ប្ដី​ប្រពន្ធ​គ្រប់រូប​គួរដឹងពី​គន្លឹះ​ ៧ ដើម្បីរឹត​បន្តឹង​ទំនាក់ទំនង បង្កើន​សុភមង្គល និង​បញ្ឈប់​គំនិត​មិន​ស្មោះត្រង់

  • 2018-05-04 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​គូ​ស្វាមី​ភរិយា​ពិតជា​ហត់នឿយ​ក្នុង​ការ​រក​វិធី​រក្សា​ចំណង​ស្នេហ៍។ តែ​ពេល​នេះ​អ្នក​លែង​ខ្វល់ខ្វាយ​ទៀត​ហើយ កញ្ញា សូម​ណែនាំ​គន្លឹះ​ទាំង ៧ រឹត​បន្តឹង​ទំនាក់ទំនង បង្កើន​សុភមង្គល និង​បញ្ឈប់​គំនិត​មិន​ស្មោះត្រង់​រហូត៖

១.យល់​ចិត្ត​គ្នា

ដើម្បី​រក្សា​ទំនាក់ទំនង​ដំបូង​រឿង​ដែល​សំខាន់​បំផុត​នោះ គឺ​ត្រូវ​ចាប់ផ្ដើម​ទុកចិត្ត​គ្នា​ទៅវិញទៅមក។ កុំ​បង្ហាញ​ឫកពា​ច្រណែន​គ្រប់​ពេល​វេលា រហូត​ធ្វើឲ្យ​ដៃគូ​ខ្លួន​មាន​សម្ពាធ ប្រសិនបើ​អ្នក​មិន​ ជឿ​ទុក​ចិត្ត​គ្នា ច្បាស់​ណាស់​គ្រួសារ​ពិតជា​រកាំរកូស​មិន​ឈប់។

២.ជា​មិត្ត​ល្អ​របស់​គ្នា

អ្នក​ទាំង​ពីរ​គួរតែ​ពីរ​គួរតែ​ទុក​គ្នា​ជា​មិត្តភ័ក្ដិ​ល្អ ដោយ​ចំណាយ​ពេល​និយាយ​លេងសើច​ជាមួយ​គ្នា។ គេង​និយាយ​ជជែក​គ្នា​លេង​ពី​គំនិត​អ្នក ហើយ​សួរ​ដៃគូ​វិញ​ថា ក្នុង​ខួរក្បាល​មាន​ធ្លាប់​គិត​រឿង​ទាំង​នោះ​អត់។ ពេល​ជជែក​គ្នា​មិន​ស៊ី​ចង្វាក់ គួរតែ​ផ្លាស់ប្ដូរ​រឿង​វិញ ដើម្បី​កុំឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា។

៣.ដឹង​ពី​ចំណង់ចំណូលចិត្ត​ដៃគូ​ឲ្យ​កាន់តែ​ច្បាស់

វា​ពិតជា​សំខាន់​ណាស់​អ្នក​ដឹង​អ្វី​ដែល​គាត់​ចូលចិត្ត ឬ​មិន​ចូលចិត្ត។ ដូចនេះ​ត្រូវ​ព្យាយាម​ចំណាយ​និយាយ​គ្នា​ឲ្យ​ច្រើន ដើម្បី​ដឹង​ពី​តម្រូវ​ការ​របស់​ភាគី​ម្ខាង​ទៀត។ គូ​ខ្លះ​ខ្វែង​គំនិត​គ្នា​តាំងពី​ការ​មើល​រឿង​ឡើង។ ឧទាហរណ៍​បើ​គាត់​ចូលចិត្ត​មើល​ភាពយន្ត​បាញ់​ប្រហារ ប៉ុន្តែ​អ្នក​ចង់​តាមដាន​រឿង​មនោសញ្ចេតនា អ្នក​គួរតែ​ដាក់​វេន​គ្នា​មើល​ម្នាក់​ម្ដង ដោយ​អាទិត្យ​នេះ​អ្នក ហើយ​អាទិត្យ​ក្រោយ​គាត់​ម្ដង។

៤.ស្មោះត្រង់​នឹង​គ្នា

ភាព​ស្មោះត្រង់​ចំពោះ​គូស្នេហ៍ ជា​កូនសោ​សំខាន់​នាំ​ឲ្យ​គ្រួសារ​មាន​ភាព​ផ្អែមល្ហែម។ រៀបរាប់​ពី​អារម្មណ៍​របស់​អ្នក​ចំពោះ​គូស្នេហ៍ ដោយ​គ្មាន​ការ​លាក់បាំង​នឹង​ធ្វើឲ្យ​ដៃគូ​កាន់តែ​ស្រលាញ់ និង​យល់​ចិត្ត​អ្នក​ទ្វេដង។

៥.ធ្វើ​រឿង​ថ្មី

គូស្នេហ៍​ដែល​ធុញទ្រាន់​គ្នា ភាគច្រើន​បណ្ដាលមកពី​ការ​ធ្វើ​រឿង​ដដែល​ៗ​ពេក។ ដូចនេះ​អ្នក​គួរតែ​ងាក​មក​ធ្វើ​រឿង​ថ្មី​ទាក់ចិត្ត​ដូចជា​ទៅ​ដើរលេង​តែ​ពីរ​នាក់​នៅ​កន្លែង​ឆ្ងាយ ដើរ​ផ្សារ មើល​កុន​ដូច​សង្សារ​ក្មេង​ៗ ជាដើម។

៦.កុំ​បង្ខំ​ដៃគូ

កុំ​ព្យាយាម​ផ្លាស់ប្ដូរ ឬ​បង្ខំ​គាត់​ឲ្យ​ធ្វើ​រឿង​ដែល​គាត់​មិន​ចង់។ ការ​ធ្វើ​បែប​នោះ អាច​ឲ្យ​ដៃគូ​មាន​អារម្មណ៍​ថា ត្រូវ​បាន​គេ​បង្គាប់បញ្ជា ហើយ​កុំ​សូវ​ប្រឆាំង​នឹង​អ្វី​ដែល​គាត់​ធ្វើ​ពេក។

៧.ទម្លាប់​ប្រើ​សម្ដី​ផ្អែមល្ហែម

បើ​អ្នក​មិន​សូវ​មាន​ទម្លាប់​បែបនេះ​ទេ គួរតែ​បង្កើត​វា​ពី​ពេល​នេះ​ទៅ។ ព្រោះ​ពាក្យ​សម្ដី​ផ្អែមល្ហែម​អាច​ធ្វើឲ្យ​ដៃគូ​លង់​មិន​អាច​ដក​ចិត្ត​បាន៕

ចុចអាន៖រក្សា​គេ​ឲ្យ​ល្អ! ៩សញ្ញា​បញ្ជាក់​ថា​ម្នាក់​ហ្នឹង​ហើយ​ជា​ស្នេហា​ពិត​របស់​យើង

ប្រភព៖ Mthai ប្រែ​សម្រួល៖ ទ្រី រ៉ាវី