ទម្លាប់ទាំង ១០ ជួយឲ្យអ្នកមានស្នាមញញឹមពិតប្រាកដ
- 2018-06-13 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ទាំង ១០ ជួយឲ្យអ្នកមានស្នាមញញឹមពិតប្រាកដ
សុភមង្គលហាក់បីដូចជាទឹករលក មានចុះមានឡើង សំខាន់យើងត្រូវចេះរក្សានិងបង្កើតសុភមង្គលដោយខ្លួនឯង។ ទោះបីជាត្រូវជួបឧបសគ្គលំបាកយ៉ាងណាក៏ដោយ នៅតែមានមនុស្សដែលអាច រក្សាសេចក្តីសុខរបស់គេ ហើយបន្តរស់នៅជាមួយជីវិតដែលប្រកបដោយភាពរីករាយពិតប្រាកដមួយ ហើយភាពរីករាយទាំងនោះ មិនមែនចេះតែកើតឡើងដោយចៃដន្យនោះឡើយ អ្នកត្រូវដឹងពីវិធី ដើម្បីគ្រប់គ្រងអារម្មណ៍ និងមានទន្លាប់ល្អៗ ដើម្បីស្ដារខ្លួនឯងឲ្យមានភាពប្រសើរឡើងវិញ។
១. មានពេលវេលាសម្រាប់ខ្លួនឯងឲ្យបានសមគួរ
ទោះបីជារវល់ជាមួយនឹងការងារឬមនុស្សនៅជុំវិញខ្លួនច្រើនប៉ុនណាក៏ដោយ អ្នកត្រូវឆ្លៀតពេលខ្លះសម្រាប់មើលថែខ្លួនឯង ហើយយ៉ាងហោចណាស់ក្នុងមួយសប្ដាហ៍ មានពេលមួយថ្ងៃទុកសម្រាប់សម្រាកលំហែខួរក្បាល ដោយមិនខ្វល់ពីអ្វីផ្សេងទាំងអស់។
**២. រកមិត្តណាជិតស្និទ្ធរ៉ាយរ៉ាប់ប្រាប់ពីរឿងពិបាកចិត្ត**
ពេលកើតទុក្ខជីវិតហាក់ដូចជាវិលវល់គ្មានទិសដៅ ប៉ុន្តែបើអ្នកអាចរកនរណាម្នាក់ ដែលយល់ចិត្តបំផុតដូចជាមិត្តភ័ក្តិជិតស្និទ្ធជាដើម ហើយនិយាយប្រាប់ពីរឿងនៅក្នុងចិត្តទាំងប៉ុន្មាន ដើម្បីឲ្យបានធូរទ្រូង និងទទួលយកគំនិតយោបល់ល្អៗពីគេ ប៉ុន្តែកុំភ្លេចជួយគេវិញនៅពេលគេកើតទុកដូចជាអ្នក។
៣. រាយក្នុងបញ្ជីអ្វីត្រូវធ្វើមុន អ្វីត្រូវធ្វើក្រោយ
មនុស្សដែលរីករាយ តែងតែធ្វើបែបនេះ ពួកគេត្រូវគត់ទុកនូវអ្វីដែលត្រូវធ្វើម្តងមួយៗ មិនថារឿងតូចឬធំឡើយ ដើម្បីជៀសវាងការពារកុំមានភាពស្មុគស្មាញកាន់តែច្រើន។ ពេលដែលអ្នកបានបំពេញកិច្ចការដែលគត់នោះរួចរាល់សព្វគ្រប់អស់ហើយ អ្នកនឹងមានអារម្មណ៍ស្រលះក្នុងខ្លួន ហើយអាចបង្កើនភាពរីករាយទ្វេដង។
៤. មានទឹកចិត្តចំពោះអ្នកដទៃ
ធ្វើល្អចេញពីក្នុងចិត្ត ជាអ្វីដែលអាចជួយឲ្យអ្នកមានអារម្មណ៍ល្អ ព្រោះអ្នកបានធ្វើឲ្យអ្នកដទៃមានស្នាមញញឹម ហើយស្នាមញញឹមមួយនោះក៏ជាសុភមង្គលមួយសម្រាប់អ្នកដែរ ព្រោះអ្នកបានបង្កើតវាដោយផ្ទាល់ ដូច្នេះការធ្វើល្អ និងការចេះជួយគ្នាទៅវិញទៅមក មិនត្រឹមតែធ្វើឲ្យអ្នកសប្បាយចិត្តនោះទេ វាថែមទាំងអាចធ្វើឲ្យពិភពលោកទាំងមូលមានភាពស្រស់បំព្រងទៀតផង។
៥. ព្យាយាមកម្ចាត់ចោលមនុស្សចរិតពិសពុល ឲ្យអស់ពីក្នុងជីវិត
មិនថាមិត្តភ័ក្តិធ្លាប់រាប់អានគ្នាយូរឆ្នាំ ឬសាច់ញាតិបងប្អូនក៏ដោយ អ្នកណាមានចរិតពិសពុល ដែលនាំឲ្យជីវិតអាប់អួ គួរកម្ចាត់ចេញទៅឲ្យឆ្ងាយ។
៦. ត្រូវប្រាកដថាអ្នកញ៉ាំអាហារដែលល្អសម្រាប់សុខភាពនិងឲ្យបានទៀងពេល
ចង់សប្បាយចេញពីចិត្ត ត្រូវញ៉ាំឲ្យបានគ្រប់គ្រាន់ និងញ៉ាំអាហារណាដែលជំនួយដល់សុខភាព ទើបមិនធ្វើឲ្យអ្នកបាក់កម្លាំង និងមួម៉ៅ។ ជាពិសេសអ្នកជំនាញបានបញ្ជាក់ទៀតថា ការញ៉ាំបន្លែនិងផ្លែឈើឲ្យបានច្រើន អាចជួយឲ្យអារម្មណ៍ស្រស់ស្រាយបានយ៉ាងលឿន។
៧. កន្លែងរស់នៅត្រូវតែមានអនាម័យ និងរបៀបរៀបរយល្អ
មិនថានៅផ្ទះ ឬកន្លែងអង្គុយធ្វើការនោះទេ ត្រូវជូតសម្អាតឲ្យមានអនាម័យ និងរៀបចំឲ្យមានរបៀបរៀបរយ ដោយមិនទុកដល់កង្វក់ខ្លាំង ហើយចាំសរុបតាមក្រោយនោះទេ ព្រោះវានាំឲ្យមានភាពរញ៉េរញ៉ៃកាន់តែខ្លាំង។ បើអ្នកចេះនូវការរៀបចំទុកឲ្យបានស្អាត នោះអារម្មណ៍ក៏ល្អទៅតាមហ្នឹងដែរ។
៨. ធ្វើអ្វីដែលអាចឲ្យខ្លួនឯងសប្បាយចិត្ត
ផ្តល់រង្វាន់សម្រាប់លើកទឹកចិត្តដល់ខ្លួនឯង ដូចជាការដើរផ្សារទិញឥវ៉ាន់ខ្លះៗ ដែលខ្លួនចូលចិត្ត បន្ទាប់ពីធ្វើកិច្ចការអ្វីមួយបានសម្រេច ហើយវិធីនេះគឺល្អបំផុតសម្រាប់ដើម្បីជំរុញអ្នកឲ្យធ្វើការងារបានឆាប់រហ័ស និងគ្មានសម្ពាធ។
៩. នៅតែបន្តគំនិតវិជ្ជមាន និងមិនរងឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅ
ចង់ឲ្យខ្លួនឯងសប្បាយចិត្តជារៀងរាល់ថ្ងៃ លុះត្រាតែអ្នកមានគំនិតវិជ្ជមានជានិច្ច គិតអ្វីដែលល្អៗមកលើខ្លួនឯង គិតថាខ្លួនឯងអាចធ្វើបាន ហើយមិនត្រូវប្រកាន់ខ្ជាប់គំនិតអវិជ្ជមានឡើយ។
១០. ចេះអត់អោនដល់ខ្លួនឯង ព្រោះលើលោកនេះគ្មាននរណាល្អឥតខ្ចោះនោះទេ
កំហុសដែលអ្នកបានធ្វើ មិនមែនអាចបញ្ជាក់ថាអ្នកជាមនុស្សបែបណានោះទ។ មនុស្សដែលចេះធ្វើឲ្យជីវិតរីករាយ គឺជាមនុស្សដែលចេះអត់ឱននិងមិនបន្ទោសខ្លួនឯងក្នុងការសាងកំហុស ព្រោះវាជាបទពិសោធន៍ដែលអ្នកគួររៀន ស្វែងយល់ កែលម្អ និងតស៊ូដើរទៅមុខបន្តទៀតដោយស្នាមញញឹម។ ទោះបីជាសុភមង្គលអាចកើតមានឡើងតាមរបៀបផ្សេងៗគ្នា ប៉ុន្តែមនុស្សគ្រប់គ្នាសុទ្ធតែអាចទទូលបាន គ្រាន់តែត្រូវមានការផ្លាស់ប្តូរការចិត្តគំនិត ទម្លាប់ល្អបន្តិចម្តងៗ នោះស្នាមញញឹមពិតនឹងស្ថិតជាប់នៅក្នុងខ្លួនអ្នកជានិច្ច។
ចុចអានបន្ត៖