តារា​ថៃ ៦​រូប​ធ្លាប់​រង​ការ​រិះ​គន់​ឡើង​ចុក​ព្រោះ​ស្លៀក​ពាក់​​​ភ្លាវ និង​​ពិបាក​មើល​​ខ្លាំង

  • 2018-07-26 04:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មួយ​រយៈ​ចុង​ក្រោយ​នេះ ក្នុង​សិល្បៈ​ថៃ​ហាក់​មាន​តារា​ជា​ច្រើន​ដែល​រង​គ្រោះ​ដោយ​សារ​ការ​រើស​សម្លៀក​បំពាក់​ខុស​បច្ចេកទេស។ ជាធម្មតា​តារា​ល្បី​ៗ​ម្នាក់​ៗ​តែង​រិះរក​អ្វី​ដែល​ថ្មី​សម្រាប់ Fashion របស់​ខ្លួន​ជា​ពិសេស​នៅ​ពេល​ចូល​រួម​កម្មវិធី​ធំ​ៗ​នានា ពួក​គេ​តែង​សម្រិតសម្រាំង​នូវ​អ្វី​ដែល​ពិសេស​ប្លែក​​ឲ្យ​ខ្លួន​មើល​ទៅ​ស្រស់​ស្អាត​លេច​ធ្លោ​ជានិច្ច។ ប៉ុន្តែ​ក៏​មាន​ម្ដង​ម្កាល​ដែល​សម្លៀកបំពាក់​របស់​ពួក​គេ​មិន​ទទួល​បាន​ការ​សរសើរ តែ​បែរ​ជា​រង​ការ​រិះគន់​​ថា​មិន​សមរម្យ​ទៅ​វិញ។ ខាង​ក្រោម​នេះ នឹង​បង្ហាញ​ពី​ឈុត​សម្លៀក​បំពាក់​របស់​តារា​ស្រី​ល្បី​ៗ​ចំនួន ៥​រូប​ដែល​ទទួល​បាន​ការ​រិះគន់៖

១. ឈុត​ពណ៌​សាច់​របស់ Jui Warattaya

នៅ​លើ​កម្រាល​ព្រំ​ក្រហម​របស់​កម្មវិធី​ខួប​១០​ឆ្នាំ​របស់​ក្រុមហ៊ុន OPPO កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ Jui Warattaya និង​គូ​ស្នេហ៍​ដែល​ត្រៀម​ចូល​រោងការ DJ Push បាន​ដឹកដៃ​គ្នា​​ដើរ​យ៉ាង​ត្រសង ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ដែរ តារា​ស្រី​វ័យ ៣៥ឆ្នាំ​ក៏​បាន​រង​ការ​រិះគន់​ចំពោះ​ឈុត​ពណ៌​សាច់​របស់​នាង ដោយ​មាន​អ្នក​គាំទ្រ​ភាគ​ច្រើន​និយាយ​ថា​មើល​​ទៅ​ដូច​ជា​មិន​ស្លៀក​ពាក់ និង​អាក្រក់​មើល​ខ្លាំង។

២. ឈុត​ខ្លួន​វែង​របស់​បវរកញ្ញា Maria Ehren

បវរកញ្ញា Miss Universe ប្រចាំ​ប្រទេស​ថៃ នាង Maria Ehren ត្រូវ​បាន​គេ​សរសើរ​ជានិច្ច​ចំពោះ​សម្រស់​ស្អាត​បែប​កូន​កាត់​របស់​នាង ប៉ុន្តែ​រ៉ូប​ក្រហម​ម៉ាក Asava ដែល​​នាង​បាន​ជ្រើសរើស​ជា​ឈុត​រាត្រី​សម្រាប់​ការ​ប្រកួត គឺ​ទទួល​បាន​​មតិ​អវិជ្ជមាន​ច្រើន ព្រោះ​ឈុត​នេះ​​​ធ្វើ​ឲ្យ​ខ្លួន​របស់​នាង​មើល​ទៅ​វែង​ជ្រុល បាត់បង់​ភាព​ស្រស់​ស្អាត។

៣. ឈុត​ចាស់​ជាង​វ័យ​របស់ Bella Ranee

ចូល​រួម​ក្នុង​កម្មវិធី​ពាន​រង្វាន់ Daradaily Awards លើក​ទី​៧​កន្លង​ទៅ​នេះ Bella បាន​ជ្រើសរើស​ឈុត​ក្រហម​ពី​ប្រ៊េន​ល្បី Dior ដើម្បី​មក​ទទួល​ពាន​រង្វាន់។ ប៉ុន្តែ​ការ​តែង​ខ្លួន​លើក​នេះ មិន​បាន​ធ្វើ​ឲ្យ​តួ​រឿង “បុព្វេសន្និវាស” ទទួល​បាន​ការ​សរសើរ​ដូច​មុន​ឡើយ តែ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​សម្ដែង​ការ​អាក់អន់​ចិត្ត​ចំពោះ​ការ​ជ្រើសរើស​ឈុត​នេះ​ដែល​ធ្វើ​ឲ្យ​នាង​មើល​ទៅ​ចាស់​ជាង​អាយុ​ខ្លាំង ហើយ​មើល​ទៅ​ធម្មតា​ពេក​ មិន​សក្ដិសម​ជាមួយ​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ដូច្នេះ​​ឡើយ។

៤. ឈុត​លក់​មុខ​របស់ Janie និង Voonsen

មាន​ឱកាស​បង្ហាញ​ខ្លួន​​រួម​គ្នា​លើ​កម្រាល​ព្រំ​នៃ​កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​ដ៏​ធំ​នៅ​ទីក្រុង Cannes ប្រទេស​បារាំង ប៉ុន្តែ​តារា​សម្ដែង​ថា Janie Tienphosuwan និង ​Woonsen Virithipa បាន​ទទួល​ការ​រិះគន់​ថា​រើស​រ៉ូប​​ម៉ូដ​​រញ៉េរញ៉ៃ​ជ្រុល រហូត​មាន Hastag #កើត​នៅ​ថៃ​ស្លាប់​នៅ​Cannes។ ក្នុង​នោះ Janie បាន​ស្លៀក​រ៉ូប​ពណ៌​ផ្កា​ឈូក​ពី​ប្រ៊េន​ថៃ POEM ហើយ Woonsen បាន​ស្លៀក​រ៉ូប​ពណ៌​ផ្ទៃ​មេឃ​ម៉ាក Meshmuseum ដែល​ជា​ប្រ៊េន​ថៃ​ដូច​គ្នា។

៥. ឈុត​សិចស៊ី​ហួស​របស់ Nam Petch

តារា​សម្ដែង Nam Petch បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​សម្រាប់​ឈុត​ដែល​នាង​បាន​ស្លៀក​ចូល​រួម​កម្មវិធី Siam Dara Awards 2018 កន្លង​ទៅ។ ទស្សនិកជន​ជា​ច្រើន​បាន​បញ្ចេញ​មតិថា​ឈុត​នេះ​សិចស៊ី​ជ្រុល​ ទាំង​ដែល​រាង​របស់​នាង​មើល​ទៅ​ធាត់​មិន​សិចស៊ី​សោះ ហើយ​កាយវិការ​ដើរ​លើ​កម្រាល​ព្រំ​របស់​នាង​ក៏​រាង​លើស​ណាស់​ដែរ ៕

ប្រភព៖ Sanook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន