ចាយជីវិតវ័យខ្ទង់២០ឆ្នាំមិនស្ដាយក្រោយឡើយ បើអ្នកបានធ្វើ ៧យ៉ាងនេះ
- 2018-06-27 03:38:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាយជីវិតវ័យខ្ទង់២០ឆ្នាំមិនស្ដាយក្រោយឡើយ បើអ្នកបានធ្វើ ៧យ៉ាងនេះ
ភាពជាយុវវ័យគឺឈាមរាវចង់សាកចង់ដឹងគ្រប់យ៉ាង តែពេលចូលដល់វ័យជំទង់ហើយគ្រប់យ៉ាងផ្លាស់ប្តូរបន្តិចម្តងៗ ឧបសគ្គជីវិតក៏មានកាន់តែច្រើន។ ឥលូវនេះមករៀនពីមេរៀនជីវិតដែលកម្រមានអ្នកប្រាប់៖
១. ធ្វើដំណើរកំសាន្តឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន
ការធ្វើដំណើរកំសាន្តគឺជាការបង្កើតអនុស្សាវរីយ៍ និងទទួលយកបទពិសោធន៍ថ្មីៗនៅក្នុងជីវិត។ មុនពេលអ្នកជាប់គាំងដោយគ្រួសារ កូននិងការងារដ៏ស្មុគស្មាញ អ្នកគួរតែចំណាយពេលដើរលេងឱ្យហើយទៅ។
**២. កុំទទួលយកមនុស្សចរិកអន់**
ទំនាក់ទំនងស្នេហាឋិតថេរដោយសារការយោគយល់គ្នា តែការស្រលាញ់ក៏មិនអាចបាំងមុខពេកដែរនៅពេលដែលម្នាក់នោះមិនមែនជាមនុស្សល្អសម្រាប់យើង។ ជីវិតអ្នកគឺមានន័យសម្រាប់មនុស្សល្អៗ ជាពិសេសនៅក្នុងវ័យជំទង់នេះ។
៣. មើលថែទាំស្បែកឱ្យបានល្អ
វ័យជំទង់ជាវ័យដែលកំពុងលូតលាស់ទាំងចរិកលក្ខណៈទាំងរាងកាយ។ ហេតុនេះហើយជៀសវៀងការធ្វេសប្រហែសដែលធ្វើឱ្យអ្នកចាស់ជាងវ័យ ស្បែកឆាប់ជ្រីវជ្រួញ។ ចំណាយពេលថែទាំស្បែក កុំ Make-Up ក្រាស់ៗពេក លាបក្រែមការពារកម្តៅថ្ងៃ។ល។ កុំចាំ ដល់ហួសពេលទើបស្តាយក្រោយ។
៤. ធ្វើម្ហូបដោយខ្លួនឯង
ការដែលធ្វើម្ហូបខ្លួនឯងអាចនឹងពិបាកសម្រាប់អ្នកនៅលីវ ប៉ុន្តែការរៀនធ្វើម្ហូបអាចជួយអ្នកបានច្រើនជាងអ្វីដែលអ្នកគិតទៅទៀត។ អ្នកក៏បានដឹងហើយថាអាហារឥលូវសម្បូរជាតិគីមី ហេតុនេះហើយការធ្វើម្ហូបដោយខ្លួនឯងអាចជួយសុខភាពអ្នកបានច្រើនបំផុត។ ចាប់ផ្តើមទម្លាប់ធ្វើវាដើម្បីមានសុខភាពល្អទៅថ្ងៃក្រោយ។
៥. ជ្រើសរើសការងារដែលសាកសមបំផុតសម្រាប់ខ្លួនឯង
លុយសំខាន់ណាស់សម្រាប់ជីវិត តែវាមិនសំខាន់លើសសុភមង្គលនោះទេ។ កុំលះបង់ខ្លួនអ្នកជាមួយនឹងការងារដែលអ្នកមិនចូលចិត្តទាល់តែសោះ។ ធ្វើការងារណាដែលអ្នកគិតថាល្អបំផុតសម្រាប់អ្នក ហើយអ្នកពេញចិត្តនឹងធ្វើវា។
៦. សន្សំលុយឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ជៀសឱ្យផុតពីបំណុល
ការដែលគ្មានលុយគឺជាពេលវេលាលំបាកបំផុតក្នុងជីវិត ជាពិសេសពេលដែលអត់លុយហើយថែមទាំងមានបំណុលទៀត។ ជម្រើសនឹងគោលដៅរបស់អ្នកត្រូវបានកំណត់ដោយសារតែការជាប់បំណុល។ ដូច្នេះហើយគួរតែរៀនសន្សំទោះច្រើនឬតិចក៏ដោយ។
៧. មានទំនាក់ទំនងជាប់ជានិច្ចជាមួយគ្រួសារ
មានហេតុផលជាច្រើនដែលធ្វើឱ្យបាត់បង់ទំនាក់ទំនងជាមួយមនុស្សនៅក្នុងគ្រួសារ។ ការធ្វើចំណាកស្រុកទៅរៀនឬធ្វើការ មានគ្រួសារ ពេលខ្លះក៏រវល់រហូតភ្លេចទាក់ទងទៅគ្រួសារ។ តែអ្នកត្រូវចាំថាអ្នកកាន់តែពេញវ័យ ឪពុកម្តាយអ្នកកាន់តែចាស់ យើងមិនអាចមើលឃើញថ្ងៃស្អែកមានរឿងអ្វីកើតឡើងទេ។ ចឹងហើយគួរចំណាយពេលឱ្យមានន័យបំផុតជាពិសេសជាមួយគ្រួសារ៕