រឿងរ៉ាវ ៣ យ៉ាងដែលអ្នក​គួរតែយល់ពី​ "មនុស្ស​និយាយ​តិច"

  • 2018-06-03 02:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ឮ​ពាក្យ "មនុស្ស​និយាយ​តិច" ឬ ជា​ភាសា​អង់គ្លេស "introvert" អ្នក​តែង​ស្រមៃ​ថា​នរណា​ម្នាក់​ជា​មនុស្ស​​ស្ងប់ស្ងាត់​ និង ឯកោ ​ចូលចិត្ត​ចំណាយ​ពេល​តែ​ឯង និង នៅ​ដាច់​ឆ្ងាយ​ពី​សង្គម​។

ប៉ុន្តែ​មនុស្ស​និយាយ​តិច​ មិន​ស្ថិត​លើ​​ពេលវេលា​ដែល​គេ​ចំណាយ​ជាមួយ​អ្នកដទៃ​ឡើយ តែ​ជា​អ្វី​ដែល​គេ​ចង់​​មាន​មិត្តភាព​ស៊ីជម្រៅ និង មាន​អត្ថន័យ​បំផុត។ ភាព​ខុស​គ្នា​រវាង មនុស្ស​និយាយ​តិច (introvert) និង មនុស្ស​និយាយ​ច្រើន (extroverts) តាម​ពិត​បណ្ដាល​មក​ពី​កត្តា​សំខាន់​ ​គឺ ផ្នែក​ជីវសាស្ត្រ ហើយ វា​បាន​បង្ហាញ​ពី​របៀប​ដែល​ពួកគេ​​​​ចូល​ទៅ​ក្នុង​​ស្ថានភាព​សង្គម។

រូបតំណាង

អ្នក​ស្រី​វេជ្ជបណ្ឌិត​ផ្នែក​ចិត្តវិទ្យា Perpetua Neo បាន​និយាយ​ថា ទាក់ទង​នឹង​ធាតុ​គីមី​នៃ​ខួរក្បាល មនុស្ស​និយាយ​តិច មាន​កម្រិត dopamine​ តិច​ជាង មនុស្ស​និយាយ​ច្រើន។ dopamine​ ជា​ធាតុគីមី​​ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​​នឹង​សរីរាង្គ​ខួរក្បាល​ដែល​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ល្អ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Business Insider។

“បើ​អ្នក​ជា​មនុស្ស introvert អ្នក​តែង​ស្រស់ស្រាយ​ជាង​នៅ​ពេល​អ្នក​​ចំណាយ​ពេល​តែ​ឯង ឬ ជាមួយ​ក្រុម​មនុស្ស​ប៉ុន្មាន​នាក់​ដែល​អ្នក​ទុកចិត្ត។ ដូច្នេះ​ នៅ​ពេល​អ្នក​ចេញ​ទៅ​សង្គម​ខាង​ក្រៅ នោះ​វា​នឹង​ទាមទារ​​ខ្ពស់​ឲ្យ​អ្នក​ត្រូវ​សម្របសម្រួល ខណៈ​ដែល​មនុស្ស extroverts មាន​ភាព​ជឿជាក់​ច្រើន​ជាង ហើយនិង ចាប់​អារម្មណ៍​ខ្លាំង​​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ថ្មី"។ លោក Neo បាន​និយាយ។

ខាង​ក្រោម​នេះ គឺ​ជា​រឿងរ៉ាវ ៣ យ៉ាង​ដែល​អ្នក​តែងតែ​យល់​ខុស​អំពី​ "មនុស្ស​និយាយ​តិច ឬ introvert "៖

​​​​១ ធាតុ​គីមី​នៃ​សរីរាង្គ​ខួរក្បាល​មនុស្ស introvert ខុស​ពី extroverts

របត់​ខួរក្បាល​នៅ​ពេល​ដែល​មនុស្ស​ introvert និង មនុស្ស extroverts នៅ​ក្នុង​សង្គម​ខាង​ក្រៅ ខុស​គ្នា។ extroverts មាន​របត់​នៃ​ការ​គិត​ ខ្លី ឬ លឿន (short pathway) ខណៈ​ដែល មនុស្ស​ introvert មាន​របត់​នៃ​ការ​គិត វែង ឬ យឺត ( Long Acetylcholine Pathway)។ របត់​នៃ​ការ​គិត​របស់​មនុស្ស introvert វែង ឬ យឺត មាន​ន័យ​ថា សកម្មភាព​ជំរុញ ឬ រំញោច ​ត្រូវ​ឆ្លងកាត់​តាមរយៈ​ផ្នែក​ជា​ច្រើន​នៃ​ខួរក្បាល។

​កោសិកា​ខួរក្បាល​ផ្នែក​ខាង​ស្ដាំ​របស់​មនុស្ស គឺ​ជា​កន្លែង​វិនិច្ឆ័យ​កំហុស​ឆ្គង ខណៈ​ដែល​ផ្នែក​ម្ខាង​ទៀត គឺ​ជា​កន្លែង​វាយ​តម្លៃ​លទ្ធផល។ មនុស្ស introvert មាន​ខួរក្បាល​រវល់​ខ្លាំង និង បារម្ភ​ពី​អ្វី​ដែល​នឹង​ត្រូវ​កើត​ឡើង បារម្ភ​ខ្លាច​ខុស ដូច្នេះ​វា​ទាមទារ​ឲ្យ​គេ​គិត​យ៉ាង​យូរ​មុន​នឹង​និយាយ។

រូបតំណាង

អីចឹង​ហើយ​បាន​ជា​មនុស្ស extroverts មាន​ការ​ឆ្លើយ​តប​​ទៅ​នឹង​បរិយាកាស​សង្គម​បាន​លឿន​ជាង មនុស្ស introvert ហើយ​នេះ​ក៏​ជា​គុណវិបត្តិ​​មួយ​ដែល​មនុស្ស​និយាយ​តិច ឬ introvert ពិបាក​សម្រប​ទៅ​ក្នុង​សង្គម​បរិយាកាស​ថ្មី និង ពិបាក​គ្រប់គ្រង​អារម្មណ៍​ដែល​ងាយ​រន្ធត់។ លោក​ស្រី Neo បន្ថែម។

២ ការ​ថប់អារម្មណ៍​របស់​មនុស្ស​ introvert

ដោយសារ​រំញោច​ប្រព័ន្ធ​សរសៃប្រសាទ​ដែល​មាន​មុខងារ ​"មមាញឹក​ក្នុង​ការ​គិត និង សម្រាក" ហេតុ​ផល​នេះ​ហើយ​ទើប​មនុស្ស​ introvert ត្រូវការ​ពេល​ផ្ទាល់ខ្លួន​ដើម្បី​បន្ថែម​ថាមពល​ឲ្យ​ខ្លួន​គេ។ មិន​ថា អង្គុយ​លេង​តែ​ឯង សម្អាត​ផ្ទះ មើល​ភាពយន្ត​លើ Netflix ឬ អាន​សៀវភៅ​​ដែល​ខ្លួន​ចូល​ចិត្ត វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​គេ​បាន​ធូរស្បើយ និង មាន​អារម្មណ៍​សប្បាយ​ចិត្ត។

អ្នក​ស្រី​វេជ្ជបណ្ឌិត​ Neo បាន​និយាយ​ថា ការ​សន្មត​ថា​មនុស្ស​ introvert មិន​ចុះ​សម្រុង​ក្នុង​សង្គម មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​មិន​ថា​អ្នក​ជា​ប្រភេទ​មនុស្ស introvert ឬ extroverts ឬ ជា​មនុស្ស​នៅ​ចន្លោះ​កណ្ដាល​​​នៃ​​ប្រភេទ​មនុស្ស​ទាំង​២​ជំពូក​នេះ​ វា​តែង​មាន​ភាព​ខុស​គ្នា​រវាង introvert ដែល​​មាន​ទំនោរ​ចង់​​នៅ​តែ​ឯង​ដើម្បី​ឲ្យ​គេ​បាន​ធូរស្បើយ និង ​មនុស្ស extroverts ដែល​​ត្រូវការ​ឲ្យ​ខ្លួន​គេ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​បរិយាកាស​អ៊ូអរ។

៣ មនុស្ស​ introvert មិន​ចូល​ចិត្ត​ការ​ជជែក​ជា​ក្រុម

ប្រសិន​បើ​មនុស្ស extroverts ទៅ​​កម្មវិធី​សាធារណៈ​ណា​មួយ គេ​អាច​នឹង​ចង់​និយាយ​ជាមួយ​មនុស្ស​​ដល់​ទៅ​ ៥០ នាក់ ឬ ច្រើន​តាម​ដែល​អាច​​ធ្វើ​ទៅ​បាន ខណៈ​មនុស្ស​ introvert ​សុំ​ត្រឹម​តែ​ចង់​ស្គាល់​មនុស្ស​ថ្មី​២​នាក់​ឲ្យ​ច្បាស់ ដែល​គេ​​សង្ឃឹម​ថា​នឹង​អាច​ចាប់​ផ្ដើម​ពី​ទំនាក់ទំនង​ធម្មតា​ទៅ​ស្និទ្ធស្នាល។

នេះ​ជា​ហេតុ​ផល​មួយ​ដែល Neo ហៅ​ថា​ជា "ជំងឺ​និយាយ​តិច" ហើយ​បន្ទាប់​ពី​នោះ​គេ​នឹង​ត្រូវ​ការ​ពេល​​ផ្ទាល់ខ្លួន​ដើម្បី​បន្ថែម​ថាមពល​ឲ្យ​ខ្លួន​ឯង​តាម​រយៈ​ការ​សម្រាក​ច្រើន​ ឬ អាច​សម្រាក​ដល់​ទៅ​១៨​ម៉ោង មុន​នឹង​ ឲ្យ​ខ្លួន​គេ​ចូល​ទៅ​ក្នុង​បរិយាកាស​សង្គម​សាជាថ្មី។

រូបតំណាង

នៅ​ពេល​មនុស្ស​ introvert ​​ចំណាយ​ពេល​សម្រាក​​​សប្បាយ​ផ្ទាល់​ខ្លួន​តែ​ឯកឯង​របស់​គេ​បាន​កាន់​តែ​ច្រើន នោះ​គេ​នឹង​អាច​បង្កើន​ល្បឿន​នៃ​ការ​រីកចម្រើន​ផ្ទាល់ខ្លួន និង អាជីព​របស់​គេ​បាន​កាន់​តែ​ខ្លាំង។ Neo បាន​និយាយ៕

ចុចអាន៖៦ចំណុចជួយ​អ្នក​ឲ្យ​ផ្លាស់​ប្ដូរ​ពី​​មនុស្ស​ទម្លាប់​អាក្រក់ ទៅ​ជា​មនុស្ស​ជោគជ័យ

ប្រភព៖ sabaynews ប្រែ​សម្រួល៖ សុខ លាងហ៊ត