នារី​ឲ្យ​តែ​មាន​ប៉ុន្មាន​ចំណុច​នេះ ដឹង​តែ​​បុរស​ដណ្ដើម​គ្នា​ចង់​បាន​ជា​ប្រពន្ធ​ហើយ

  • 2018-05-23 06:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​ណា​ដែល​ថា​មិន​ចង់​បាន​ប្រពន្ធ​ល្អ​ទៅ ដូច្នេះ​ហើយ​ទើប​បាន​ជា​យើង​តែង​តែ​ឮចាស់ៗ​និយាយ​ថា «​ធ្វើ​ខ្លួន​ឲ្យ​តែ​ល្អ​ទៅ មិន​ខ្វះ​ទេ​ប្ដី»។ ពាក្យ​នេះ​ពិត​ជា​ត្រូវ​ណាស់​ព្រោះ​រឿង​រៀប​ការ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​មិន​មែន​យក​តាម​តែ​ចិត្ត​ចង់​នោះ​ទេ​ព្រោះ​វា​ជា​អនាគត​គ្រួសារ​មួយ​ទាំង​មូល។ សម្រាប់​នារី​ដែល​ចង់​ឲ្យ​ខ្លួន​ក្លាយ​ជា​មនុស្ស​ដែល​បុរស​ដណ្ដើម​គ្នា​ចង់​បាន​ជា​ប្រពន្ធ​នោះ​គួរ​តែ​ទម្លាប់​ខ្លួន​ឲ្យ​មាន​ចំណុច​ទាំង​នេះ ៖

១. ឆ្លាត ហើយ​ចេះ​លេង​សើច

ជា​ប្រភេទ​មនុស្ស​ស្រី​ម្នាក់​ដែល​តែង​ផ្ដល់​ភាព​រីករាយ​ឲ្យ​មនុស្ស​ប្រុស​ជានិច្ច។ ទោះ​មក​ពី​ក្រៅ​ហត់​ប៉ុណ្ណា មិន​សប្បាយ​ចិត្ត​ប៉ុណ្ណា​ក៏​ដោយ​ឲ្យ​តែ​ជួប​មុខ​នាង នៅ​ក្បែរ​នាង​គឺ​គេ​បាត់​អស់​ភាព​សោកសៅ​នោះ។ នេះ​មក​ពី​នាង​ដឹង​ថា​អ្វី​គួរ​ធ្វើ​ អ្វី​មិន​គួរ​ធ្វើ​ និង​ចរិត​បែប​គួរ​ឲ្យ​ស្រឡាញ់​ដែល​នាង​មាន​មក​ជាមួយ​ស្រាប់។ មនុស្ស​ស្រី​ដែល​ឆ្លាត​ទោះ​មនុស្ស​ប្រុស​នៅ​ជាមួយ​យូរ​យ៉ាង​ណា​ក៏​ដោយ​ក៏​មិន​ចេះ​ធុញ​ដែរ។

រូបតំណាង

**២. ចេះរក្សាអាថ៌កំបាំង**

នាង​មិន​ចូលចិត្ត​បើក​ចំហ​រឿង​ខ្លួន​ឯង​ច្រើន​ពេក​នោះ​ទេ​ នាង​តែង​រក្សា​នូវ​អាថ៌កំបាំង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ជា​ច្រើន​កាន់​តែ​ចង់​ដឹង​ពី​នាង។

នាង​មិន​ចូលចិត្ត​បង្ហាញ​អារម្មណ៍​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​ណា​ទេ តែ​នាង​បាន​ទាញ​អារម្មណ៍​របស់​មនុស្ស​ប្រុស​នៅ​ពេល​នាង​កាន់​តែ​ស្ងប់ស្ងាត់។ ម្យ៉ាង​ទៀត​មនុស្ស​ប្រុស​គឺ​ស្រឡាញ់​បំផុត​នារី​ដែល​មិន​បើក​ចំហ​ពេក​ព្រោះ​គេ​ជឿ​ថា​នារី​បែប​នេះ​ទៅ​ថ្ងៃ​ក្រោយ​ទោះ​មាន​បញ្ហា​អី​ក៏​មិន​ចេះ​រំអួយ និង​រអ៊ូ​ច្រើន​ដែរ។

៣. ចេះ​ការងារ​ផ្ទះ​មួយ​ចប់

ប្រហែល​នារី​សម័យ​ទំនើប​មិន​សូវ​ជា​ខ្វល់​រឿង​ការងារ​ផ្ទះ​ប៉ុន្មាន​ទេ​ព្រោះ​គេ​គិត​ថា​វា​មិន​មែន​ជា​រឿង​ចាំបាច់​ទៀត​ឡើយ។ យ៉ាង​ណា​ក៏​ដោយ​មនុស្ស​ប្រុស​ក៏​តែ​មើល​លើ​រឿង​នេះ​ព្រោះ​គេ​គិត​ថា​នារី​ដែល​ចេះ​ការងារ​ផ្ទះ​នឹង​ធ្វើ​ឲ្យ​គ្រួសារ​គេ​មាន​ក្ដី​សុខ។ នៅ​ពេល​ផ្ទះ​ស្អាត ម្ហូបឆ្ងាញ់ គ្រប់​យ៉ាង​មាន​របៀបរៀបរយ អារម្មណ៍​ និង​ផ្លូវ​ចិត្ត​របស់​អ្នក​នៅ​ក្នុង​ផ្ទះ​ក៏​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។

៤. រស់​នៅ​ក្នុង​ជីវិត​ពិត

មាន​មនុស្ស​ស្រី​ខ្លះ​ចូលចិត្ត​យក​ជីវិត​ខ្លួន​ឯង​ទៅ​រស់​នៅ​ក្នុង​រឿង​និទាន ឬ​សម្ដែង​ឲ្យ​គេ​ឃើញ​ថា​នាង​អស្ចារ្យ។ ដោយឡែក​នារី​ដែល​រស់​នៅ​ក្នុង​ភាព​ពិត​ប្រាកដ​នោះ គឺ​នារី​ដែល​អាច​រ៉ាប់រង​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង។ នាង​មិន​ចូលចិត្ត​បង្អួត​អ្នក​ណា ឬ​ធ្វើ​អ្វី​ដែល​មិន​មែន​ជា​ការពិត​ឡើយ។ នាង​សុខចិត្ត​ធ្វើ​ម្ហូប​ដ៏​ឆ្ងាញ់​មួយ​ចាន​ជូន​ប្ដី​ញ៉ាំ មិន​មែន​សុំ​ឲ្យ​ប្ដី​កាន់​វែក​កាន់​ចាន​ហើយ​ថត​បង្ហោះ​ឲ្យ​គេ​ច្រណែន​ទេ។

៥. រឹង​មាំ និង​ឯករាជ្យ

មនុស្ស​ប្រុស​មើល​ណាស់​ថា​នារី​បែប​ណា​ដែល​អាច​ក្លាយ​ជា​ប្រពន្ធ​គេ​បាន​ព្រោះ​ទៅ​ថ្ងៃ​ក្រោយ​នាង​ត្រូវ​រឹងមាំ​ធ្វើ​ជា​ជំហរ​គ្រួសារ និង​កូនៗ​គេ​ដូច​គ្នា។ នារី​ដែល​មិន​ទន់​ជ្រាយ​ចាំ​តែ​ពឹង​គេ គឺ​អាច​ពិបាក​ទៅ​ថ្ងៃ​ក្រោយ​ពេល​ដែល​រៀប​ការ​រួច​ព្រោះ​គេ​ជឿថា​គេ​នឹង​កាន់​តែ​មាន​បន្ទុក​ច្រើន ហើយ​មិន​អាច​មើល​ថែនាង​បាន​គ្រប់គ្រាន់​ទេ ដូច្នេះ​នាង​ត្រូវ​ចេះ​ថែរក្សា​ខ្លួន​ និង​គ្រួសារ​ជំនួស​គេ។

៦. អាច​ផ្គត់ផ្គង់​ខ្លួន​ឯង​បាន

នាង​មាន​ការងារ មាន​ប្រាក់​ខែ​នោះ​ពិត​ជា​ចំណុច​ខ្លាំង​មួយ​ដែល​មនុស្ស​ប្រុស​ពិបាក​នឹង​ប្រកែក​ថា​មិន​ចង់​បាន​ណាស់។ គេ​ជឿ​ថា​នារី​ដែល​មាន​ឯករាជ្យ​នាង​លុយកាក់​គឺ​ជា​នារី​ដែល​ខ្លាំង​ម្នាក់​ព្រោះ​នាង​មិន​មែន​ចាំ​តែ​លាដៃ​សុំ​លុយ​ប្ដី​ចាយ ហើយ​ក៏​អាច​នាំ​គ្រួសារ​ទៅ​កាន់​ភាព​មាន​បាន​បាន​ដែរ៕

រូបតំណាង

ចុចអាន៖រៀប​ការ​នឹងបុរស​បែប​ណា​ទើប​មិន​​ខក​ខ្លួន? ៧​ចំណុច​​ដែល​ត្រូវ​មើល​ មុន​ជ្រើស​គេ​ជា​គូ​ជីវិត

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម