មុន​កាត់​សក់​សេះ ស្រី​ៗ​គួរ​ឆ្លើយ​សំណួរ​ទាំង​នេះ​ឲ្យ​បាន​សិន

  • 2018-06-17 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Style សក់​សេះ​អាច​ជួយ​ធ្វើ​ឲ្យ​មុខ​មាត់​មនុស្ស​ស្រី​ប្រែប្រួល​ទៅ​ជា​ស្អាត​ខុស​ពី​សព្វ​មួយ​ដង​បាន ប៉ុន្តែ​ការ​កាត់​សត្វ​បែបនេះ តម្រូវ​ឲ្យ​អ្នក​លះបង់​ពេល​វេលា​ច្រើន។ បើ​ពិតជា​ចង់​កាត់​សក់​នេះ​មែន គួរតែ​ពិចារណា​ឲ្យ​បាន​ច្បាស់​សិន មិន​មែន​មើល​ឃើញ​គេ​កាត់​ស្អាត ហើយ​កាត់​តាម​គេ​ដែរ​នោះ​ទេ។

១.តើ​អ្នក​អាច​លះបង់​ពេល​វេលា​ច្រើន ដើម្បី​ថែ​សក់​របស់​អ្នក​ទេ?

ប្រសិនបើ​រាល់ថ្ងៃ​នេះ​អ្នក​រវល់​មិន​សូវ​បាន​ថែទាំ​សក់​ដិតដល់​ផង កុំ​ចង់​កាត់​សក់​សេះ​បន្ថែម​ទៀត​អី ព្រោះ​ថា​វា​ពិបាក និងមាន​ភាព​ស្មុគស្មាញ​ច្រើន​ណាស់។ ក្រោយ​កាត់​សក់​សេះ​ហើយ អ្នក​ត្រូវតែ​ឧស្សាហ៍​កក់ កៀប មួយ​វិញ​ទៀត​ក៏​ត្រូវ​ឧស្សាហ៍​តម្រឹម​ដែរ ព្រោះ​មិន​ដូច្នោះ​ទេនឹង​ខូច​ម៉ូដ​មិន​ខាន។

២.តើ​ស្បែក​របស់​អ្នក​ឆាប់​មាន​រោគ​មុន​ឬ?

ពេល​ទម្លាក់​សក់​ខាង​មុខ វា​នៅ​ជាប់​នៅ​លើ​ថ្ងាស សក់​ពិតជា​អាច​រំខាន​ដល់​ស្បែក​បាន ព្រោះ​មាន​ភាព​សើម ឬ​ជាតិ​កង្វក់​ដទៃ​ដែល​តោង​សរសៃ​សក់។ ដូច្នេះ​សម្រាប់​អ្នក​មាន​ស្បែក​ឆាប់​កើត​មុន សូម​គិត​ដោយ​ប្រុងប្រយ័ត្ន​មុន​ពេល​កាត់​ម៉ូដ​នេះ។

៣.ទម្រង់​មុខ​របស់​អ្នក?

ការ​ដឹង​ពី​ទម្រង់​មុខ​ខ្លួនឯង​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះ​ថា​បើ​មាន​មុខ​វែង ម៉ូដ​បែបនេះ​ក៏​មិន​សូវ​សម​ជាមួយ​ដែរ។ មុខ​រៀង​មូល​ៗ ហើយ​មាន​ថ្ងាស​ទូលាយ​ពិតជា​សក្ដិសម​បំផុត តែ​បើ​អ្នក​មុខ​វែង​វិញ គឺ​កាត់​ឲ្យ​វែង​ហួស​ភ្នែក​បន្តិច និង​វាស​មក​កៀន​ៗ។

៤.តើ​គុណសម្បត្តិ​ពិសេស​របស់​អ្នក​មាន​អ្វី​ខ្លះ?

បើ​អ្នក​មាន​សក់​ស្ដើង រួញ ពេល​កាត់​ទៅ​នឹង​ធ្វើឲ្យ​មុខ​ចាស់​ជាង​មុន​ទៅទៀត តែ​បើ​អ្នក​មាន​សក់​ក្រាស់ រលោង នឹង​ជួយ​លើក​មុខ​កាន់តែ​ស្អាត។ ក្នុង​ករណី​សក់​អ្នក​ស្ងួត​ពេក សូម​ព្យាបាល​ជាមុន​សិន មុន​សម្រេចចិត្ត​កាត់​បើ​មិន​ដូច្នោះ​ទេ​សក់​នឹង​កាន់តែ​ស្ងួត និង​ក្រាប​ៗ​ជាប់​ក្បាល មើល​ទៅ​មិន​រស់រវើក។

៥.ធ្វើ​តាម​អារម្មណ៍​ឃើញ​គេ​ស្អាត ឬ​មកពី​គិត​ថា​ខ្លួនឯង​សក្ដិសម​នឹង​វា?

ពេល​ឃើញ​អ្នក​ដទៃ​កាត់​ទៅ​ស្អាត ស្ត្រី​ជាច្រើន​ពិតជា​សម្រេចចិត្ត​កាត់​សក់​សេះ​ដែរ​ភ្លាម​ៗ។ ប៉ុន្តែ​បន្ទាប់ពី​មួយ​រយៈ​កន្លង​ទៅ អ្នក​នឹង​សោះអង្គើយ​ជាមួយ​វា ព្រោះ​ពិបាក​ថែ ហើយ​ចាប់ផ្ដើម​មាន​អារម្មណ៍​សោកស្ដាយ​ខ្លាំង៕

ចុចអាន៖ស្អាតបាន​រាល់​ថ្ងៃ ដោយគ្រាន់តែ​រៀន​ធ្វើ​ម៉ូដសក់​ខ្លី Cute Cute តាម​វីដេអូនេះ!

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម