សញ្ញាបង្ហាញថាអ្នកធុញថប់នឹងជីវិតខ្លួនឯងខ្លាំង និងវិធីដោះស្រាយឲ្យទាន់ពេល
- 2018-04-20 07:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាបង្ហាញថាអ្នកធុញថប់នឹងជីវិតខ្លួនឯងខ្លាំង និងវិធីដោះស្រាយឲ្យទាន់ពេល
នៅពេលយើងមានអារម្មណ៍ធុញនឹងអ្វីផ្សេងៗ ដំណោះស្រាយគឺងាយស្រួល ដោយគ្រាន់តែដើរគេចចេញពីវា មិនយូរមិនឆាប់នឹងបានជួបអ្វីដែលគួរឲ្យចាប់អារម្មណ៍។ ប៉ុន្តែភាពធុញទ្រាន់មិនមែនចប់ត្រឹមហ្នឹងនោះទេ ពេលខ្លះយើងបែរជាមានអារម្មណ៍ធុញទ្រាន់នឹងខ្លួនឯង ដែលនេះជាបញ្ហាធំណាស់ព្រោះយើងមិនអាចគេចពីខ្លួនឯងនោះឡើយ។ សាកមកពិនិត្យខ្លួនឯងមើលសិនថា ពេលនេះអ្នកកំពុងមានអារម្មណ៍ធុញទ្រាន់នឹងជីវិតខ្លួនឯងដែរឬអត់ តាមរយៈរោគសញ្ញាខាងក្រោម៖
១. អ្នកឧស្សាហ៍គេងមិនលក់ ឬឧស្សាហ៍ភ្ញាក់កណ្ដាលយប់ហើយគេងវិញមិនលក់ ញ៉ាំបាយមិនសូវឆ្ងាញ់ ទម្ងន់ចុះឡើងយ៉ាងរហ័ស មានអារម្មណ៍អស់កម្លាំងទាំងមិនបានបញ្ចេញកម្លាំង ឬធ្វើការធ្ងន់។
២. គ្រប់ពេលដែលបានទទួលការងារសំខាន់ អ្នកនឹងមានអារម្មណ៍ភ័យៗ ព្រមទាំងគិតថាការងារទាំងនោះហួសពីសមត្ថភាពខ្លួន ឬគិតថាការងារនោះនឹងចេញលទ្ធផលមិនល្អជាមិនខាន។
៣. អ្នកគ្មានមោទនភាពនឹងការងារខ្លួនឯង ហើយនឹកច្រណែនអ្នកដទៃដែលបានធ្វើការងារល្អជាង។
៤. អ្នកមានអារម្មណ៍ថាមិនថាព្យាយាមយ៉ាងណា អ្នកនៅជុំវិញខ្លួនក៏មិនផ្ដល់តម្លៃ មិនទទួលស្គាល់លទ្ធផលការងារអ្នក ឬអំពើល្អរបស់អ្នក។
៥. នៅពេលត្រូវចូលសង្គម អ្នកមានអារម្មណ៍ខ្វះការជឿជាក់ មានអារម្មណ៍ដាច់ឆ្ងាយពីអ្នកដទៃ មិនហ៊ាននិយាយចូលគេ។
៦. អ្នកមានអារម្មណ៍ឯកោ មិនដឹងថាត្រូវនិយាយជាមួយអ្នកណា ទាំងការពិតអ្នកមានមិត្តភ័ក្ដិជាច្រើន។
៧. អ្នកគិតជានិច្ចថា ខ្លួនឯងមិនល្អឥតខ្ចោះ ហើយគិតថាភាពមិនល្អឥតខ្ចោះនេះគឺជាចំណុចខ្សោយរបស់អ្នក។
៨. មិនថាងាកទៅខាងណា អ្នកក៏ជួបតែភាពគួរឲ្យសាំ គួរឲ្យធុញ ហត់នឿយ ទាំងជីវិត ស្នេហា ការសិក្សា និងការងារ។
៩. អ្នកគ្មានកម្លាំងជំរុញចិត្តក្នុងការបន្តដំណើរជីវិត មានអារម្មណ៍ថាខ្លួនឯងវង្វេងផ្លូវ វិលវល់ រកគោលដៅក្នុងជីវិតមិនឃើញ និងយល់ថាខ្លួនគ្មានតម្លៃ។
១០. អ្នកគ្មានកម្លាំងចិត្តក្នុងការធ្វើការ មិនចង់ជួបមនុស្សម្នា និងអាចឈានដល់ការគិតខ្លី។
បើអ្នកមានសញ្ញាខាងលើនេះចាប់ពី ២ឡើងទៅ នោះអាចរាប់បានថា អ្នកកំពុងឈានចូលទៅកៀកនឹងជំងឺបាក់ទឹកចិត្ត។ ដូច្នេះប្រសិនបើមិនចង់ឲ្យអាការៈរាលដាលកាន់តែធ្ងន់ធ្ងរ អ្នកគួរសាកល្បងរកវិធីដោះស្រាយបញ្ហាធុញទ្រាន់នឹងជីវិតខ្លួនឯង ដោយគ្រាន់តែធ្វើតាម ៦ជំហានខាងក្រោមនេះ៖
១. បើធុញខ្លាំងគួរតែប្ដូរចេញខ្លះ
ចាប់ផ្ដើមពីទង្វើងាយៗដូចជា ក្រោកឈរផ្លាស់ប្ដូរខ្លួនឯងឲ្យក្លាយជាមនុស្សថ្មី អាចដោយការផ្លាស់ប្ដូរម៉ូដសក់ និងស្ទីលក្នុងការតែងខ្លួន។ ប៉ុន្តែត្រូវចាំថា កុំព្យាយាមផ្លាស់ប្ដូរខ្លួនឲ្យដូចអ្នកដទៃ ប៉ុន្តែត្រូវធ្វើជាខ្លួនឯង ក្នុងរូបបែបដែលខ្លួនជឿជាក់។ ក្រៅពីការផ្លាស់ប្ដូរខ្លួនឯងហើយ គួរផ្លាស់ប្ដូរបរិយាកាសជុំវិញខ្លួនខ្លះ ដូចជារៀបចំបន្ទប់បែបថ្មី រៀបចំកន្លែងធ្វើការ ក៏ដូចជាផ្លាស់ប្ដូរទម្លាប់ផ្សេងៗដែលគិតថាដដែលៗពេក។
២. សរសេរកំណត់ហេតុអំពីរឿងល្អៗ
ការសរសេរកំណត់ហេតុ ត្បិតតែជាវិធីបញ្ចេញអារម្មណ៍ល្អមួយ ប៉ុន្តែបើសិនជាយើងសរសេរកត់ត្រាតែបញ្ហា ឬមិនសប្បាយចូលរាល់ថ្ងៃ វានឹងអាចឲ្យយើងកាន់តែមានទុក្ខ។ ដូច្នេះហើយគួរជ្រើសរើសកត់ត្រាតែអ្វីល្អៗដែលកើតឡើងប្រចាំថ្ងៃបានហើយ ដើម្បីឲ្យអ្នកនឹកឃើញរឿងល្អៗច្រើនជាង។
៣. ឈប់ញៀនបណ្ដាញសង្គម
បើទោះជាការលេងបណ្ដាញសង្គម លេងឆាតជាមួយមិត្តភ័ក្ដិជួយឲ្យយើងបាត់ធុញបាន ប៉ុន្តែក៏កុំឲ្យដល់ថ្នាក់ញៀននឹងវាឲ្យសោះ ព្រោះការពិត មានការសិក្សាបង្ហាញថា ការញៀននឹងបណ្ដាញសង្គមនឹងបន្ថែមឱកាសក្នុងការកើតជំងឺបាក់ទឹកចិត្តកាន់តែច្រើន ព្រោះមនុស្សយើងច្រើនតែបង្ហោះតែរឿងល្អៗនៃជីវិតលើបណ្ដាញនេះ ដូច្នេះបើយើងញៀន និងចូលចិត្តប្រៀបធៀបខ្លួនជាមួយសង្គមអនឡាញ នោះយើងនឹងលែងមានជំនឿចិត្ត និងមោទនភាពលើខ្លួនឯងនៅថ្ងៃណាមួយ។
៤. ធ្វើរឿងសប្បាយៗ
ការរកអ្វីសប្បាយៗធ្វើ គឺជាវិធីដែលនឹងធ្វើឲ្យយើងបាត់ស្ត្រេសបានយ៉ាងល្អ ប៉ុន្តែសប្បាយៗទាំងនេះ គឺត្រូវ Say No ចំពោះអំពើអបាយមុខផង។ អាចរកវិធីដែលធ្វើឲ្យខ្លួនឯងអស់សំណើច ដូចជាទៅទិញអីវ៉ាន់ដោយកាន់លុយតែ ៥ដុល្លារ ទៅដើរលេងជាមួយគ្រួសារ ឬបង្កើតគណនីហ្វេសប៊ុកថ្មីហើយបង្ហោះតែអ្វីសប្បាយៗ។ ប៉ុន្តែត្រូវប្រាកដថា មិនធ្វើខុស ប៉ះពាល់ដល់អ្នកដទៃ ឬគ្រោះថ្នាក់ដល់ខ្លួន។
៥. បន្ថែមគុណតម្លៃឲ្យជីវិត
អាការៈធុញទ្រាន់នឹងខ្លួនឯងកើតចេញពីការ “ទំនេរ” រហូតកើតអារម្មណ៍តប់ប្រមល់ ដូច្នេះគួរស្វែងរកអ្វីដែលមានប្រយោជន៍ចំពោះខ្លួនឯង និងសង្គមដើម្បីធ្វើ ដូចជាចុះឈ្មោះចូលរៀនវគ្គខ្លីដែលខ្លួនចាប់អារម្មណ៍ រៀនភាសា រៀនធ្វើនំ បង្អែម រៀនច្រៀង ហាត់យូហ្កា ឬទៅមណ្ឌលកុមារកំព្រា និងមណ្ឌលចាស់ជរាដើម្បីធ្វើការងារស្ម័គ្រចិត្តណាមួយ។ បន្ទាប់ពីធ្វើរឿងទាំងអស់នេះ អ្នកនឹងមានអារម្មណ៍ថាខ្លួនមានតម្លៃឡើងវិញ។
៦. កំណត់គោលដៅងាយៗឲ្យជីវិត
ព្យាយាមកំណត់គោលដៅបែបងាយៗសម្រាប់ខ្លួនឯង ហើយប្ដេជ្ញាខ្លួនឯងថាធ្វើឲ្យបានសម្រេច ដូចជាហាត់ប្រាណសម្រកទម្ងន់ ដោយដាក់គោលដៅថាត្រូវស្រកឲ្យបានពីរគីឡូក្រាម ក្នុងមួយខែជាដើម។ នៅពេលធ្វើបានសម្រេចតាមគោលដៅហើយ កុំភ្លេចឲ្យរង្វាន់ខ្លួនឯងផងណា ៕
ចុចអាន៖
រាល់ថ្ងៃមនុស្សសប្បាយរីករាយតែងធ្វើរឿង ៦ យ៉ាងនេះ ដើម្បីសុភមង្គលខ្លួនឯង និងអ្នកដទៃ
អាយុលើស ២០ហើយនៅតែគ្មានអីសម្រាប់ខ្លួនឯងសោះ គួរចាប់ផ្ដើមពីចំណុចនេះ