កើតអ្នក ប្រហែលជាគ្មានសម្ពាធអីប៉ុន្មានទេ តែរៀបការហើយអ្នកត្រូវគិតគូរច្រើន និងត្រូវមានទំនាក់ទំនងល្អសម្រាប់គ្រួសារទាំងសងខាង ដូច្នេះអ្នកត្រូវគិតពីរឿងនេះឲ្យមែនទែន។
៣. តើអ្នកអាចទ្រទ្រង់គ្រួសារទាំងមូលបានទេ?
អ្នកមានចំណូលគ្រប់គ្រាន់ក្នុងការចំណាយសម្រាប់ជីវិតជាគ្រួសារឬនៅ? ពេលនៅខ្លួនមួយអ្នកអាចគិតសម្រាប់តែខ្លួនអ្នកម្នាក់ តែពេលមានគ្រួសារបន្ទុកក៏កាន់តែកើនឡើង ដូច្នេះអ្នកត្រូវត្រៀមខ្លួនសម្រាប់ការផ្គត់ផ្គង់ក្នុងគ្រួសារទាំងមូល។ ជាការល្អបំផុតអ្នកគួរតែមានរបរ ឬការងារមួយមានស្ថិរភាព មិនគួរណារៀបការទាំងខ្លួនមិនទាន់មានអីសោះឡើយ។
៤. ត្រៀមខ្លួនក្នុងការបាត់បង់សេរីភាពឬនៅ?
មិនមែនមានន័យថារៀបការខ្លួនគ្មានសិទ្ធិធ្វើអ្វីនោះទេ តែសេរីភាពអ្នកនឹងត្រូវបាត់បង់សឹងតែពាក់កណ្ដាល ឬមួយផ្នែកធំ។ អ្នកមិនអាចដើរលេងសប្បាយដូចពេលនៅខ្លួនមួយឡើយ អ្នកមិនអាចអង្គុយផឹកកាហ្វេជាមួយមិត្តភក្តិរាល់ថ្ងៃ ដូចពេលអ្នកមិនទាន់រៀបការឡើយ។ អ្នកនឹងត្រូវរ៉ាប់រងការងារមួយចំណែកធំក្នុងគ្រួសារ ដូច្នេះទោះបីពេលនោះអ្នកមានសិទ្ធិក៏អ្នកពិបាកនឹងដើរហើរដោយឯករាជ្យដែរ។
៥. ត្រៀមខ្លួនក្នុងការធ្វើជាម្ដាយឬនៅ?
រៀបការហើយអ្នកអាចមានពេលក្នុងការសម្រេចចិត្តរឿងកូន តែវាក៏មិនមានពេលយូរដែរ ដូច្នេះតើអ្នកត្រៀមខ្លួនរួចហើយឬនៅ? អ្នកអាចថយសម្រស់ អ្នកអាចឈឺក្បាលជាងមុនជាមួយកូនៗ អ្នកអាចគ្មានពេលសម្រាប់ខ្លួនឯង តើអ្នកទទួលយកបានឬនៅ? អ្នកមានលទ្ធភាពចិញ្ចឹមកូនអ្នកឲ្យបានល្អទេ? មានពេលសម្រាប់កូនអ្នកគ្រប់គ្រាន់ទេ?
ចុចអាន៖មុនជ្រើសរើសបុរសណាម្នាក់ នារីគំនិតចាស់ទុំច្រើនមានទស្សនៈ ៤ នេះក្នុងរឿងស្នេហា