ក្លាយជាកូនប្រសាស្រីដ៏អស្ចារ្យ ហើយម្ដាយក្មេកស្រលាញ់ស្ទើរលេបតាម ៨ វិធីនេះ
- 2018-03-29 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លាយជាកូនប្រសាស្រីដ៏អស្ចារ្យ ហើយម្ដាយក្មេកស្រលាញ់ស្ទើរលេបតាម ៨ វិធីនេះ
ថ្ងៃនេះ កញ្ញា នឹងបង្ហើបប្រាប់ពីគន្លឹះខ្លះៗ ដើម្បីឲ្យអ្នកមានទំនាក់ទំនងល្អជាមួយម្ដាយក្មេក ព្រោះបញ្ហានេះជាបញ្ហាចម្បងសម្រាប់ស្រីដែលរៀបការរួច។ ស្ត្រីរៀបការហើយ រមែងទទួលភាពតានតឹងពីម្ដាយក្មេក ពេលខ្លះវាអាចបង្កទៅជាជម្លោះដោយសារតែអ្នកគិតថាគាត់ចូលចិត្តមកជ្រៀតជ្រែករឿងរបស់អ្នក និងស្វាមីច្រើនពេក។ យ៉ាងណាក្ដី កាលដែលក្លាយជាកូនប្រសាស្រីជ្រកក្រោមដំបូលផ្ទះតែមួយទៅហើយ អ្នកត្រូវតែចេះសម្របខ្លួនទៅតាមស្ថានការណ៍ និងអនុវត្តប៉ុន្មានចំណុចខាងក្រោមនេះ៖
១.គិតអ្វីដែលវិជ្ជមាន
ក្លាយខ្លួនទៅជាកូនប្រសាស្រីមួយរូប ប្រហែលជារឿងថ្មីស្រឡាងសម្រាប់អ្នក ហើយវាក៏អាចជារឿងដែលថ្មីសម្រាប់ម្ដាយក្មេករបស់អ្នកដូចគ្នា។ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវគិតអ្វីដែលវិជ្ជមានជាមួយគាត់ មិនត្រូវប្រកាន់យករឿងបន្តិចបន្តួចមកដាក់ក្នុងចិត្តឲ្យក្លាយជារឿងធំនោះទេ។
២.ចាត់ទុកដូចជាម្ដាយបង្កើត
រឿងនេះអាចនឹងពិបាកធ្វើបន្តិចព្រោះមនោសញ្ចេតនារវាងម្ដាយក្មេក និងម្ដាយបង្កើត គឺមានភាពខុសគ្នា ប៉ុន្តែអ្នកត្រូវតែព្យាយាមស្រលាញ់ចាត់ទុកម្ដាយក្មេកឲ្យដូចជាម្ដាយបង្កើតអ្នកដែរ។
**៣.កុំព្យាយាមប្រកួតប្រជែងជាមួយគាត់**
ជាការពិតណាស់ គាត់បានបង្កើតចិញ្ចឹមបីបាច់ស្វាមីអ្នកតាំងពីតូចក្រូចឆ្មារ រហូតដល់បានរៀបការ ស្វាមីអ្នកអាចជាផ្នែកមួយនៃជីវិតគាត់ ម្ល៉ោះហើយគាត់អាចនឹងមានអារម្មណ៍ថាអ្នកបានដណ្ដើមក្ដីស្រលាញ់ដែលស្វាមីអ្នកធ្លាប់មានចំពោះគាត់។ ករណីនេះដែរ តែងកើតមានឡើងចំពោះគ្រួសារដែលមានកូនទោល។ ឧទាហរណ៍ថា កូនប្រុសគាត់ចូលចិត្តញ៉ាំម្ហូបគាត់ធ្លាប់ធ្វើឲ្យពីមុនមក ប៉ុន្តែឥឡូវបែរទៅជាចូលចិត្តម្ហូបដែលអ្នកធ្វើទៅវិញ នេះហើយដែលអាចធ្វើឲ្យគាត់លួចមានចិត្តច្រណែនមកលើរូបអ្នក ដូច្នេះចូរកុំព្យាយាមប្រកួតប្រជែងជាមួយគាត់អី។
៤. គោរព
ត្រូវចេះគោរពស្រលាញ់ ព្រោះគាត់ជាចាស់ទុំមួយរូបដែលធ្លាប់បានឆ្លងកាត់រឿងជាច្រើនក្នុងជីវិត។ ចឹងអ្នកគូរតែចេះសួរនាំគាត់ជីវិតកាលពីកុមារភាពរហូតដល់គាត់ធំដឹងក្ដី ការចិញ្ចឹមបីបាច់ទុកដាក់កូនចៅ និងបទពិសោធន៍ផ្សេងៗក្នុងជីវិត។ ទាំងនេះអាចធ្វើឲ្យគាត់កាន់តែចូលចិត្ត និងមានភាពស្និទ្ធស្នាលទៀតផង។
៥.កុំរំពឹងខ្ពស់ពេក
ដើម្បីឲ្យស្គាល់ពីគ្រួសារខាងស្វាមីឲ្យបានច្បាស់អ្នកត្រូវប្រើពេលវេលាយូរបន្តិច។ គ្រួសារខ្លះស្វាគមន៍យ៉ាងកក់ក្ដៅពេលដែលចូលទៅ ប៉ុន្តែកុំទាន់អាលខូចចិត្តអី បើអ្នកជួបរឿងមិនដូចនូវការរំពឹងទុក ត្រូវចេះមានការអំណត់អត់ធ្មត់ នៅតែធ្វើទង្វើល្អ ទុកពេលឲ្យគាត់ស្គាល់អ្នកឲ្យបានច្រើនជាងមុន។
៦.ចេះយកចិត្ត
បើអ្នកមានពេលនៅផ្ទះ ត្រូវចេះទៅអង្គុយនិយាយលេងជាមួយគាត់ ធ្វើម្ហូប ឬមួយក៏ចេញទៅដើរលេងខាងក្រៅជាមួយគាត់ខ្លះទៅ នោះអ្នកនឹងម្ដាយក្មេកអ្នកប្រាកដជាមានទំនាក់ទំនងល្អជាងមុន។
៧.រ៉ាយរ៉ាប់ប្រាប់
មិនមែនត្រូវប្រាប់គាត់គ្រប់រឿងនោះទេ ប៉ុន្តែដូចជាពេលដែលអ្នកមានកូនជាដើមត្រូវចេះផ្ញើរូបកូនអ្នកឲ្យគាត់មើល និងរៀបរាប់ក្នុងការមើលកូនបែបនេះ ឬបែបនោះ ពេលដែលបានឮ បានឃើញចៅហើយគាត់ច្បាស់ជាស្រលាញ់មិនខានទេ។
៨.ប្រឹក្សាយោបល់
ម្ដាយក្មេកជាចាស់ទុំមួយរូបដែលមានបទពិសោធន៍ច្រើនជាង បើអ្នកមានបញ្ហាអីមួយកុំភ្លេចទៅសុំយោបល់ពីគាត់ ទោះបីជាអ្នកមិនចង់ធ្វើតាមក៏ដោយចុះ ត្រូវចេះបើកចិត្តស្ដាប់នូវគំនិតដែលគាត់បានផ្ដល់ឲ្យ ទើបបង្ហាញថាអ្នកបានគោរពគាត់៕
Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW
ចុចអាន៖ឃើញប្រពន្ធចាស់ខ្លាំងពេកក៏សុំលែង តែមិនដល់មួយថ្ងៃផងត្រូវទឹកភ្នែករហាម ព្រោះ...