ជីវិត​ពេល​ខ្លះ​ក៏​ហត់នឿយ​ខ្លាំង តែ​កុំ​បោះបង់​ព្រោះ​វា​ក៏​នៅ​មាន​រឿង​ស្រស់ស្អាត​ជា​ច្រើន​ទៀត​ដែរ

  • 2018-05-22 09:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​សុទ្ធ​តែ​មាន​បញ្ហា គ្រាន់​តែ​បញ្ហា​នោះ​តូច ឬ​ធំ​តែ​ប៉ុណ្ណោះ។ អ្នក​ខ្លះ​ចាប់​ផ្ដើម​បាក់ទឹកចិត្ត​នៅ​ពេល​ដែល​ជួប​រឿង​មិន​ល្អ ជួប​រឿង​មិន​សម​បំណង​ក្នុង​ជីវិត។

រូបតំណាង

តើ​អ្នក​មាន​ធ្លាប់​ជួប​មនុស្ស​ដែល​រឹងមាំ​ខ្លាំង​អត់? ពួក​គេ​តែង​តែ​ញញឹម​ជានិច្ច​ទោះ​ពួក​គេ​មាន​បញ្ហា​រាប់ពាន់​ជំពូក​ចាក់​ស្រេះ​ក្នុង​ដើម​ទ្រូង​គេ​ក៏​ដោយ។ ពួក​គេ​មិន​ដែល​បោះបង់​ខ្លួន​គេ​ចោល​នោះ​ទេ ទោះ​បី​ពេល​ខ្លះ​ពួក​គេ​បាត់បង់​គ្រប់​យ៉ាង​សល់​តែ​សំបក​ខ្លួន។ សួរ​ថា​ហេតុអី​បាន​ពួក​គេ​ធ្វើ​បាន?

មិន​មែន​ពួក​គេ​ជា​មនុស្ស​យន្ត​មិន​ចេះ​មាន​អារម្មណ៍​ទេ តែ​នេះ​មក​ពី​ពួក​គេ​ឆ្លង​កាត់​រឿង​ជា​ច្រើន ការ​ខក​ចិត្ត​ ការ​លំបាក ការ​បាត់​បង់​បាន​បង្រៀន​ពួក​គេ​ឲ្យ​រឹង​មាំ​ម្ដង​បន្តិចៗ​រហូត​អាច​ឲ្យ​ពួក​គេ​តទល់​នឹង​បញ្ហា​ជីវិត​បាន។

ខ្ញុំ​ក៏​ជា​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​ធ្លាប់​បាក់​ទឹក​ចិត្ត​ដែរ ហើយ​ខ្ញុំ​ក៏​ធ្លាប់​បោះបង់​ខ្លួន​ឯង​ចោល​ដែរ តែ​ពេល​នោះ​ខ្ញុំ​បាន​ជួប​មនុស្ស​ម្នាក់​ដែល​រឹងមាំ​បំផុត​ក្នុង​កែវភ្នែក​ខ្ញុំ។ គេ​បាន​ប្រាប់​ខ្ញុំ​ថា​ជីវិត​ខ្ញុំ​ល្អ​ពេក​ណាស់​ទៅ​ហើយ ព្រោះ​ខ្ញុំ​អាច​មាន​ដំបូល​ផ្ទះ​ជ្រក អាច​មាន​អាហារញ៉ាំ តែ​ហេតុអី​បាន​ជា​មិន​ពេញចិត្ត?

ខ្ញុំ​បាន​ប្រាប់​គេ​ថា​ ខ្ញុំ​ស្អប់​ជីវិត​ខ្ញុំ​ណាស់ ខ្ញុំ​គ្មាន​ភាព​កក់​ក្ដៅ​ពី​គ្រួសារ ខ្ញុំ​គ្មាន​ភាព​កក់​ក្ដៅ​ពី​មនុស្ស​ជុំវិញ​ខ្លួន។ អ្នក​ណា​ក៏​បោះបង់​ខ្ញុំ​ចោល​ដែរ ពេល​នេះ​សូម្បី​តែ​ខ្លួន​ខ្ញុំ​ក៏​មិន​ចង់​នៅ​ជាមួយ​ខ្ញុំ​ដែរ។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ខ្ញុំ​មិន​ដែល​បាន​ទេ អ្វី​ដែល​ខ្ញុំ​ស្រឡាញ់​តែង​ចាកចេញ​ពី​ខ្ញុំ​ទាំង​អស់។ ពេល​នេះ​គ្មាន​អ្នក​ណា​ត្រូវ​ការ​ខ្ញុំ​ទេ។

រូបតំណាង

គាត់​សើច​បាន​អង្អែល​ក្បាល​ខ្ញុំ​ រួច​និយាយ​ថា​ «ចុះ​ម្នាក់​ដែល​នៅ​ចំពោះ​មុខ​នេះ​មិន​ត្រូវ​ការ​ខ្ញុំ​ទេឬ?» មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​គេ​បាន​បួងសួង​ត្រឹម​មាន​កន្លែង​គេង មាន​បាយ​ញ៉ាំ​គ្រប់គ្រាន់​តែ​ប៉ុណ្ណោះ។ ភាព​កក់ក្ដៅ​នឹង​រត់​មក​រក​យើង​នៅ​ពេល​ដែល​យើង​អាច​ស្រឡាញ់​ជីវិត​ខ្លួន​ឯង។

ការ​ពិត​ជីវិត​នៅ​មាន​​រឿង​ស្រស់​ស្អាត​ជា​ច្រើន​ទៀត គ្រាន់​តែ​យើង​ឆាប់​បោះបង់​ពេក​ទើប​យើង​មិន​អាច​ឃើញ​នូវ​រឿង​ទាំង​នោះ។ អ្នក​ណា​ក៏​មាន​ការ​លំបាក​ដែរ ហើយ​មាន​អ្នក​ខ្លះ​លំបាក​ជាង​យើង​រាប់​រយ​ដង​ទៅ​ទៀត តែ​គេ​មិន​ព្រម​បោះបង់​ជីវិត​ចោល​ព្រោះ​គេ​នៅ​ចង់​ឃើញ​ភាព​ស្រស់ស្អាត​ទាំង​នោះ។

រូបតំណាង

ខ្ញុំ​ចាប់​ផ្ដើម​បន្ត​ក្ដី​ស្រមៃ​ខ្ញុំ​ជាមួយ​នឹង​ការ​ចង់​ឃើញ​អ្វី​ដែល​ខ្ញុំ​បាន​ប៉ង ទោះ​ពេល​ខ្លះ​ដួល​ ពេល​ខ្លះ​ហត់​តែ​នេះ​គឺ​ជា​វិញ្ញាសា​ជីវិត​ដែល​តម្រូវ​ឲ្យ​យើង​ឆ្លង​កាត់។ ជីវិត​គឺ​មាន​គ្រប់​រសជាតិ ពេល​ខ្លះ​ក៏​ផ្អែម ពេល​ខ្លះ​ក៏​ល្វីង ដូច្នេះ​ហើយ​ទោះ​អ្នក​មិន​ចង់​ជួប​ក៏​មិន​អាច​គេច​បាន​ដែរ៕

ចុចអាន៖វិញ្ញាសា​ជីវិត ៤​ដែល​គ្រប់​គ្នា​ត្រូវ​​ប្រលង​ឲ្យ​ជាប់​​ទើប​ហៅ​ថា​ជីវិត​មាន​ន័យ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម