បើកំពុង​ស្រឡាញ់​មនុស្ស​២​នាក់​ក្នុង​ពេល​តែ​មួយ គួរ​សម្រេច​ចិត្ត​តាម​វិធី​នេះ

  • 2018-03-27 07:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​ពិបាក​នឹង​បន្ទោស​ម្នាក់ៗ​ណាស់ ព្រោះ​ស្នេហា​ទាក់ទង​នឹង​អារម្មណ៍។ កំពុង​មាន​​ម្នាក់​ក្នុង​ចិត្ត​ហើយ ក៏​ជ្រុល​ចិត្ត​ទៅ​ស្រឡាញ់​ម្នាក់​ទៀត​ ដោយ​មិន​បាន​តាំង​ចិត្ត ហើយ​ក៏​ធ្វើ​ឲ្យ​ខ្លួន​ឯង​ពិបាក​ចិត្ត​មិន​ដឹង​ថា​គួរ​ជ្រើស​រើស​អ្នក​ណា មិន​ដឹង​ថា​អារម្មណ៍​ខ្លួន​ឯង​ពេល​នេះ​បែប​ណា? បើ​អ្នក​កំពុង​តែ​ជួប​បញ្ហា​​នេះ អាច​សាក​ល្បង​របៀប​សម្រេច​ចិត្ត​ខាង​ក្រោម​នេះ​បាន ៖

១. កុំ​ប្រៀបធៀប

កុំ​យក​ពួក​គេ​មក​ប្រៀបធៀប​គ្នា ព្រោះ​នោះ​មិន​ហៅ​ថា​ស្នេហា​ឡើយ វា​មាន​ន័យ​ថា​អ្នក​ស្រឡាញ់​មនុស្ស​ម្នាក់​ទៀត​ដោយ​សារ​ឃើញ​អ្វី​ដែល​គេ​មាន​ល្អ​ជាង​ម្នាក់​ទៀត។ អ្នក​ត្រូវ​បែងចែក​អារម្មណ៍​អ្នក​ឲ្យ​ច្បាស់​តាម​ការ​ស្រឡាញ់​មិន​មែន​ប្រៀបធៀប​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​ទេ។

រូបតំណាង

**២. គិត​ពី​មូលហេតុ​ដែល​អ្នក​លង់​ស្រឡាញ់​ម្នាក់​ទៀត**

គួរ​ចំណាយ​ពេល​អង្គុយ​គិត​ពី​ហេតុផល​ដែល​អ្នក​លង់​ស្រឡាញ់​ម្នាក់​ទៀត​ពេល​កំពុង​មាន​សង្សារ​ហើយ ព្រោះ​វា​អាច​ឲ្យ​អ្នក​យល់​ពី​ខ្លួន​ឯង​កាន់​តែ​ច្បាស់។ តើ​អ្នក​ស្រឡាញ់​គេ​ដោយសារ​តែ​ម្នាក់​ទៀត​ទុក​អ្នក​ចោល​មែន​ទេ? អ្នក​ស្រឡាញ់​ម្នាក់​ទៀត​ដោយសារ​គេ​ស្អាត? ឬ​ដោយសារ​គេ​ល្អ​ គេ​យកចិត្ត​ទុកដាក់​លើ​អ្នក?

៣. ស្គាល់​បេះដូង​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់

បន្ទាប់​ពី​អ្នក​សួរ​ខ្លួន​ឯង​ហើយ ត្រូវ​ធ្វើ​ការ​បែងចែក កំណត់​ពី​បេះដូង​ខ្លួន​ឯង​ឲ្យ​ច្បាស់។ បើសិន​ជា​អ្នក​មុន​ត្រឡប់​មក​ល្អ​ដាក់​អ្នក​ជាង​នេះ អ្នក​អាច​ឈប់​ស្រឡាញ់​ម្នាក់​ទៀត​ទេ? តើ​អារម្មណ៍​ដែល​លង់​ស្រឡាញ់​ម្នាក់​ទៀត​នោះ ជា​ការ​លេង​ឬ​មែន? មួយ​ឆាវ ឬ​រយៈពេល​យូរ? តើ​អ្នក​ឈប់​ទាក់ទង​គេ ហើយ​ត្រឡប់​មក​ស្មោះត្រង់​នឹង​អ្នក​មុន​បាន​ទេ? នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ពី​ខ្លួន​ឯង ព្រោះ​ដើម្បី​ឲ្យ​អ្នក​យល់​ថា​ម្នាក់​ណា​ជា​មនុស្ស​ពិត​ប្រាកដ​សម្រាប់​អ្នក។

រូបតំណាង

៤. ដក​ពិសោធន៍​ខ្លួន​ឯង

បើ​មក​ដល់​ចំណុច​ទី​៣​ហើយ​អ្នក​នៅ​តែ​មិន​អាច​បែង​ចែក​បាន អ្នក​គួរ​តែ​ពិសោធន៍​លើ​ការ​ស្រឡាញ់​ខ្លួន​ឯងជាមួយ​ចំណុច​ទី​៤​នេះ។ ​ឈប់​ទាក់ទង​ទាំង ២នាក់​នោះ​មួយ​រយៈ បន្ទាប់​មក​ចាំ​មើល​ថា​ខ្លួន​ឯង​នឹក​អ្នក​ណា​? ចង់​ជួប​អ្នក​ណា? ត្រូវ​ការ​អ្នក​ណាជាង? បើ​ម្នាក់​ណា​ដែល​បង្ហាញ​ខ្លួន​ក្នុង​បេះដូង​អ្នក​នោះ គួរ​តែ​ជ្រើស​រើស​ម្នាក់​នោះ ព្រោះ​បេះដូង​អ្នក​ចង់​បាន​គេ​ខ្លាំង។

៥. កុំ​លេង​ល្បែង​ស្នេហា​ត្រីកោណ

កុំ​ចាប់​ម្ដង​ពីរ​នាក់​អី ត្រូវ​ដោះលែង​ម្នាក់​បន្ទាប់​ពី​អ្នក​ដឹង​ថា​ខ្លួន​ឯង​ស្រឡាញ់​ម្នាក់​ណា។ ត្រូវ​ឲ្យ​ស្នេហា​នោះ​ជា​របៀប​ចាស់​ទុំ និយាយ​គ្នា​ត្រង់ៗ​ថា​អារម្មណ៍​អ្នក​ពេល​នេះ​ស្រឡាញ់​អ្នក​ណា​ ចៀសវាង​ការ​លាក់លៀម​គ្នា​រហូត​ដល់​ម្នាក់​ទៀត​ដឹង​ហើយ​ឈឺចាប់​ស្ទើរ​ស្លាប់​នោះ។

៦. មើល​ឲ្យ​បាន​វែង

បើ​អ្នក​សម្រេច​ចិត្ត​ថា​ជ្រើស​រើស​អ្នក​ណា​ហើយ ត្រូវ​ដាច់ស្រេច​ជាមួយ​ម្នាក់​ទៀត។ ត្រូវ​ប្រាកដ​ និង​ជឿជាក់​ថា​អ្នក​ដែល​អ្នក​ជ្រើសរើស​អាច​កាន់​ដៃ​អ្នក​ទៅ​ថ្ងៃ​មុខ​បាន ព្រោះ​ពេល​ខ្លះ​វា​អាច​មាន​សង្ឃឹម​ត្រឹម​តែ​ពេល​ខ្លី​ប៉ុណ្ណោះ។

រូបតំណាង

កុំ​ចេះ​តែ​ទុក​វា​រហូត​ដល់​ម្នាក់ៗ​ឈឺចាប់​ ព្រោះ​ពេល​នោះ​អ្នក​នឹង​បាត់បង់​ទាំង​អស់។ ធ្វើ​ខ្លួន​ឲ្យ​ធំដឹង​ក្ដី បើ​អស់​ស្រឡាញ់​ប្រាប់​ថា​អស់ បើ​នៅ​ត្រូវ​បន្ត​ឲ្យ​បាន​ល្អ​ មិន​មែន​លេង​ឲ្យ​តែ​អស់ខ្យល់​នោះ​ទេ៕

ចុចអាន៖ជួយ​ជ្រោមជ្រែង​ដៃគូ​អ្នក​ឲ្យ​ក្លាយ​ជា​មនុស្ស​ជោគជ័យ មនុស្ស​ស្រីគួរ​មាន​ចំណុច​នេះ

Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម