ពេល​មានស្នេហា មនុស្ស​ស្រី​មិន​គួរ​ផ្លាស់​ប្តូរ​ខ្លួនឯង ៩ យ៉ាងនេះ

  • 2018-06-25 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​​​មានស្នេហា​ មនុស្ស​ស្រី​គ្រប់​រូប​ត្រូវ​ចែក​ឱ្យ​ដាច់​រវាង​រឿងដែល​គួរ​ផ្លាស់​ប្តូរ​ដើម្បី​វា និងរឿង​ដែល​មិន​គួរ​ផ្លាស់​ប្តូរ ​ហើយ​ត្រូវ​ប្រកាន់​គោល​ជំហរ​ឱ្យ​ច្បាស់​លាស់។ ធ្វើជា​ស្រ្តី​រឹងមាំ​ម្នាក់ មិន​គួ​រ​ព្រោះតែ​ស្នេហា​ត្រូវ​លះបង់​របស់​គ្រប់​យ៉ាង​ឡើយ​។ ខាងក្រោម​នេះ​ជា​រឿង​​អ្នក​មិន​ត្រូវ​ផ្លាស់​ប្តូរ​ ដើម្បី​មាន​ស្នេហា​នោះ​ទេ៖

១.​ ភាព​ឯករាជ្យ​

មាន​នារី​ជា​ច្រើន​ដែល​បាត់​បង់​ភាព​ឯករាជ្យ​ ហើយ​ចាប់​ផ្តើម​ពឹង​ផ្អែក​លើ​ដៃ​គូរ​។ ការ​ពឹង​ផ្អែក​លើ​គេ​បែប​នេះ​ធ្វើ​ឱ្យ​មនុស្ស​ស្រី​មាន​អារម្មណ៍​ថា​ខ្លាច​បាត់​បង់​ជ្រុល​ពេក​ និង​មិន​អាច​ខ្វះ​គេ​បាន។ ផ្ទុយ​ទៅ​វិញ​ទោះ​បី​ជា​រៀប​ការ​ ឬ​មិន​ទាន់​រៀប​ការ​ អ្នក​មិន​ត្រូវ​ពឹង​ផ្អែក​លើ​គេ​ពេក​ទេ​។ អ្នក​គួរ​តែ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ពារ​ខ្លួន​ឯង​ និង​ឯករាជ្យ​ពេល​គ្មាន​គេ។​

២.​ ពេល​វេលា​ផ្ទាល់​ខ្លួន​

ពេល​វេលា​ផ្ទាល់​ខ្លួន​គឺ​សំដៅ​លើ​ពេល​ដែល​អ្នក​ចង់​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ ទៅ​កន្លែង​ដែល​អ្នក​ចង់​ទៅ​ដោយ​គ្មាន​ការ​រំខាន​ឬ​ហាម​ឃាត់​ពី​អ្នក​ណា​ទាំង​អស់។​ ប៉ុន្តែ​ពេល​វេលា​នេះ​ក៏​ត្រូវ​មាន​ដែន​កំណត់​ អ្នក​មិន​ត្រូវ​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ច្រើន​ពេក​ ឬ​បោះ​បង់​ពេល​វេលា​ផ្ទាល់​ខ្លួន​ដើម្បី​ស្នេហា​ដែរ។

៣.​ ការ​រង់​ចាំ

ការ​រង់​ចាំ​គឺ​ជា​រឿង​ដែល​មិន​គួរ​ធ្វើ​ទាល់​តែ​សោះ​នៅ​ក្នុង​អត្ថន័យ​ស្នេហា​។ ការ​រង់​ចាំ​នេះ​សំដៅ​លើ​ការ​រង់​ចាំ​មនុស្ស​ដែល​អ្នក​ស្រលាញ់​ឱ្យ​ត្រលប់​មក​វិញ​ ទោះ​បី​ជា​គេ​​ជា​អ្នក​ដែល​ក្បត់​ពាក្យ​សន្យា​ ហើយ​មាន​អ្នក​ថ្មី​ក៏​ដោយ​។

៤.​ លុយ​កាក់

នៅ​ពេល​មាន​ស្នេហា​ មនុស្ស​ស្រី​ខ្លះ​មិន​ស្តាយ​នឹង​ចំណាយ​លុយ​ទិញ​កាដូ​ឱ្យ​មនុស្ស​ខ្លួន​ស្រលាញ់​នោះ​ទេ​ ហើយ​ក៏​មាន​មនុស្ស​ស្រី​ខ្លះ​ទៀត​ព្យាយាម​យក​នុយ​តូច​ទាក់​យក​នុយ​ធំ​ ពោល​គឺ​ចង់​បាន​លុយ​គេ​តែ​ម្តង។​ រឿង​ទាំង​ពី​រយ៉ាង​នេះ​ មិន​ត្រូវ​ធ្វើ​ដាច់ខាត អ្នក​មិន​ត្រូវ​ចំណាយ​ ឬ​រិះ​ពេកទេ​ គួរ​តែ​ចំណាយ​នៅ​ពេល​ចាំ​បាច់ទៅ​បាន​ហើយ។

៥.​ តម្លៃ​ខ្លួន​ឯង

នេះ​គឺ​ជា​រឿង​សំខាន់​​ដែល​ស្រីៗ​ត្រូវ​តែ​រក្សា​ទុក​ឱ្យ​បាន​។​ កុំ​ស្រលាញ់​នរណា​ម្នាក់​រហូត​ដល់​ថ្នាក់​បាត់​បង់​តម្លៃ​ខ្លួន​ឯង​។ អ្នក​ត្រូវ​ឱ្យ​តម្លៃ​ខ្លួន​ឯង​ទើប​គេ​មើល​ឃើញ​តម្លៃ​អ្នក។

៦.​ ចរិយា​សម្បត្តិ

ចរិយា​សម្បត្តិ​រួម​បញ្ចូល​ទាំង​ការ​ស្លៀក​ពាក់ ​របៀប​របប​និង​ចរិក​លក្ខណៈ​ទាំង​ឡាយ​ដែល​អ្នក​មាន។​ ប្រសិន​បើ​អ្នក​ជា​មនុស្ស​រឹង​មាំ​ ឬ​ឡិកឡក់​ដូច​កូន​ក្មេង​មិន​គួរ​ផ្លាស់​ប្តូរ​ខ្លួន​ឯង​ទៅ​ជា​មនុស្ស​ផ្សេង​ទេ​ ប្រសិន​បើ​អ្នក​មិន​ចូល​ចិត្ត​ស្លៀក​រ៉ូប​ទេ​ កុំ​ស្លៀក​អី​ ធ្វើ​ខ្លួន​ឯង​ជា​ខ្លួន​ឯង។

៧.​ ក្តី​ស្រមៃ

ក្តី​ស្រមៃ​អាច​នឹង​ផ្លាស់​ប្តូរ​ពី​ពេល​មួយ​ទៅ​ពេល​មួយ។ តែ​អ្វី​ដែល​សំខាន់​ គឺ​អ្នក​មិន​ត្រូវ​ផ្លាស់ប្តូរ​វា​ដោយ​សារ​តែ​បុរសណា​ម្នាក់​នោះ​ទេ​ ព្រោះ​មាន​តែ​អ្នក​ទេ​ដែល​សម្រេច​ក្តី​ស្រមៃ​នោះ ហើយ​មាន​តែ​អ្នក​ទេ​ដែល​យល់​ច្បាស់​ពី​ខ្លួន​ឯង។​

៨.​ គ្រួសារ​ និង​មិត្ត​ភក្តិ​

គ្រួសារ​ និង​មិត្ត​ភក្តិ​គឺ​ជា​មនុស្ស​ដែល​តែង​តែ​នៅ​ក្បែរ​អ្នក​គ្រប់​ពេល​វេលា​មិន​ថា​អ្នក​លំបាក​យ៉ាង​ណា​ក៏​ដោយ។ ប្រសិន​បើ​ពួក​គាត់​មិន​ពេញ​ចិត្ត​ដៃ​គូរ​អ្នក​ទេ​ អ្នក​គួរ​តែ​ព្យាយាម​តស៊ូ​បញ្ចុះបញ្ចូលភាគី​ទាំង ២ មិន​មែន​បោះបង់​ខាងណា​ម្នាក់នោះ​ទេ។

៩.​ ការងារ

ការ​ងារ​ក៏​ដូច​ជា​ក្តី​ស្រមៃ​ដែរ​គឺ​អ្នក​មិន​ត្រូវ​បោះ​បង់​ចោល​ទេ។ អ្នក​អាច​នឹង​ត្រូវ​គេ​មើល​ងាយ​នៅ​ពេល​ដែល​អ្នក​បោះ​បង់​ការងារ​ហើយ​ពឹង​ផ្អែក​លើ​គេ៕​

ចុចអាន៖ប្រុស​ៗ​មិន​បាច់​ទាល់​តែ​ជា​អ្នក​មាន​ទេ មាន​តែ​៥​ចំណុច​នេះ ស្រី​ៗ​​ណា​ក៏​ចង់​រៀបការ​ជាមួយ​

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម