ពេល​ស្រលាញ់​បុរស​ម្នាក់ ស្រីៗ​ធ្វើ​តែ​៦​ចំណុច​នេះ ​ខាងប្រុស​ដឹង​តែ​​ស្រលាញ់​យូរអង្វែង

  • 2018-05-16 04:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 60

ចន្លោះមិនឃើញ

ចិត្ត​របស់​បុរស​ពេល​ខ្លះ​ងាយ​យល់ ពេល​ខ្លះ​ក៏​មើល​មិន​ធ្លុះ​ដូច​គ្នា។ បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ទំនាក់​ទំនង​ជាមួយ​បុរស​ម្នាក់ ហើយ​មិន​ទាន់​ប្រាកដ​ថា​គាត់​អាច​នឹង​ផ្ដល់​ក្ដី​ស្រលាញ់​​ពិត​ប្រាកដ​ឱ្យ​អ្នក​ដែរ​អត់​នោះ​ ​ថ្ងៃ​នេះ កញ្ញា​ នឹង​ណែនាំ​ចំណុច​ពិសេស​មួយ​ចំនួន​ដែល​នារី​ធ្វើ​ ហើយ​គាត់​នឹង​ស្រលាញ់​អ្នក​វិញ​ស្ទើរ​លេប មិន​ងាយ​បែក​ចិត្ត​ឡើយ។

រូបតំណាង

ស្វែង​យល់ បុរស​ក៏​មិន​ខុស​ពី​នារី​ និង​មនុស្ស​គ្រប់​គ្នា​ដែរ។ គ្មាន​អ្នក​ណា​កើត​មក​​ល្អ​ឥត​ខ្ចោះ​ទាំង​១០​នោះ​ទេ។ មាន​ពេល​ខ្លះ​ គាត់​អាច​ឆេវឆាវ ពេល​ខ្លះ​ក៏​គ្មាន​​ភាព​រឹងប៉ឹង ពេល​ខ្លះ​ក៏​ពិបាក​នឹង​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯងបាន។ ដូច្នេះ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ក្នុង​ទំនាក់ទំនង​មួយ​នេះ​ដំបូង​គេ​ គឺ​ស្វែង​យល់​ពី​គាត់ និង​យោគយល់​ឱ្យ​បាន​ច្រើន​ដូច​ដែល​គាត់​នឹងធ្វើ​ចំពោះ​អ្នក ជា​ជាង​រំពឹង​ឱ្យ​តែ​គាត់​ធ្វើ​មក​លើ​អ្នក​​តែ​ម្ខាង។

សេរីភាព ផ្ដល់​ឱ្យ​គាត់​នូវ​សេរី​ភាព​ខ្លះ​ក្នុង​ការ​ធ្វើ​អ្វី​ដែល​គាត់​ស្រលាញ់។ កុំ​ដាក់​ប្រអប់​គាត់ ឬ​ឃុំឃាំង​គាត់​តែ​ជាមួយ​អ្នក​ រហូត​បាត់​បង់​ចំណង់ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​របស់​គាត់។ ត្រូវចាំ​ម្យ៉ាង​ថា បើ​គាត់​ពិត​ជា​ស្រលាញ់​អ្នក​ពិត​ប្រាកដ គាត់​នឹង​មិន​ធ្វើ​រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​ឈឺចាប់​ ឬ​ខក​បំណង​ឡើយ។ ដូច្នេះ​មាន​ហេតុ​ផល​អី​ដែល​ត្រូវ​ទៅ​ដាក់​ច្រវាក់​គាត់ មិន​ឱ្យ​ធ្វើ​អ្វី​បាន​នោះ?

រូបតំណាង

ធ្វើ​ទង្វើ​តប​វិញ បង្ហាញ​ឱ្យ​គាត់​ដឹង​ថា​ អ្នក​ក៏​ស្រលាញ់​គាត់​ពិត​ប្រាកដ​វិញ​ដែរ។ បង្ហាញ​តាម​រយៈ​ការ​យក​ចិត្ត​ទុក​ដាក់ តែ​មិន​ហួងហែង​ហួស​ហេតុ​ពេក ចេះ​សួរ​នាំ​សុខទុក្ខ​គាត់ តែ​មិន​ដេញ​ដោល​រឿង​អត់​ប្រយោជន៍ លើក​ទឹក​ចិត្ត​ឱ្យ​គាត់ ពេល​គាត់​បាក់​ទឹក​ចិត្ត​ជា​ដើម។

គោរព អ្វី​ដែល​មនុស្ស​ប្រុស​ត្រូវ​ការ​បំផុត​គឺ​ការ​គោរព។ បើ​អ្នក​ជា​មនុស្ស​ដែល​គាត់​ស្រលាញ់ ហើយ​ចេះ​ផ្ដល់​ការ​គោរព​ចំពោះ​គាត់ គាត់​នឹង​គិត​ថា​អ្នក​ទុក​គាត់​ជា​មនុស្ស​សំខាន់ អ្នក​ឱ្យ​តម្លៃ​គាត់ មិន​មែន​អាង​តែ​ស្រលាញ់​គ្នា ប្រើ​ពាក្យ​សម្ដី​មិន​ដឹង​ចាស់​ទុំ​ ឬ​ហ៊ាន​លេង​វាយ​ក្បាល ឬ​ធ្វើ​ទង្វើ​មិន​សមរម្យ​លើ​គាត់​ឡើយ។

ភាព​កក់ក្ដៅ ការ​ផ្ដល់​ក្ដី​ស្រលាញ់​ដោយ​ការ​ឱប​គាត់​យ៉ាង​ណែន កាន់​ដៃ​គាត់ និង​បង្ហាញ​ឱ្យ​គាត់​ដឹង​ថា អ្នក​នឹង​នៅ​ក្បែរ​គាត់​មិន​ថា​មាន​​បញ្ហា​ឬ​សុខ​យ៉ាង​ណា​ក៏​ដោយ។

យក​ចិត្ត​ទុក​ដាក់ ដូច​មនុស្ស​ស្រី​យើង​ ពេល​មាន​ស្នេហា​តែង​ត្រូវ​ការ​ឱ្យ​ខាង​ប្រុស​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ខ្លួន តែ​ពេល​ខ្លះ​យើង​ក៏​ភ្លេច​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់​វិញ​ដែរ។ អ្នក​ណា​ក៏​ត្រូវ​ការ​ចំណុច​នេះ​ ដូច្នេះ​បើ​ជា​មនុស្ស​ស្រលាញ់​គ្នា កុំ​រំពឹង​ថា​ខាង​ណា​ត្រូវ​ផ្ដល់​ឱ្យ​ខាង​ណា​អី គឺ​ត្រូវ​ចេះ​ផ្ដល់​ឱ្យ​គ្នា​ឱ្យ​បាន​ច្រើន​តាម​តែ​ដែល​អាច​ធ្វើ​បាន​ទៅ គឺ​ល្អ​ណាស់​ទៅ​ហើយ៕


អត្ថបទ៖ សរ សុគន្ធី