បុរសនឹងឲ្យតម្លៃខ្ពស់ ព្រមទាំងចង់គ្រងរក្សា បើនារីមានចំណុចពិសេសបែបនេះ
- 2018-03-29 09:31:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសនឹងឲ្យតម្លៃខ្ពស់ ព្រមទាំងចង់គ្រងរក្សា បើនារីមានចំណុចពិសេសបែបនេះ
ទម្លាប់ខ្លួនឲ្យក្លាយជាមនុស្សស្រីដ៏ល្អ និងថ្លៃថ្នូរម្នាក់គឺជារឿងដែលនារីគ្រប់រូបគួរយកចិត្តទុកដាក់ ព្រោះមិនអាចចេះតែបណ្ដោយទៅតាមនិស្ស័យ និងការយល់ខុសឡើយ។ អ្វីដែលល្អគួរប្រកាន់យក ហើយអ្វីដែលអាក្រក់គួរតែបោះបង់ ព្រោះគ្មានអ្នកណាម្នាក់ចង់បានមនុស្សមិនល្អជាគូអនាគតឡើយ។ យ៉ាងណាមិញបើអ្នកចង់កា្លយជានារីដែលបុរសឲ្យតម្លៃខ្ពស់ និងចង់គ្រងរក្សា ត្រូវមានចំណុចទាំងនេះ ៖
១. ចិត្តល្អ ចិត្តទូលាយ
ចិត្តល្អនេះចង់សំដៅលើការចេះយកចិត្តទុកដាក់លើអ្នកដទៃ ការចែករំលែក ការជួយយកអាសារមិត្តភក្តិ និងអ្នកជុំវិញខ្លួន។ ចំណែកចិត្តទូលាយគឺមិនចង្អៀតចង្អល់ជាមួយអ្នកណា ហើយចេះយល់ពីកាលៈទេសៈ ទទួលយកគំនិត និងហេតុផលរបស់គេ មិនមែនគ្មានក្បាលគ្មានកន្ទុយឡើយ។
**២. មានការប្រកួតប្រជែងចង់បានជោគជ័យ**
នេះទើបជាអ្វីដែលនារីសម័យថ្មីត្រូវតែមាន ព្រោះសម័យនេះហើយបើមិនចេះប្រកួតប្រជែងគ្នាទេអ្នកនឹងនៅក្រោមគេរហូត។ នេះមិនសំដៅឲ្យអ្នកចេះប្រើល្បិច ឈ្នានីស ឬបំបាក់មុខអ្នកណាឡើយ តែចង់ឲ្យអ្នកមានចិត្តចង់ឈោងចាប់អ្វីដែលល្អ អ្វីដែលខ្ពស់មិនឲ្យអ្នកណាមើលងាយ។
៣. ចេះលើកទឹកចិត្ត និងគាំទ្រ
មនុស្សស្រីដែលមានចំណុចនេះគឺមានភាពជាអ្នកដឹកនាំជាប់ជាមួយតែម្ដង ព្រោះពេលដែលឃើញគេខុស ជួយកែតម្រូវ លើកទឹកចិត្ត គាំទ្រ ដែលជាអ្វីដែលគ្រប់គ្នាចង់បាន។ មនុស្សប្រុសមិនចូលចិត្តនារីដែលរអ៊ូ ស្ដីបន្ទោសមុខក្រោយឡើយ តែត្រូវការខ្លាំងនារីដែលយល់ស្ថានភាព និងផ្ដល់ថាមពលពេលគេអស់កម្លាំង។
៤. ច្បាស់លាស់ មានហេតុផល
មិនមែនជាមនុស្សស្រីត្រចៀកស្រាលឆាប់ជឿតាមគេនោះទេ អ្នកត្រូវធ្វើខ្លួនឲ្យច្បាស់លាស់មិនជឿតាមតែគេនិយាយបើមិនឃើញផ្ទាល់ភ្នែក។ ម្យ៉ាងទៀតអ្នកត្រូវមានហេតុផលសមរម្យមិនចេះតែចោទគេចោទឯង ហើយក៏ចេះស្ដាប់គេពន្យល់ប្រាប់ពីមូលហេតុដែរមិនមែនឲ្យតែទាស់ចិត្តស្អីក៏ខុសទាំងអស់ទេ។ មនុស្សស្រីបែបនេះគឺមនុស្សប្រុសគោរពណាស់ ហើយមិនហ៊ានផ្ដេសផ្ដាសលេងសើចជាមួយទេ។
៥. ស្រឡាញ់ខ្លួនឯង
ទោះស្រឡាញ់អ្នកណាខ្លាំងក៏ដោយក៏កុំភ្លេចស្រឡាញ់ខ្លួនឯង ព្រោះពេលដែលអ្នកបោះបង់ខ្លួនឯងចោលអ្នកផ្សេងនឹងបោះបង់អ្នកដូចគ្នា។ អ្នកកាន់តែស្អាត កាន់តែល្អ គេកាន់តែចង់បានអ្នក តែបើអ្នកកាន់តែដុនដាបគេកាន់តែដើរចេញ។
៦. ចូលចុះគ្រប់ស្ថានភាព
នេះមានន័យថាអ្នកអាចប្រឈមមុខនឹងរឿងគ្រប់យ៉ាង អ្នកចេះបត់បែន អ្នកយល់ពីអ្វីដែលខ្លួនត្រូវធ្វើ និងមិនត្រូវធ្វើ។ អ្នកអាចចេញក្រៅធ្វើការយ៉ាងជឿជាក់ ហើយអ្នកក៏អាចគ្រប់គ្រងផ្ទះសម្បែងយ៉ាងចំណាន។
មនុស្សយើងកើតមកមិនល្អគ្រប់ទាំងអស់ទេ តែបើអ្នកត្រូវថាខ្លួនឯងខ្វះខាតត្រង់ណាហើយគួរតែព្យាយាមកែប្រែវាឲ្យមកជាល្អវិញ៕
ចុចអាន៖ចង់ក្លាយជានារីដែលមនុស្សប្រុសចង់ក្បែរ គួរមានទម្លាប់បែបនេះ
Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW