កំលោះ​សង្ហា​​បង្ហើប​​គន្លឹះ​សំខាន់ៗ ដើម្បី​ក្លាយ​ជា​​អ្នក​​បម្រើ​ការ​​លើ​យន្តហោះ

  • 2018-06-05 02:45:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក ឡុង ផាត្ថានិត ដែល​មាន​វ័យ​​ ២៥ ឆ្នាំ​រូប​នេះ​ បាន​ជាប់​ជា​អ្នក​បម្រើ​ការ​លើ​យន្តហោះ​ (Cabin Crew) ជា​ស្ថាពរ។ ​​​វា​​ជា​ការងារ​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​ទាំង​ស្រី​ទាំង​ប្រុស​​ប្រាថ្នា​ចង់​ធ្វើ។ តាម​ពិត​ទៅ​ កំលោះ​រូប​សង្ហាម្នាក់​នេះ​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​​ច្នៃ​ម៉ូដ​មក​ពី​ប្រទេស​ថៃ និង​មាន​ហាង​លក់​សម្លៀក​បំពាក់​ផ្ទាល់​​ខ្លួន​មួយ​កន្លែង ប៉ុន្តែ​​​ដោយ​សារ​តែ​ការ​​​​ស្រលាញ់ និង​បាន​​ជួប​ការងារ​​នៅ​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន​ ទើប​លោក​សម្រេច​ចិត្ត​ដាក់​ពាក្យ ហើយ​​​សេង​ហាង​ទៅ​ឲ្យ​អ្នកដទៃ​វិញ​​ ព្រោះ​គ្មាន​ពេល​គ្រប់​​គ្រាន់​ក្នុង​ការ​គ្រប់​គ្រង។

រូបតំណាង

Cabin Crew ផាត្ថានិត បាន​ប្រាប់​ វិបសាយកញ្ញា ថា៖

  • មុន​ក្លាយ​ជា​អ្នក​​បម្រើ​ការ​លើ​យន្តហោះ​ម្នាក់ មិន​មែន​ជា​រឿង​​ងាយ​ស្រួល​​ប៉ុន្មាន​ទេ ​មុន​ដំបូង​គ្រាន់​តែ​បាន​ឃើញ​ដំណឹង​​ជ្រើសរើស​បុគ្គលិក​ភ្លាម លោក​​ប្រញាប់​រូត​រះ​​​ដាក់​ពាក្យ​ភ្លែត បាន​ ២-៣​ ថ្ងៃ​ក្រោយ​​មក​ក៏​ទទួល​បាន​អ៉ីមែល ​​ជាប់​​វគ្គ​ចម្រុះ​​៦០​នាក់ ក្នុង​ចំណោម​បេក្ខភាព​​រាប់​រយ​នាក់​ផ្សេង​ទៀត។

  • ផុត​​វគ្គ​ទី​ ១​ ​ឈាន​ដល់​​​ដំណាក់​កាល​ទី​ ២ គឺ​​ត្រូវ​ជម្រុះ​សល់​តែ​​ ៤០​ នាក់​ ដើម្បី​​​​​​ឆ្លង​ទៅ​ដល់​​ការ​សម្ភាសន៍​ផ្ទាល់ ហើយ​នេះ​​គឺ​ជា​ដំណាក់​​កាល​ដ៏​សំ​ខាន់​បំផុត ដែល​បេក្ខជន​ទាំង​អស់​ត្រូវ​តែ​ត្រៀម​ខ្លួន ឲ្យ​បាន​រួចរាល់​ត្រឹម​ត្រូវ។

  • អ្វី​ដែល​​លោក​បាន​ត្រៀម​​ខ្លួន​នោះ​ គឺ​ការ​ជឿ​ទុក​ចិត្ត​លើ​សមត្ថភាព​​​ខ្លួន​ឯង ហើយ​ការ​ទុក​ចិត្ត​ទៀត​សោត គឺ​​បាន​មក​ពី​ចំណុច​ ៣​ សំខាន់ៗ​គឺ៖

១. ចំណេះ​ដឹង

វា​ជា​រឿង​​ចម្បង​ដែល​បេក្ខជន​នីមួយៗ​តម្រូវ​ឲ្យ​មាន​ចំណេះ​ដឹង​រៀងៗ​ខ្លួន​ សម្រាប់​ប្រកួតប្រជែង​ជាមួយអ្នក​​ផ្សេង​ទៀត។ ប៉ុន្តែ​ចំណុច​ពិសេស គឺ​​រូប​លោក​ចេះ​ដល់​ទៅ​ ៣​ ភាសា​​យ៉ាង​ស្ទាត់​ជំនាញ ​ដូច​ជា​​ភាសា​ខ្មែរ អង់គ្លេស និង​ថៃ ដែល​អាច​ជួយ​​យឹតយោង ​និង​មាន​អាទិភាព​​ជាង​បេក្ខភាព​ដទៃ។

២. អាកប្បកិរិយា

​មាន​ចំណេះ​ច្រើន​យ៉ាង​ណា​ក៏​ដោយ​​ បើ​​យើង​មាន​អាកប្បកិរិយា​មិន​ល្អ អ្នក​សម្ភាស​ គេ​នឹង​​គត់​សម្គាល់​ឃើញ​​ភ្លាម ដូច្នេះ​យើង​ត្រូវ​តែ​មាន​ភាព​រួស​រាយ ការ​គោរព ភាព​ស្មោះ​ត្រង់ និង​ស្នាមញញឹម​ដ៏​ស្រស់​ស្រាយ។

៣. សុខភាព​ និង​សម្រស់

មាន​​ពីរ​ចំណុច​ខាង​លើ បើ​ខ្វះ​ចំណុច​ចុង​ក្រោយ​នេះ អ្នក​ក៏​គ្មាន​ឱកាស​ជាប់​ដែរ ព្រោះ​​អ្នក​​ធ្វើ​ការ​បម្រើ​លើ​យន្តហោះ ត្រូវ​មាន​សុខភាព​​ និង​​កាយ​សម្បទា​មាំមួន សម្រស់​ស្រស់​ស្អាត និង​​មាន​កម្ពស់​ចាប់​ពី​ ១.៧៣ ម៉ែត្រដល់ ១.៨៥ ម៉ែត្រ។

រូបតំណាង

សង្ឃឹម​ថា​អ្នក​​ដែល​មាន​បំណង ចង់​ដាក់​ពាក្យ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ ការ​ចែក​រំលែក​មួយ​នេះ។ ​ប្រសិន​បើ​អ្នក​គិត​ថា​ខ្លួនមាន​គ្រប់​ចំណុច​អាច​ទៅ​រួច​ហើយ​ ត្រូវ​ព្យាយាម​ចាប់​ឧកាស​ឲ្យ​បាន ទោះ​បី​មិន​ជាប់​លើក​ទី​១​ ក៏​មិន​ត្រូវ​អស់​សង្ឃឹម​​​ឡើយ ព្រោះ​ទម្រាំ​បាន​ជោគជ័យដូច​ថ្ងៃ​នេះ ផាត្ថាបនិត​ ក៏​បាន​​ធ្លាក់​ម្តង​​រួច​មក​ហើយ​ដែរ។ យ៉ាងណាមិញ​បើ​អ្នក​នៅ​តែ​តស៊ូ​មិន​បោះ​បង់​ចោល នោះ​អ្នក​នឹង​អាច​ឈាន​ទៅ​រក​គោលដៅ​ដែល​ខ្លួន​ចង់​បាន៕

អត្ថបទ៖ ដេត ឈុនអ៉ី

រូបភាពផ្ដល់ឲ្យ