ជួយ​ជ្រោមជ្រែង​ដៃគូ​អ្នក​ឲ្យ​ក្លាយ​ជា​មនុស្ស​ជោគជ័យ មនុស្ស​ស្រីគួរ​មាន​ចំណុច​នេះ

  • 2018-03-26 09:51:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកណា​ក៏​ចង់​ឃើញ​គូស្នេហ៍​ខ្លួន​ឯង​ជោគជ័យ​លើ​អ្វី​ដែល​គាត់​ចង់​បាន​ដែរ ដូច្នេះ​ហើយ​អ្នក​ក៏​គួរ​តែ​ចេះ​ប្រើ​ឥទ្ធិពល​ស្នេហា​អ្នក​ជួយ​ជ្រោមជ្រែង​គាត់​ឲ្យ​ជោគជ័យ​ដូចគ្នា។ ខាង​ក្រោម​នេះ​ជា​ចំណុច​ដែល​អ្នក​គួរ​តែ​មាន​សម្រាប់​ធ្វើ​ជា​ផ្នែក​មួយ​នៃ​ជោគជ័យ​របស់​គាត់ ៖

១. គាំទ្រ និងលើក​ទឹក​ចិត្ត​

មនុស្ស​ប្រុស​ទោះ​រឹង​មាំ​ប៉ុណ្ណា​ក៏​តែង​ត្រូវ​ការ​ការ​គាំទ្រ និងលើក​ទឹកចិត្ត​ពី​មនុស្ស​ដែល​ខ្លួន​ឯង​ស្រឡាញ់​​ដែរ។ ការ​ធ្វើ​បែប​នេះ​គឺ​មាន​ឥទ្ធិពល​ណាស់​ ព្រោះ​ពេល​ដែល​គាត់​បាក់​ទឹក​ចិត្ត​បំផុត​ អ្នក​​ក៏​ជា​មនុស្ស​ដែល​គាត់​ចង់​ក្បែរ​បំផុតដែរ។

រូបតំណាង

**២. ជួយ​បំពេញ​បន្ថែម​គាត់ឲ្យ​ក្លាយ​ជា​មនុស្ស​មាន​សមត្ថភាព​**

អ្នក​ត្រូវ​ជួយ​បង្ហាញ​ជួយ​ប្រាប់​គាត់​ តែ​មិន​មែន​ជួយ​គាត់​ទាំង​អស់​នោះ​ទេ​ អ្នក​ត្រូវ​ប្រាប់​គាត់​ឲ្យ​ហ្វឹក​ហាត់​ខ្លួន​ឯង​ ឲ្យ​គាត់​ប្រលូក​នឹង​រឿង​ដែល​គាត់​ត្រូវ​ជួប​នៅ​ថ្ងៃ​ក្រោយ​ ហើយ​ត្រូវ​ជួយ​បង្កើន​សមត្ថភាព​គាត់​ឲ្យ​ល្អ​ជាង​មុន។​

៣. ជំរុញ​គាត់​ឲ្យ​អនុវត្ត​ផែនការ​របស់​គាត់​

ផែនការ​ខ្លះ​ពិបាក​នឹង​ធ្វើ​តែ​ម្នាក់​ឯង​ណាស់​ ដូច្នេះ​បើ​មាន​អ្នក​ចូលរួម​គឺកាន់​តែ​ល្អ។ ពេល​ខ្លះ​គាត់​មាន​ផែនការ​ហើយ​តែ​បែរ​ជា​ជួប​បញ្ហា ឬ​រឿង​មិន​ល្អ​រាំង​ស្ទះ ដូច្នេះ​អ្នក​ត្រូវ​តែ​ជួយ​ជំរុញ​គាត់​ ប្រាប់​គាត់​ ហើយ​រួម​គ្នា​​អនុវត្ត​វា​ជាមួយ​គាត់​ពេល​ដែល​គាត់​ត្រូវ​ការ​អ្នក​។

៤.ប្រាប់​គាត់​ពី​រឿង​ណា​ដែល​ល្អ រឿង​ណា​ដែល​មិន​គួរ​ធ្វើ

ជា​គូស្នេហ៍​ មិន​មែនឪពុក​ម្ដាយ​ទេ​ ប៉ុន្តែ​អ្នក​ត្រូវ​ហ៊ាន​និយាយ​ ហ៊ាន​ប្រាប់​ គាត់​ពី​អ្វី​ដែល​គាត់​កំពុង​ធ្វើ​ ថា​តើ​វា​ល្អ​ឬ​អាក្រក់​​ហើយ​វា​អាច​ប៉ះ​ពាល់​ដល់​គោល​ដៅ​របស់​គាត់​ឬ​អត់​? ព្រោះ​អ្នក​តែងតែ​ចង់​ឃើញ​គាត់​ជោគជ័យ​។

៥. កុំ​ព្យាយាម​ចង់​គ្រប់គ្រង​គាត់​

អ្នក​មិន​ត្រូវ​គ្រប់គ្រង​គាត់​ ឬ​ ឲ្យ​ គាត់​ធ្វើ​តាម​អ្នក​នោះ​ទេ​ ព្រោះ​មនុស្ស​ប្រុស​មិន​ចូល​ចិត្ត​អ្នក​ណា​គ្រប់គ្រង​ ឬ​បញ្ជា​នោះ​ទេ​។ ​អ្នក​ត្រូវ​គោរព​តាម​ការសម្រេច​ចិត្ត​គាត់​ ហើយ​មិន​ត្រូវ​ដាក់​សម្ពាធ​ឲ្យ​គាត់​ឡើយ​ អ្នក​គ្រាន់​តែ​ធ្វើ​ជា​ទី​ប្រឹក្សា​គាត់​ទៅ​បាន​ហើយ។

រូបតំណាង

៦. កុំ​ជ្រៀត​ជ្រែក​លើ​ការ​ងារ​​ផ្ទាល់​ខ្លួន​របស់​គាត់​

ពេល​ខ្លះ​គាត់​ក៏​មិន​ចង់​ឲ្យ​អ្នក​ជ្រៀតជ្រែក​លើ​ការងារ​របស់​គាត់​ដែរ​ ក៏​ព្រោះ​​តែ​គាត់​មិន​ចង់​ឲ្យ​អ្នក​ស្មុគស្មាញ​ជាមួយ​គាត់​ ឬ​ក៏​ពេល​ខ្លះ​ទៀត​ដោយសារ​តែ​អ្នក​មិន​ទាន់​យល់​ពី​ដំណើរ​ការ​ច្បាស់លាស់​ វា​អាច​រឹត​តែ​ធ្វើ​ឲ្យ​គាត់​ពិបាក​ថែមទៀត។ ដូច្នេះ​បើ​មិន​ចាំ​បាច់​ទេ​ អ្នក​កុំ​លូកលាន់​អី​។

៧. ជួយ​គាត់​ដោយ​ប្រយោល

ពេល​ខ្លះ​គាត់​មិន​ចង់​បាន​ការ​ជួយ​ពី​អ្នក​នោះ​ទេ​​ព្រោះ​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​គាត់​អន់​ មិន​បាន​ការ​ គ្រាន់​តែ​រឿង​ប៉ុណ្ណឹង​ក៏​ធ្វើ​ខ្លួន​ឯង​មិន​កើត​ ដូច្នេះ​ បើ​អ្នក​ដឹង​ពី​ស្ថានភាព​គាត់​ហើយ​ អ្នក​គួរ​តែ​ជួយ​គាត់​កុំ​ឲ្យ​គាត់​ដឹង​ ដើម្បី​កុំ​ឲ្យ​គាត់​មាន​សម្ពាធ។

៨. យល់​ពី​គាត់​ឲ្យ​បាន​ច្រើន

អ្វី​ដែល​សំខាន់​គឺ​អ្នក​ត្រូវ​តែ​យល់​ពី​គាត់​ឲ្យ​បាន​ច្រើន ព្រោះ​ពេល​ខ្លះ​គាត់​អាច​ម៉ួរម៉ៅ អាច​អារម្មណ៍​មិន​ល្អ ដែល អាច​ធ្វើ​ឲ្យ​អ្នក​ទាស់​ចិត្ត​ក៏​ថា​បាន។ បើ​បែប​នេះ​ហើយ​អញនក​បែរ​ជា​ធ្វើ​ឲ្យ​គាត់​ខ្វល់ចិត្ត​មួយ​ទៀត​នោះ គាត់​អាច​មាន​សម្ពាធច្រើន ហើយ​ពិបាក​ចិត្តក៏​កាន់​តែ​ច្រើន។

រូបតំណាង

ការ​ដែល​មាន​អ្នក​គាំទ្រ អ្នក​លើកទឹកចិត្ត និង​អ្នក​ជំរុញ​គឺ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ ជាពិសេស​បើ​ម្នាក់​នោះ​ជា​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ទៀត​ផង៕

ចុចអាន៖នៅ​ពេល​ជួប​​មនុស្ស​ក្នុង​សុបិន​​ អ្នក​នឹង​លែង​មាន​អារម្មណ៍​ថា​ឯកា​ទៀតហើយ

Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ប្រភព៖ Psychologytoday ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម