មិនចង់អង្គុយកើតទុក្ខ! ប្ដី​ប្រពន្ធ​មិន​គួរ​ខ្ចី​លុយ​គេ​មក​ទិញ​​របស់​ ៤​ យ៉ាងនេះឡើយ

  • 2018-06-16 00:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​កុំ​ឱ្យ​ជំពាក់​បំណុល​គេ​នាំ​ពិបាក ប្ដីប្រពន្ធ​​ថ្មីថ្មោង​ឬ​គូស្នេហ៍​​គួរ​តែ​​ដឹង​ពី​វិធី​ប្រើ​ប្រាស់​លុយ​ឱ្យ​បាន​ត្រឹម​ត្រូវ។ ការ​ខ្ចី​លុយ​គេ​មក​ប្រើ​ក្នុង​កាលៈទេសៈ​បន្ទាន់​ ឬ​ចាំបាច់​បំផុត​ណា​មួយ​អាច​ជា​រឿង​ដែល​មិន​អាច​ចៀស​វាង​បាន​ ប៉ុន្តែ​ចំពោះ​របស់​ខ្លះ បើ​មិន​ចាំបាច់​ ឬ​បន្ទាន់​ខ្លាំង​ទេ មិន​គួរ​សុខ​ចិត្ត​ទៅ​បុល​គេ​មក​ប្រើ​ឡើយ ព្រោះ​វា​អាច​នាំ​ឱ្យ​អ្នក​ត្រូវ​បែងចែក​ប្រាក់​ចំណាយ​ច្រើន​ផ្នែក ហើយ​បើ​​ពេល​ត្រូវ​ទិញ​របស់​ចាំបាច់​ទៀត នោះ​អ្នក​នឹង​រឹត​តែ​ពិបាក។

១. ទិញ​ឡាន

មាន​ឡាន​ជិះ​គឺ​ជា​រឿង​ដែល​អាច​នាំ​ឱ្យ​សប្បាយ​រីករាយ និង​ស្រួល​ដល់​គ្រួសារ ជាពិសេស​សម្រាប់​ពេល​មាន​កូន​តូច។ ប៉ុន្តែ​បើ​អ្នក​ត្រូវ​ខ្ចី​លុយ​គេ ឬ​ខ្ចី​បុល​ពី​ធនាគារ​មក​ទិញ វា​អាច​នឹង​ធ្វើ​ឱ្យ​ចិត្ត​មិន​សូវ​បាន​ស្រលះ ឬ​សប្បាយ​ជាមួយ​ឡាន​មួយ​នេះ​ឡើយ។ ណា​ត្រូវ​ចំណាយ​លើ​ថ្លៃ​សាំង ណា​ថ្លៃ​បង់​សង​គេ​ដោយមាន​ការ​ប្រាក់​ផង ណា​ប្រាក់​សម្រាប់​ពេល​ជួសជុល​ផង។

យ៉ាង​ណា​ក៏​ដោយ បើ​អ្នក​​​ចាំបាច់​ត្រូវ​តែ​ទិញ​ឡាន ព្រោះ​មាន​កូន​តូច ឬ​ត្រូវ​ទៅ​ឆ្ងាយ​ញឹកញាប់ អ្នក​គួរ​តែ​ពិចារណា​ខ្ចី​ពី​ឪពុក​ម្ដាយ ឬ​សាច់ញាតិ​ដែល​អាច​មិន​គិត​ការ​ប្រាក់​ច្រើន​ដូច​អ្នក​ដទៃ ឬ​ធនាគារ។ សម្រាប់​តម្លៃ បើ​ជ្រុល​ជា​ខ្ចី​លុយ​គេ​ទិញ ក៏​គួរ​ពិចារណា​លើ​តម្លៃ​សមរម្យ​ដែល​ខ្លួន​អាច​មាន​លទ្ធភាព​បង់​ប្រចាំ​ខែដែរ និង​អាច​បង្ការ​ខ្លះ​សម្រាប់​ពេល​ចាំបាច់​ណា​មួយ​ផង។

២. រៀបការ​ឱ្យ​បាន​ធំដុំ​នឹង​គេ​​

ពិត​ណាស់​ថា រៀបការ​មួយ​ជីវិត​ម្ដង​គួរ​តែ​ធ្វើ​ឱ្យ​បាន​ធំ​ដុំ អធិកអធម មាន​ភ្ញៀវ​ចូលរួម​ច្រើន​កុះករ និង​សរសើរ​ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​មើល​លើ​សមត្ថភាព​និង​លទ្ធភាព​របស់​ខ្លួន​ផង។ បើ​មាន​ប្រាក់​ច្រើន​សម្រាប់​ចំណាយ​តែ​ម្ដង វា​មិន​ជា​បញ្ហា​ទេ ប៉ុន្តែ​បើ​ប្រាក់​មាន​កំណត់ ហើយ​ចង់​ធ្វើ​ឱ្យ​ធំ​ដុំ​ដូច​គេ ដោយ​ត្រូវ​រត់​ទៅ​ខ្ចី​បុល​គេ​មក​ធ្វើ នោះ​ពេល​ចប់​ពិធី​ អ្នក​អាច​នឹង​ញញឹម​លែង​សម លែង​មាន​ក្ដី​សុខ​ក៏​ថា​បាន។ រៀបការ​ហើយ​ត្រូវ​រក​លុយ​សង​គេ ធ្វើ​ម៉េច​អាច​មាន​ក្ដី​សុខ​ទៅ​នោះ?

៣. ទិញ​ចិញ្ចៀន​ភ្ជាប់ពាក្យ/រៀបការ

មិន​ខុស​ពី​ចំណុច​ទី​២​ខាង​លើ​ទេ អ្នក​ណា​មិន​ចង់​ល្អ មិន​ចង់​ស្អាត​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន​នោះ។ ប៉ុន្តែ​ឃើញ​ដំរី​ជុះ​ មិន​ត្រូវ​ប្រឹង​ជុះ​តាម​ដំរី​ទេ ត្រូវ​មើល​ពី​លទ្ធភាព​ខ្លួន​ជា​មុន​សិន។ អ្នក​ខ្លះ​សុខ​ចិត្ត​ខ្ចី​លុយ​គេ​ទិញ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ដល់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ តែ​ពេល​រៀបការ​ហើយ​ត្រូវ​មាន​បញ្ហា​ជាមួយ​គ្នា​ដោយ​សារ​តែ​ការ​រក​លុយ​សង​គេ​នេះ​​ឯង។

ចុចអាន៖ មើល​ត្រៀម! ​សំណួរ​រសើប​ៗ​​ដែល​​កូន​កំលោះ​កូន​ក្រមុំ​គេច​មិន​សូវ​ផុត​​ក្នុង​ថ្ងៃ​រៀបការ

៤. ទៅ​​វិស្សមកាល

​វិស្សមកាល ជា​ពិសេស​នៅ​រដូវ​ក្ដៅ គ្រប់​គ្នា​ត្រូវ​ចំណាយ​ប្រាក់​និង​ពេលវេលា​ដើរ​កម្សាន្ត​ឱ្យ​បាន​សប្បាយ​រីករាយ។ ដូច្នេះ​បើ​អ្នក​ចង់​ទៅ​ដើរ​លេង​នឹង​គេ​ តែ​ខ្លួន​គ្មាន​លុយ ហើយ​សុខ​ចិត្ត​ខ្ចី​លុយ​នោះ អ្នក​អាច​នឹង​សប្បាយ​នៅ​ពេល​កំពុង​ស្ថិត​ក្នុង​ដំណើរ​កម្សាន្ត​នេះ​ ប៉ុន្តែ​ពេល​ត្រលប់​មក​វិញ អាច​នឹង​អស់​អារម្មណ៍ ព្រោះ​ត្រូវ​ធ្វើ​ការ​រក​លុយ​សង​គេ​វិញ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម