បើមិនចង់មានបញ្ហាដាច់ខាតកុំស្លៀកពាក់បែបនេះ ពេល​ជិះ​​នៅ​លើ​យន្ត​ហោះ

  • 2018-06-28 02:32:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​រើស​​​សម្លៀក​បំពាក់​ឲ្យបាន​សម​សួនពេល​ធ្វើ​​ដំណើរ​នៅ​លើ​​យន្តហោះ អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​​ស្រួល​ក្នុង​​ខ្លួន ដែល​នេះ​គឺ​ជា​​អ្វី​​គួរតែ​​យក​ចិត្ត​ទុក​ដាក់​បំផុត។ ទោះ​បី​​ជាអ្នក​មាន​​ម៉ូដ​​ដែល​ចូល​ចិត្ត​ស្លៀក​ក៏​ដោយ សំខាន់​​ត្រូវ​ដឹង​ថា​​សម្លៀក​បំពាក់​​​បែប​ណា​ ត្រូវ​ជៀសវាង​​ពេល​​ជិះ​នៅ​​លើ​យន្ត​ហោះ។

​​១. សម្លៀក​បំពាក់ រញ៉េរញ៉ៃ ស្មុគស្មាញ​ច្រើន​​

អ្នក​ត្រូវ​ចំណាយ​ពេល​​អង្គុយយូរ ហើយ​​បើ​អង្គុយ​ជិត​មនុស្ស​​​មាឌ​ធំទៀត រឹតតែ​ចង្អៀត និង​មាន​​​ពេល​ខ្លះ​ជើង​​យន្តហោះ​ត្រូវ​ពន្យា​ពេល​ជាដើម។ បើ​អ្នក​ស្លៀកពាក់​សាំញ៉ាំ​ រញ៉េរញ៉ៃ​ច្រើន ដូចជា​ខោ​អាវ​​អៀម សំពត់​ខ្លី​មាន​រូត​ ឬ​​លេវ​កិប អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​ស្អុះស្អាប់​ មួម៉ៅ ហើយ​ពិបាក​សូម្បី​តែ​ពេល​ចូល​បន្ទប់​ទឹក​​ម្តងៗ។

រូបតំណាង

**​​២.​ សម្លៀក​បំពាក់​​អ្នក​ស្រលាញ់​បំផុត**​​

អ្នក​ប្រហែល​ជា​​ទៅ​ទិញ​ សម្លៀក​បំពាក់​​ថ្មី​​មាន​តម្លៃ​ថ្លៃ ហើយ​ពេញ​ចិត្ត​បំផុត ថែម​ទាំង​​​គុំ​ទុក​​ស្លៀក​ពេល​ជិះ​យន្ត​​ហោះ​ឲ្យ​បាន​ហំ​ហាន​នឹង​គេ។ យ៉ាង​ណា​ អ្នក​ត្រូវ​ដឹង​ថា នៅលើ​យន្តហោះអាហារ ​និង​ភេសជ្ជៈ​​ផ្សេងៗ​ ​ងាយ​នឹង​កំពប់​ប្រឡាក់​ខោអាវ​អ្នក​​ខ្លាំង​ណាស់ ជា​​ពិសេស​​ប្រសិន​បើ​​អ្នក​អង្គុយ​ជិត​​ក្មេង​រពឹស ដូច្នេះ​​បើ​មិន​ចង់​ខូច​អារម្មណ៍ កុំ​​ព្យាយាម​ស្លៀក​សម្លៀក​បំពាក់​ណា​ថ្មី​ហើយ​មាន​​តម្លៃ​ខ្ពស់​​ខ្លាំង​ពេក។

រូបតំណាង

​​៣. សម្លៀក​បំពាក់​ដូច​​ទៅ​លេង​សមុទ្រ​​

បើ​ទោះ​ជា​អ្នក​ មាន​គោលដៅ​​ហោះ​ហើរ​ទៅ​លេង​​សមុទ្រ ឬ​​ទៅ​ប្រទេស​​ដែល​មាន​សីតុណ្ហភាព​ក្តៅ​ក៏​ដោយ មិន​​ត្រូវ​ស្លៀក​ពាក់​វាលៗ​រលុងៗ​ពេកទេ ព្រោះ​នៅ​លើ​យន្តហោះ​អាច​ត្រជាក់​ខ្លាំង​ ដែល​ធ្វើ​​ឲ្យ​អ្នក​ទ្រាំ​មិន​បាន។ អ្វី​ដែល​គួរ​ត្រៀម​​មាន​ដូច​ជា អាវ​ធំ ឬ​អាវក្រៅ​ ស្រោម​ជើង និង​កន្សែង​បង់​ក​ជា​ដើម​។

រូបតំណាង

​​៤. សម្លៀក​បំពាក់​មាន​​សាច់​ក្រណាត់​​ស្កៀប​​រមាស់​​

គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​​ខោអាវ​ណា ដែល​មាន​​សាច់​ស្កៀប​រមាស់ ព្រោះ​វា​នឹង​បង្ក​ការ​រំខាន​​​យ៉ាង​ខ្លាំង ដែល​អ្នក​នឹក​ស្មាន​ពុំ​ដល់។ វា​អាច​ធ្វើ​​ឲ្យ​ស្បែក​ អ្នក​រោល​​​​ទម្រាំ​​ដល់​គោលដៅ​ចុះ​ចត និង​ឆាប់​ធំក្លិន​អាក្រក់​​ពេល​​បែក​ញើស។​

រូបតំណាង

​​៥. ពាក់ស្បែកជើងពិបាកដើរ​​

គួរជ្រើសរើសស្បែកជើងដែលងាយស្រួលដើរ មិនធ្វើឲ្យឈឺ ឬហើមជើង ព្រោះពេលធ្វើដំណើរ អ្នកមិនចាំបាច់លេងស្ទីលខ្លាំងពេកនោះទេ ពិសេសស្បែកជើងកែង ប៉ុន្តែអ្នកអាចពាក់ស្បែកជើងប៉ាត់តា ព្រោះវាមានភាពងាយស្រួលក្នុងការដើរជាង។

រូបតំណាង

​​៦. បាញ់ទឹកអប់​ក្រអូបខ្លាំងពេក​​

អ្នកខ្លាចមានក្លិនមិនល្អ ពេលអង្គុយជិតអ្នកដទៃ ប៉ុន្តែយ៉ាងណាមិនត្រូវបាញ់ទឹកអប់ ឬលាបឡេដែលមានក្លិនក្រអូបខ្លាំងពេកទេ ព្រោះវាអាចសាយពេញយន្តហោះ ពុលគេពុលឯង ហើយអ្នកខ្លះទៀតក៏មានបញ្ហាអាលែកស្ស៊ីជាមួយក្លិន។ ដូចនេះហើយបើចង់បាញ់បន្ថែម អ្នកគួរធ្វើបន្ទាប់ពីការចុះចតរួច។

រូបតំណាង

​​៧. សម្លៀកបំពាក់រលុងរខិករខាកពេក​​

ទោះបីជាអ្នកចង់ស្លៀកខោអាវណា ដែលធូររលុងស្រួលខ្លួនក៏ដោយ ដាច់ខាតកុំឲ្យរខិករខាកពេក ព្រោះអ្នកអាចមើលទៅដូចជាជនសង្ស័យ។ ករណីនេះដែរក៏ធ្លាប់បានកើតឡើង និងចុះផ្សាយនៅក្នុង CBS News ថាជើងយន្តហោះមួយត្រូវពន្យាពេល ដោយសារមានអ្នកធ្វើដំណើរស្លៀកពាក់រលុងៗពេក ធ្វើឲ្យអ្នកត្រួតពិនិត្រគិតថា ពួកគេលាក់អ្វីមួយនៅក្នុងនោះ៕

រូបតំណាង

ចុចអានបន្ត៖

ប្រភព៖ thelist ប្រែ​សម្រួល៖ ដេត ឈុនអ៉ី