កែប្រែទម្លាប់នៃការគិត ដែលជាមេរោគដ៏សាហាវនៅក្នុងខួរក្បាល
- 2018-06-21 07:24:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែប្រែទម្លាប់នៃការគិត ដែលជាមេរោគដ៏សាហាវនៅក្នុងខួរក្បាល
ជីវិតមនុស្សលោក មានទាំងសុភមង្គលមានទាំងការឈឺចាប់ គឺអាស្រ័យទៅលើបុគ្គលនិមួយៗ។ ពេលកើតទុក្ខ មានបញ្ហា អ្នកបាននាំមេរោគទៅកាន់ខួរក្បាល ធ្វើឲ្យខួរក្បាលរវើរវាយគិតច្រើន ប៉ុន្តែគ្មានដំណោះស្រាយ ដូច្នេះបើចង់កម្ចាត់មេរោគទាំងនោះចេញ អ្នកត្រូវផ្លាស់ប្តូរចិត្តគំនិតជាមុនសិន នោះជីវិតអ្នកនឹងស្រស់ស្រាយមិនគួរឲ្យជឿ។
អត់ឱនរឿងដែលកន្លងហួស
មានរឿងរ៉ាវជាច្រើនដែល ធ្វើឲ្យអ្នកខឹង មួម៉ៅក្តៅក្រហាយពិបាកបំភ្លេច ប៉ុន្តែបើអ្នកនៅតែទុកវាគុំកួននៅក្នុងចិត្ត អ្នកគ្មានថ្ងៃរកក្តីសុខឲ្យខ្លួនឯងបានឡើយ។ ចាត់ទុកថាវាគ្រាន់តែជាអតីតកាលដែលហួសហើយ ទោះចងគុំនុំក៏អត់បានអីមកវិញដែរ ត្រូវងើបឈរឡើង បន្តដំណើរទៅមុខ គិតគូរពីអនាគត ប្រសើរជាការគិតតែពីស្ងប់អ្នកនេះ ស្ងប់អ្នកនោះ។
បារម្ភភ័យខ្លាចចំពោះរឿងដែលមិនទាន់កើតឡើង
ហេតុអីអ្នកត្រូវបារម្ភភ័យខ្លាច ដេកកើតទុក្ខចំពោះរឿងណាដែលមិនទាន់កើតឡើងនៅឡើយ? អ្នកកំពុងតែរស់នៅក្នុងបច្ចុប្បន្នកាល មិនអតីតកាលឬអនាគតកាលទេ។ បើអ្នកចង់គិតពីអនាគត ត្រូវគិតដោយភាពជឿជាក់និងសប្បាយរីករាយ មិនមែនគិតដោយភាពភ័យខ្លាច។
ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
បើអ្នកចូលចិត្តតែប្រៀបធៀបខ្លួនឯង ជាមួយនឹងមនុស្សដែលខ្ពស់ឬល្អជាង អ្នកនឹងតូចចិត្តនិងមានអារម្មណ៍ថាខ្លួនឯងអន់។ មនុស្សម្នាក់ៗសុទ្ធតែមានចំណុចល្អរៀងៗខ្លួន ដូច្នេះគូរឈប់ធ្វើការប្រៀបធៀបបែបនេះទៀតទៅ។
រិះគន់អ្នកដទៃ
កុំរិះគន់វាយតម្លៃគេ ទាំងដែលអ្នកមិនទាន់បានស្គាល់គេច្បាស់ផង។ កុំទើសគេគ្រប់រឿង ដោយគ្មានហេតុផល ឬគ្រាន់តែឭតៗគ្នាក៏ជឿស្លុង។
ច្រណែនឈ្នានីសអ្នកដទៃ
នេះជាទម្លាប់អាក្រក់ដែលមនុស្សភាគច្រើនតែងតែមាន។ បើអ្នកជាមនុស្សឲ្យតម្លៃលើខ្លួនឯង ចូរកុំមានចិត្តច្រណែនឈ្នានីសអ្នកដទៃ។ បើឃើញគេជោគជ័យ ឬល្អជាងខ្លួន ត្រូវចេះសរសើរ អបអរសាទរនូវអ្វីដែលគេទទួលបាន ហើយខិតខំព្យាយាមធ្វើឲ្យល្អដែរទៅ នោះអ្នកនឹងឃើញលទ្ធផលដោយឯងឯង។
ត្អូញត្អែរច្រើន
មនុស្សចូលចិត្តត្អូញត្អែរច្រើន មិនដែលពេញចិត្តនូវអ្វីដែលគេកំពុងធ្វើនោះទេ ហើយបើធ្វើអ្វីមួយដោយការមិនពេញចិត្ត កិច្ចការទាំងឡាយក៏មិនបានសម្រេចទៅដោយរលូនដែរ មានតែនាំការស្មុគស្មាញដល់ខ្លួនឯងនិងមនុស្សដែលនៅជិត។
គិតអវិជ្ជមាន
មិនត្រូវមានគំនិតអវិជ្ជមានចំពោះខ្លួនឯងទេ ត្រូវគិតថាខ្លួនមានសមត្ថភាពអាចទៅរួច ព្រោះបើមិនទាន់សាកផង ធ្វើម៉េចដឹងថាខ្លួនធ្វើបានឬមិនបាននោះ។
មិនខ្វល់ពីអ្វីទាំងអស់
កើតជាមនុស្ស បើមិនបានខ្វាយខ្វល់ពីអ្វីទាំងអស់សូម្បីតែ គោលដៅឬផែនការនៅក្នុងជីវិតរបស់ខ្លួន អ្នកហាក់បីដូចជាខ្ជះខ្ជាយនិងលេងសើចចំពោះជីវិតខ្លួនឯងពេកហើយក្នុងជាតិនេះ។ យ៉ាងហោចណាស់ក៏ត្រូវដឹងថាផ្លូវណាដែលត្រូវដើរ អ្វីដែលខ្លួនចង់ធ្វើពិតប្រាកដដែរ។
គេចវេះពីទំនួលខុសត្រូវ
បើអ្នកធ្វើខុស ត្រូវហ៊ានទទួលស្គាល់និងកែប្រែកំហុស ព្រោះវាជាការគោរពចំពោះខ្លួនឯងនិងអ្នកដទៃ។ ម្យ៉ាងវិញទៀត ហ៊ាននិយាយហ៊ានធ្វើ កុំបានតែសម្តីគ្មានទំនួលខុសត្រូវ។
ខិតខំប្រឹងប្រែងធ្វើការដើម្បីតែសម្ភារនិយម
អ្នកចិត្តវិទ្យាបានអះអាងថា សម្ភារនិយមមិនមែនជាសុភមង្គលពិតរបស់មនុស្សទេ។ ពេលខ្លះអ្នកដែលមិនសូវសប្បាយចិត្ត ខិតខំចំណាយលុយជាច្រើនទៅលើសម្ភារផ្សេងៗ ដើម្បីធ្វើឲ្យខ្លួនឯងប្រសើរឡើងវិញ ទាំងដែលភ្លេចគិតថាវាជាទម្លាប់មួយដ៏អាក្រក់បំផុត ហើយលុយក៏ពិបាករកបំផុតដែរ ដូច្នេះមិនគួរខ្ជះខ្ជាយទៅលើសម្ភារនិយមអស់ទាំងនោះពេកទេ។
ចុចអានបន្ត៖