រឿងរ៉ាវដែលអ្នកត្រូវដឹង មុនពេលមានប្តីជាជនបរទេស
- 2018-06-29 07:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវដែលអ្នកត្រូវដឹង មុនពេលមានប្តីជាជនបរទេស
ការមានប្តីជាជនបរទេស គឺការជាការទទួលយករសជាតិថ្មីមួយទៀតក្នុងជីវិត ហើយវាជាការពុះពារមួយផ្នែកដែរ ព្រោះអ្នកត្រូវឆ្លងកាត់រឿងរ៉ាវជាច្រើន ដែលមិនធ្លាប់ជួបពីមុនមក។ ប៉ុន្តែនេះជាអ្វីដែលអ្នកត្រូវតែប្រឈម ដើម្បីស្នេហាជៀសមិនផុតនោះទេ។ ថ្ងៃនេះអ្នកនាង គីម ស្រីរ័ត្ន មានអាយុ ២៦ ឆ្នាំ ដែលជាជនជាតិខ្មែររៀបការជាមួយប្តីជាជនជាតិអូស្ត្រាលី នឹងចូលមកចែករំលែកបទពិសោធន៍ ដល់មិត្តស្រ្តីទាំងអស់គ្នាឲ្យបានដឹង មុនពេលរៀបការប្តីជាជនបរទេស។
១. ត្រូវរស់ឆ្ងាយពីគ្រួសារ
នាងត្រូវទៅតាមស្វាមី ហើយលែងបាននៅជុំគ្រួសារដូចមុន បានត្រឹមឃើញមុខគ្នាតាមវីដេអូខល។ នាងនឹកឃើញគ្រប់ពេលរាល់អនុស្សាវរីយ៍ល្អៗ និងភាពកក់ក្តៅដែលតែងតែទទួលបានពីគ្រួសារ។
២. លែងបានចូលរួមក្នុងពិធីបុណ្យប្រពៃណីជាតិផ្សេងៗ
គីម ស្រីរ័ត្ន នឹកស្រណោះជាងគេ គឺពិធីបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ព្រោះវេលានេះនាងតែងទៅវត្តជុំគ្រួសារ សាច់ញាតិបងប្អូន និងដំណើរកំសាន្តទៅទីកន្លែងផ្សេងៗ។ ទោះបីជានៅបរទេស មានការប្រារព្ធជួបជុំបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យប្រពៃណីជាតិក៏ដោយ ភាពសប្បាយរីករាយ និងដំណើរការនៃកម្មវិធី គឺមិនបានពេញលេញដូចជាកាលនៅស្រុកខ្មែរនោះទេ។
៣. ការទទួលយកនូវទំនៀមទម្លាប់វប្បធម៌ថ្មី
ពេលខ្លះអ្នកអាចនឹងភ្ញាក់ផ្អើល ព្រោះប្រទេសនីមួយៗមានទំនៀមទម្លាប់វប្បធម៌ខុសៗគ្នា ហើយជម្លោះអាចនឹងកើតឡើងបានគ្រប់ពេល បើប្តីប្រពន្ធមានការខ្វែងគំនិតពីភាពខុសគ្នាទាំងនោះ។ អ្នកត្រូវមានការយោគយល់ ទទួលយកអ្វីដែលថ្មី ការផ្លាស់ប្តូរគ្នាទៅវិញទៅមក និងការសម្របខ្លួនឲ្យបានល្អ។
**៤. ភាសា**
ភាសាជាឧបសគ្គដល់ចម្បង សម្រាប់អ្នកដែលចេះតែភាសាដើមរបស់ខ្លួន។ ទម្រាំតែអ្នកអាចយល់ និងប្រើការបាននៅក្នុងទំនាក់ទំនងប្រចាំថ្ងៃ គឺត្រូវចំណាយពេលវេលាយូរ និងមានភាពលំបាកក្នុងការប្រាស្រ័យទាក់ទងគ្នា។
៥. បើនៅផ្ទះអ្នកអាចមានអារម្មណ៍ថាឯកា បើធ្វើការត្រូវហត់នឿយខ្លាំង
ស្រីរ័ត្ន បានប្រាប់ កញ្ញា បន្តទៀតថា ពេលនាងមកដល់ប្រទេសអូស្រ្តាលីដំបូងស្វាមីនាងមិនឲ្យធ្វើការអីនោះទេ ប៉ុន្តែដោយសារតែនៅផ្ទះ មានអាម្មណ៍ថាឯកាធុញថប់ពេក នាងក៏បានរកការងារធ្វើនឹងគេ។ យ៉ាងណាមិញ ការងារនៅទីនោះមិនមែនចេះតែធ្វើ ដើម្បីបំបាត់ភាពអផ្សុកបានឡើយ ត្រូវចំណាយកម្លាំងហត់នឿយច្រើន ឲ្យសមស្របទៅនឹងថ្លៃដែលក្រុមហ៊ុនចំណាយមកលើអ្នក។
៦. អ្នកត្រូវរៀបការដល់ទៅពីរដង
ដើម្បីបំពេញគ្រប់លក្ខណទៅតាមផ្លូវច្បាប់ អ្នកត្រូវរៀបការនៅស្រុកខ្មែរម្តង បន្ទាប់មកអ្នកត្រូវរៀបការម្តងទៀតនៅទឹកដីដែលស្វាមីរស់នៅ ដើម្បីឲ្យសាច់ញាតិដឹងឮទាំងសងខាង និងមានសិទ្ធិពេញលេញក្នុងជីវិតអាពាហ៍ពិពាហ៍៕
ចុចអានបន្ត៖