រស់នៅយ៉ាងរឹងមាំ និងមានទំនាក់ទំនងល្អក្នុងសង្គម មនុស្សឆ្លាតតែងមាន ៩ចំណុចនេះ
- 2018-07-30 07:11:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រស់នៅយ៉ាងរឹងមាំ និងមានទំនាក់ទំនងល្អក្នុងសង្គម មនុស្សឆ្លាតតែងមាន ៩ចំណុចនេះ
ដើម្បីថែរក្សាទំនាក់ទំនងជាមួយមនុស្សក្បែរខ្លួន ក៏ដូចជាអ្នកផងក្នុងសង្គម អ្នកត្រូវចងចាំ ៩ចំណុចខាងក្រោមនេះ៖
១. កុំខ្វល់សម្ដីអ្នកដទៃខ្លាំងពេក
នៅពេលមានហេតុការណ៍អ្វីកើតឡើងជុំវិញខ្លួន ឬនៅពេលមានអ្នកណានិយាយអ្វី ឬធ្វើអ្វីមក ពេលខ្លះវាគ្រាន់តែជារឿងរបស់គេ មិនមានអ្វីពាក់ព័ន្ធនឹងយើងឡើយ។ ដូច្នេះកុំយកគ្រប់យ៉ាងមកទុកក្នុងខួរក្បាល ព្រោះអ្នកនឹងនឿយហត់ឥតអំពើ។ គេគិតចំពោះយើងយ៉ាងណា ក៏មិនសំខាន់ស្មើយើងគិតយ៉ាងណាចំពោះខ្លួនឯងឡើយ។
៣. ត្រូវចេះនៅម្នាក់ឯង
មុននឹងដល់ពេលជ្រើសយកគូស្រករ អ្នកត្រូវរៀនរស់នៅម្នាក់ឯងឲ្យរឹងមាំសិន។ រៀនរស់នៅម្នាក់ឯង ដោយមិនបាច់ពឹងពាក់អ្នកដទៃ នោះអ្នកនឹងបានរៀនសូត្រអ្វីៗជាច្រើន ហើយនឹងលែងមានអារម្មណ៍ភ័យខ្លាចចំពោះការបាត់បង់នរណាម្នាក់ពីជីវិត។
៤. គោរពពាក្យសម្ដីខ្លួនឯង
កុំនិយាយដើម្បីឲ្យតែបាននិយាយ ឬនិយាយឲ្យតែផុតពីមាត់ ព្រោះនៅពេលណាដែលអ្នកមិនអាចធ្វើអ្វីតាមដែលខ្លួននិយាយ នោះពាក្យសម្ដីរបស់អ្នកទៅថ្ងៃក្រោយរបស់អ្នកនឹងលែងមានតម្លៃអ្វីទាំងអស់។ មិនថារឿងតូច ឬរឿងធំត្រូវប្រាកដថាខ្លួនធ្វើបាន សឹមនិយាយ។ កុំធ្វើឲ្យគេរំពឹងច្រើនជាងលទ្ធផល ប៉ុន្តែត្រូវធ្វើឲ្យលទ្ធផលបានច្រើនជាងការរំពឹងរបស់គេ។
៥. ស្រលាញ់មិត្ត កុំខ្ចីលុយមិត្ត
មិត្តភ័ក្ដិគ្នាត្រូវជួយគ្នាក្នុងគ្រាអាសន្ន ប៉ុន្តែបើមានជម្រើសផ្សេង អ្នកមិនគួរហារមាត់ខ្ចីលុយមិត្តឡើយ បើមិនចង់ឲ្យមិត្តភាពអ្នកល្អក់កករដោយសាររឿងលុយ។ វាមានបញ្ហាច្រើនអាចកើតឡើង ហើយមានច្រើនករណីហើយដែលមិត្តភ័ក្ដិមើលមុខគ្នាលែងចំដោយសារតែរឿងខ្ចីលុយនេះ។
៦. នៅឲ្យឆ្ងាយពីមនុស្សដែលចូលចិត្តគិតអវិជ្ជមាន
នៅពេលមានមិត្តភ័ក្ដិជាមនុស្សពូកែរិះគន់ និងមានតែគំនិតអវិជ្ជមានចំពោះអ្នកដទៃ វានឹងជះឥទ្ធិពលអវិជ្ជមានមកដល់យើងដែរ។ ការស្ដាប់តែរឿងអាក្រក់ នាំឲ្យឈឺក្បាល គឺជាការបង្ហិនទាំងពេលវេលា និងថាមពលសម្រាប់ជីវិត។ ក្នុងនាមជាមិត្តភ័ក្ដិ យើងអាចស្ដាប់មិត្ត ឬរអ៊ូឲ្យមិត្តស្ដាប់បាន ប៉ុន្តែមិនមែនគ្រប់ពេលនោះទេ។
៧. ត្រូវចាំថាយើងមិនអាចផ្លាស់ប្ដូរអ្នកណាម្នាក់បានឡើយ
យើងមិនអាចផ្លាស់ប្ដូរធម្មជាតិរបស់អ្នកណាទេ ដូច្នេះកុំចំណាយពេលច្រើន និងមានអារម្មណ៍ខូចចិត្តខឹងដោយសាររឿងនេះ។ គួរព្យាយាមទទួលស្គាល់ភាពខុសប្លែករបស់អ្នកដទៃ ហើយបើខឹងនរណាម្នាក់ខ្លាំង គឺគួរតែដើរចេញ ឬគេចចេញមួយរយៈ ល្អជាងនៅនិយាយគ្នាទាំងកំហឹង។
៨. កុំពាក់ព័ន្ធជាមួយមនុស្សអាក្រក់
នៅពេលយើងមានបទពិសោធន៍ជីវិតច្រើន យើងនឹងអាចបែងចែកបានថា អ្នកណាជាមនុស្សល្អ អ្នកណាជាមនុស្សអាក្រក់។ សូមកុំយកខ្លួនឲ្យជាប់ពាក់ព័ន្ធនឹងមនុស្សអាក្រក់ព្រោះអាណិត ព្រោះគេនឹងអាចនាំរឿងក្ដៅក្រហាយឲ្យយើងនៅទីបំផុត។ ធ្លាប់មានច្រើនហើយ អ្នកស៊ីញ៉េធានាឲ្យគេព្រោះអាណិត ចុងក្រោយអ្នកខ្ចីនោះគេចខ្លួនបាត់ គឺអ្នកធានានេះហើយដែលត្រូវសង។
៩. រៀនធ្វើចិត្ត និងបណ្ដោយៗខ្លះ
ពេលជួបបញ្ហាដែលពិបាកដោះស្រាយខ្លាំង ត្រូវប្រាប់ខ្លួនឯងថាទ្រាំៗ បន្តិចទៀតយើងនឹងឆ្លងផុតហើយ។ ត្រូវធ្វើចិត្តឲ្យត្រជាក់ កុំបាច់ចង់ឈ្នះ ចង់ចាញ់ជាមួយអ្នកណា នោះជីវិតយើងនឹងធូរស្រាលច្រើន។
១០. កុំនិយាយត្រង់ពេក
ជនជាតិអាស៊ីយើងច្រើនមិនសូវចូលចិត្តប្រឈមនឹងការពិត ដូច្នេះបើយើងនិយាយត្រង់រហូត ជួនកាលក៏អាចនាំផលមិនល្អឲ្យយើងដែរ។ ការនិយាយការពិតគឺជារឿងល្អ ប៉ុន្តែបើពិតខ្លាំងពេក វាក៏មិនគួរឲ្យស្ដាប់។ គួរព្យាយាមធ្វើឲ្យអ្នកដទៃស្រលាញ់ច្រើន ល្អជាងធ្វើឲ្យអ្នកដទៃស្អប់ ៕