មុននិយាយថាខ្លួនជានារីចាស់ទុំ គួរមើលចំណុចទាំងនេះសិនទៅ
- 2018-04-05 08:23:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុននិយាយថាខ្លួនជានារីចាស់ទុំ គួរមើលចំណុចទាំងនេះសិនទៅ
មនុស្សយើងមានវ័យរបស់ខ្លួន ហើយពេលវេលា បទពិសោធន៍ ចំណេះដឹងនឹងអាចឲ្យអ្នកវិវត្តខ្លួនទៅជាមនុស្សចេះគិតគូរម្នាក់។ យើងឃើញថាអ្នកខ្លះមានអាយុច្រើនហើយតែនៅតែមានចរិតដូចក្មេង ហើយខ្លះទៀតអាយុតិចទេ តែចេះគិតគូដូចមនុស្សចាស់។ យ៉ាងណាមិញមុនពេលនិយាយថាខ្លួនឯងចាស់ទុំហើយ មើលចំណុចទាំងប៉ុន្មាននេះសិនទៅ ៖
១.មានទំនុកចិត្តលើខ្លួនឯង
ទៅណាមកណាយ៉ាងជឿជាក់ ដោយមិនខ្លាចមុខខ្លាចក្រោយ។ ទោះទៅដល់ទីណាក៏អ្នកជឿលើអ្វីដែលអ្នកមាន អ្នករីករាយនឹងអ្វីដែលអ្នកមានដោយមិនចាំបាច់ទៅអែបអបអ្នកណាម្នាក់ឡើយ។
**២. មានភាពស្មោះត្រង់**
អ្នកមិនចេះបាតដៃខ្នងដៃ ម្ដងបែបនេះ ម្ដងបែបនោះតាមតែក្បាលចិត្ត។ អ្នកស្មោះត្រង់នឹងខ្លួនឯង និង អ្នកដទៃ ហើយបើក្នុងទំនាក់ទំនងស្នេហាវិញបើអ្នកអស់ស្រឡាញ់គឺអស់ស្រឡាញ់ ហើយប្រាប់គេតាមត្រង់តែម្ដងមិនចេះកុហក ឬសម្ដែង មិនមែននៅមុខធ្វើជាស្រឡាញ់ហើយខាងក្រោយលួចមានអ្នកថ្មីនោះទេ។
៣. ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ
ពេលមានបញ្ហាអ្នកចេះទប់អារម្មណ៍ហើយគិតពីដំណោះស្រាយ មិនមែនយកកំហឹងមកដាក់មុខដើរស្រែកដើរស្ដីឲ្យគេនោះទេ។ អ្នកចេះបែងចែកអារម្មណ៍ជាមួយមនុស្សដទៃ មិនមែនខឹងគោ វ៉ៃរទេះឡើយ។
៤. មានភាពឯករាជ្យ
មិនមែនជាមនុស្សស្រីដែលចាំតែធ្វើតាមគេបញ្ជា ឬ ជាមនុស្សស្រីដែលមិនហ៊ានធ្វើអីខ្លួនឯងនោះទេ។ ពេលមានបញ្ហាអ្នកតែងតែធ្វើការសម្រេចលើរឿងអ្វីមួយដោយខ្លួនឯង ហើយហ៊ានទទួលយកលទ្ធផលទោះវាល្អឬអាក្រក់ក៏ដោយ។
៥. មានភាពអត់ធ្មត់ច្រើន
បើចេះតែប្រើចរិតប៉ះបន្តិចស្រែក ពិបាកបន្តិចរអ៊ូនោះកុំទាន់ថាខ្លួនឯងចាស់ទុំអី។ ក្នុងសង្គមរឿងអ្វីក៏មានដែរ មនុស្សស្រីដែលចាស់ទុំគឺចេះអត់ធ្មត់ មិនមែនធ្វើអីតាមតែចិត្ត ហើយមានរឿងអីតិចក៏រត់ចោលការងារឡើយ។ ទោះមានរឿងខ្លះប៉ះទង្គិចចិត្តក៏ដោយ ក៏អ្នកអាចអត់ធ្មត់នឹងបន្តដំណើររបស់អ្នកបានដែរ។
៦.Drama មានកម្រិត
បើមានរឿងអីតិចតួចក៏ Post ពិបាកចិត្តក៏ Post នោះមិនមែនចរិតចាស់ទុំឡើយ។ គ្មានរឿងអីសោះក៏ Drama ទាក់ទាញចំណាប់អារម្មណ៍នេះគឺជារបៀបរបស់ក្មេងៗតែប៉ុណ្ណោះ។ ចង់និយាយអីអ្នកនឹងនិយាយ តែមិនមែន Drama លើសពីការពិតនោះទេ ម្យ៉ាងទៀតអ្នកចេះកម្រិតលើរឿងរ៉ាវក្នុងចិត្ត ជាជាងបង្ហាញឲ្យគេមើលស្រាល។
៧. ក្លាហាន ហើយចេះការពារខ្លួនក្នុងការដើរហើរម្នាក់ឯង
ទៅណាមកណាក៏មិនជាបញ្ហា ព្រោះអ្នកអាចថែរក្សាខ្លួនបានយ៉ាងពេញលេញ។ អ្នកអាចដើរទៅណាមកណាម្នាក់ឯង និង ចេញទៅតាមខេត្ត ក្រៅប្រទេសម្នាក់ឯងដោយភាពជឿជាក់។
៨. ចេះការងារក្នុងផ្ទះ
មិនមែនចេះតែចាយ ចេះតែធ្វើខ្លួននោះទេ តែអ្នកអាចធ្វើម្ហូបបានយ៉ាងឆ្ងាញ់ អាចថែផ្ទះបានយ៉ាងស្អាត និង ចេះមើលថែសមាជិកក្នុងគ្រួសារ ឬក៏ខ្លួនឯងបានយ៉ាងល្អ។ អ្នកចេះបត់បែន ហើយសម្របខ្លួនបានយ៉ាងល្អគ្រប់កាលៈទេសៈ។
៩. ចេះរកលុយដោយខ្លួនឯង
មិនមែនចាំតែចាយលុយអ្នកផ្ទះ ហើយធ្វើចរិតកូនអ្នកមានគេគិតថាអ្នកអស្ចារ្យនោះទេ។ បើអ្នកពិតជាឈានដល់វ័យចាស់ទុំមួយមែនអ្នកនឹងចាប់ផ្ដើមចេះរកលុយចាយដោយខ្លួនឯងដោយមិនបាច់ពឹងលុយអ្នកណាទៀត។ ពេលដែលអ្នកមានការងារ មានមុខរបរភាពចាស់ទុំនឹងមករកអ្នកបន្តិចម្ដងៗ៕
ចុចអាន៖នៅពេលមានគំនិតចាស់ទុំមែនទែន អ្នកនឹងមានការគិតខុសប្លែកពីមុន ៥យ៉ាងនេះ