មនុស្ស​ស្រី​គ្មាន​​សង្សារ​ព្រោះ​​ធ្លាប់​បែកបាក់​ស្នេហា​ពីមុន​ គឺ​ជា​នារី​ដ៏​ទាក់ទាញ​បំផុត

  • 2018-07-18 09:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តិច​នាក់​ណាស់​ដែល​បាន​ជួប​ស្នេហា​សម​បំណង​តែ​ម្ដង​ក្នុង​មួយ​ជីវិត ព្រោះ​ភាគ​ច្រើន​តែង​តែ​ជួប​រឿង​បែកបាក់គ្នា​ហើយ​ទើប​អាច​រក​ឃើញ​ស្នេហា​ពិត​មួយ​បាន។ មាន​មនុស្ស​ស្រី​មួយ​ចំនួន​បាន​ផ្ដាច់​ខ្លួន​ចេញ​ពី​ស្នេហា​ទាំង​ស្រុង​តែ​ម្ដង នៅ​ពេល​នាង​ជួប​ស្នេហា​បែកបាក់​​កន្លង​មក។ នេះ​អាច​ថា​មក​ពី​នាង​មិន​ចង់​ចំណាយ​ពេល​ឥត​ប្រយោជន៍​ជាមួយ​មនុស្ស​ខុស​ទៀត ឬ​អាច​មក​ពី​នាង​អស់អារម្មណ៍​ជាមួយ​មនុស្ស​ប្រុស​តែ​ម្ដង។ ការ​ពិត​មនុស្ស​ស្រី​ដែល​មិន​ពាក់ព័ន្ធ​ជាមួយ​រឿង​មនោសញ្ចេតនា​ ដោយសារ​នាង​ធ្លាប់​ជួប​រឿង​បែកបាក់​គ្នា​នោះ គឺ​ជា​មនុស្ស​ស្រី​ដែល​ទាក់ទាញ​បំផុត​សម្រាប់​មនុស្ស​ប្រុស​ដែល​ចង់​បាន​​ជា​គូ​ជីវិត ៖

១. នាង​មាន​បទ​ពិសោធន៍​ស្នេហា

ការ​ពិត​មនុស្ស​ស្រី​ដែល​មាន​បទពិសោធន៍​ស្នេហា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ចំណុច​ខ្លាំង​ជាង​នារី​ដែល​មិន​ធ្លាប់​មាន​សោះ ព្រោះ​យ៉ាង​ហោច​ណាស់​នាង​អាច​យល់​ពី​ទំនាក់ទំនង​មួយ​រវាង​មនុស្ស​ ២​នាក់។ នាង​អាច​យល់​ថា​ពេល​មនុស្ស​ ២​នាក់​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា នឹង​អាច​មាន​បញ្ហា​អ្វី​កើត​ឡើង ហើយ​នាង​ត្រូវ​ត្រៀម​ខ្លួន ត្រៀម​ចិត្ត​របៀប​ណា ដើម្បី​កុំ​ឲ្យ​ជួប​រឿង​ដដែលៗ​ទៀត។

២. មាន​ភាព​រឹង​មាំ

បន្ទាប់​ពី​នាង​បែកបាក់​គ្នា ហើយ​មក​ដល់​ពេល​នេះ​នាង​មិន​អី មាន​ន័យ​ថា​នាង​ទទួល​បាន​មេរៀន​ពី​ស្នេហា​ច្រើន​ដែល​ជួយ​ឲ្យ​នាង​រឹងមាំ​ជាង​នារី​មិន​ធ្លាប់​មាន​សោះ។ នាង​អាច​ទទួល​យក​នូវ​ការ​បែកបាក់​គ្នា​ពី​មុន ដូច្នេះ​នាង​មិន​សូវ​ជា​ទន់ជ្រាយ​ជាមួយ​រឿង​មនោសញ្ចេតនា​ទៀត​ឡើយ បែប​នេះ​ហើយ​ទើប​ពេល​ខ្លះ​នាង​មើល​ទៅ​មិន​សូវ​ជា​ខ្វល់ ឬ​ស្មុគស្មាញ​ច្រើន​ជាមួយ​មនុស្ស​ប្រុស​ឡើយ។

៣. មាន​ភាព​ច្បាស់លាស់

មនុស្ស​ស្រី​ដែល​ធ្លាប់​បែក​បាក់​ស្នេហា គឺ​មិន​ចូលចិត្ត​លេង​សើច​ទៀត​ទេ ដូច្នេះ​ទើប​នាង​សម្រេច​ចិត្ត​ឃុំ​ខ្លួន​ឯង​ចោល ដោយ​មិន​រវល់​ជាមួយ​អ្នក​ណា​ទាំង​អស់ រហូត​ដល់​ពេល​មួយ​ដែល​នាង​អាច​រក​មនុស្ស​ប្រុស​ម្នាក់​ដែល​ច្បាស់​លាស់​បាន។ ភាព​ច្បាស់លាស់​នេះ ធ្វើ​ឲ្យ​នាង​មើល​ទៅ​ស្ងប់ស្ងាត់ និង​មាន​ចំណុច​ខ្លាំង​មួយ​ដែល​អាច​ទាក់ចិត្ត​មនុស្ស​ប្រុស​ម្នាក់​ដោយ​មិន​ដឹង​ខ្លួន។

រូបតំណាង

៤. មាន​ការ​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ

ដោយសារ​តែ​នាង​ធ្លាប់​ជួប​រឿង​ឈឺចាប់​ពីមុន​មក គឺ​ធ្វើ​ឲ្យ​នាង​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ល្អ​ជាង​មុន។ នាង​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ​ក្នុង​ស្នេហា ហើយ​ការ​បញ្ចេញ​អារម្មណ៍​ជាមួយ​មនុស្ស​ប្រុស​ក៏​ដូច​គ្នា គឺ​នាង​ដឹង​ច្រើន។ ទាំង​នេះ​ហើយ​គឺ​អាច​ឲ្យ​នាង​មាន​ការ​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ ដោយ​មិន​ធ្វើ​តាម​អារម្មណ៍​ទាំង​មិន​ដឹង​អី​នោះ​ទេ។

៥. យល់​ពី​មនុស្ស​ប្រុស​បាន​ច្រើន

ហេតុផល​មួយ​ដែល​នាង​អាច​ទាក់ទាញ​ចិត្ត​មនុស្ស​ប្រុស​នោះ​គឺ​នាង​យល់​ពី​គេ​បាន​ច្រើន​ជា​អ្នក​ដែល​មិន​ធ្លាប់​មាន​ស្នេហា។ មួយ​រយៈ​ដែល​នាង​ទាក់ទង​គ្នា​ជាមួយ​អ្នក​មុន នាង​អាច​យល់​បាន​ថា​មនុស្ស​ប្រុស​មាន​ធម្មជាតិ​បែប​ណា ហើយ​នាង​ក៏​អាច​មើល​ពី​មនុស្ស​ប្រុស​បាន​ល្អ​ជាង​មុន​ដែរ។ បាន​មនុស្ស​ស្រី​បែប​នេះ មនុស្ស​ប្រុស​នឹង​មាន​អារម្មណ៍​ថា​នាង​ចាស់ទុំ យល់​គ្នា​ច្រើន មិន​ដូច​ក្មេង​ស្រី​ដែល​ទើប​មាន​ស្នេហា​ទេ។

រូបតំណាង

មនុស្ស​ប្រុស​ណា​ដែល​បាន​នារី​បែប​នេះ នឹង​ទទួល​បាន​អារម្មណ៍​យ៉ាង​ពិសេស​មួយ​ដែល​នាង​បាន​ផ្ដល់​ឲ្យ៕

ចុចអាន៖ការ​ពិត​អ្វី​ដែល​មនុស្ស​ស្រី​ត្រូវ​ការ​ពី​មនុស្ស​ប្រុស​គឺ​សាមញ្ញ​ណាស់ មិន​មែន​ដូច​អ្នក​គិត​ទេ

អត្ថបទ៖ ផេង ផលធិតា