ស្រ្តេស​ខ្លាំង​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​បាត់ អាច​ដោះស្រាយ​ដោយ​ ៦​វិធី​នេះ

  • 2018-07-17 04:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យុវវ័យ​អាយុ​ជិត​ម្ភៃ ឬ​ម្ភៃ​ស្ដើង​នេះ​គឺ​ជា​វ័យ​ដែល​កំពុង​ពេញ​ស្រ្តេស ណា​រឿង​រៀន ណា​រឿង​ការងារ ណា​រឿង​គ្រួសារ ​មិត្តភ័ក្ដិ រឿង​អស់​លុយ​ចាយ​ជា​ដើម។ សម្រាប់​អ្នក​ដែល​កំពុង​ស្រ្តេស​ខ្លាំង ហើយ​ចង់​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា ខាង​ក្រោម​នេះ កញ្ញា នឹង​បង្ហាញ​ជូន​នូវ​ដំណោះស្រាយ​ខ្លះៗ ដែល​ប្រិយមិត្ត​អាច​យក​អនុវត្ត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព៖

១. ឈប់​គិត និង​ទទួល​ស្គាល់​ការ​ពិត​ឲ្យ​បាន

បើ​យើង​កំពុង​ស្រេ្តស​ហើយ នៅ​​យក​រឿង​ស្រេ្តស​មក​គិត​ហើយ​គិត​ទៀត​នោះ វា​មិន​បាន​ជួយ​ឲ្យ​អ្វី​ៗ​ប្រសើរ​ឡើង​នោះ​ទេ ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​ឈឺ​ក្បាល។ ការ​ស្រ្តេស​ខ្លាំង​លើស​ពី​ធម្មតា នឹង​ធ្វើ​ឲ្យ​យើង​មាន​អាការ​គេង​មិន​លក់ រសាប់រសល់ និង​ធ្ងន់ធ្ងរ​បំផុត​នោះ​គឺ​អាច​ឲ្យ​យើង​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ ដូច្នេះ អ្វី​ដែល​ហួស​ពី​សមត្ថភាព​យើង​ គួរ​តែ​បណ្ដោយ​ៗ​ខ្លះ។ ​បញ្ហា​កើត​ឡើង​សម្រាប់​ឲ្យ​យើង​ដោះស្រាយ មិន​​មែន​សម្រាប់​ឲ្យ​យើង​គិត​នាំ​ស្រ្តេស​នោះ​ទេ។

២. ញ៉ាំ​

ការ​ញ៉ាំ​នឹង​ធ្វើ​ឲ្យ​​យើង​មាន​អារម្មណ៍​ល្អ ជា​ពិសេស​របស់​ផ្អែម​ៗ។ សូកូឡា​ខ្មៅ​ត្រូវ​បាន​​ណែនាំ​ថា​ជា​​អាហារ​ល្អ​មួយ​សម្រាប់​កម្ចាត់​ស្រ្តេស ប៉ុន្តែ​បើ​អ្នក​មិន​ចូល​ចិត្ត​សូកូឡា​ទេ គឺ​អាច​ញ៉ាំ​អ្វី​ដែល​អ្នក​ចង់​ញ៉ាំ ញ៉ាំ​អ្វី​ដែល​អ្នក​ចូល​ចិត្ត ញ៉ាំ​ហើយ​សប្បាយ​ចិត្ត​នោះ​នឹង​អាច​ឲ្យ​អ្នក​បាត់​ស្រ្តេស។

៣. ហត់​នឿយ​ អាច​សម្រាក​បាន

បើ​​មិន​អាច​បញ្ឈប់​ការ​គិត​បាន​ទេ គឺ​គួរ​តែ​សម្រាក​លំហែ​ខួរ​ក្បាល​ចេញ​ម្ដង​ទៅ។ គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ ឬ​ពូកែ​រហូត​នោះ​ទេ ដូច្នេះ​បើ​អ្នក​ព្យាយាម​ហើយ​នៅ​តែ​មិន​អាច នោះ​គួរ​តែ​ដក​ខ្លួន​សម្រាក​លំហែ អង្គុយ​សមាធិ ជិះកង់​កម្សាន្ត ឬ​ធ្វើ​សកម្មភាព​អ្វី​មួយ​ដែល​​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ។

៤. ហាត់​ប្រាណ

មិន​ថា​អ្នក​កំពុង​មាន​អារម្មណ៍​រង​សម្ពាធ ស្ត្រេស ​ឬ​មិន​សប្បាយ​ចិត្ត កីឡា​គឺ​ជា​ថ្នាំ​ពិសេស​ដែល​អាច​ឲ្យ​អ្នក​មាន​​អារម្មណ៍​ស្រស់ស្រាយ រំសាយ​អារម្មណ៍​បាន ហើយ​ថែម​ទាំង​អាច​ឲ្យ​អ្នក​ទទួល​បាន​សុខភាព​ល្អ​ថែម​ទៀត។​ ជ្រើសរើស​កីឡា​មួយ​ដែល​អ្នក​ចូល​ចិត្ត​មិន​ថា​ការ​រត់ លេង​យូហ្កា វាយ​សី ហែល​ទឹក ឬ​រាំ​តាម​ចង្វាក់​ភ្លេង​ជាដើម។

៥. ផ្លាស់​ប្ដូរ​បរិយាកាស​ខ្លះ

បរិយាកាស​​ជុំវិញ​ក៏​ទាក់ទង​នឹង​ការ​ស្រ្តេស​ដែរ បើ​យើង​ស្រ្តេស​ហើយ​នៅ​តែ​ឃាំង​ខ្លួន​ឯង​នៅ​កន្លែង​ដដែល​ៗ នោះ​វា​នឹង​ធ្វើ​ឲ្យ​យើង​គិត​វិលវល់​ដដែលៗ​។ ដូច្នេះ គួរ​ចេញ​ទៅ​មើល​លោក​ខាង​ក្រៅ​ខ្លះ ស្វែង​រក​អ្វី​ថ្មី​ៗ​ឲ្យ​ជីវិត​​មាន​ថាមពល។ ប៉ុន្តែ​បើ​ត្រូវ​ទៅ​កន្លែង​ឆ្ងាយ​ៗ កុំ​ភ្លេច​រៀប​ចំ​ពេល​វេលា​ឲ្យ​បាន​ល្អ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា និង​ការងារ។

៦. និយាយ​ដោះដូរ​យោបល់​ជាមួយ​មិត្តភ័ក្ដិ និង​សុំ​ការ​ប្រឹក្សា

បើ​ស្រ្តេស​ខ្លាំង​ពេញ​ខួរ​ក្បាល​មិន​ដឹង​ធ្វើ​អ្វី​បាន​នោះ គួរ​តែ​ទៅ​និយាយ​ជាមួយ​មិត្តភ័ក្ដិ​ដែល​អាច​ទុក​ចិត្ត​បាន ឬ​អ្នក​ដែល​មាន​បទពិសោធន៍​ច្រើន​ជាង​យើង​ដើម្បី​សាក​សុំ​ការ​ប្រឹក្សា​ រក​ដំណោះស្រាយ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ធូរ​ស្រាល។ តែ​ទោះ​យ៉ាង​ណា​ត្រូវ​ប្រើ​ការ​ពិចារណា​ឲ្យ​បាន​ល្អ​ក្នុង​ការ​សម្រេច​ចិត្ត​ដោះស្រាយ​បញ្ហា។ កុំ​ភ្លេច​ថា​បញ្ហា​គឺ​ជា​របស់​យើង ដូច្នេះ​យើង​ក៏​ត្រូវ​ដោះស្រាយ​ខ្លួន​ឯង និង​រើស​យក​វិធី​ណា​ដែល​ល្អ​បំផុត​សម្រាប់​យើង​ដូច​គ្នា ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម