កំពុង​លង់​ខ្លួន​ក្នុង​ការ​គិត​ច្រើនមែនទេ? វិធីសាស្ត្រ​ ៣​ យ៉ាង ជួយ​អ្នក​បញ្ឈប់​បាន​ភ្លាមៗ

  • 2018-03-25 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ការ​ពិត ខួរក្បាល​របស់​មនុស្ស​ពិត​ជា​ចូលចិត្ត​ការ​គិត​​​​ច្រើន​ខ្លាំង​ណាស់​។ សូម្បី​តែ​ពេល​ខ្លះ អ្នក​ដែល​ជា​ម្ចាស់​ខួរក្បាល​ក៏​គ្មាន​​លទ្ធភាព​គ្រប់គ្រាន់​​​​ក្នុង​ការ​​បញ្ឈប់​​ការ​គិត​របស់​ខ្លួន​ឯង​ដែរ។ ទោះ​ជា​យ៉ាង​ណា ប្រសិន​អ្នក​បណ្ដោយ​ខ្លួន​ទៅ​តាម​ចំណង់​ដែល​​គ្មាន​ព្រំដែន​មួយ​នោះ អ្នក​អាច​នឹង​ក្លាយ​ជា​មនុស្ស​មាន​វិបត្តិ​ផ្លូវ​ចិត្ត​នៅ​ថ្ងៃ​ណា​មួយ​​ជាក់​ជា​មិន​ខាន។ ចាប់ផ្ដើម​អនុវត្ត​វិធីសាស្ត្រ​ទាំង ៣ ខាង​ក្រោម នោះ​អ្នក​ប្រាកដ​ជា​អាច​​ដក​ខ្លួន​ចេញ​​​ពី​ទម្លាប់​ដ៏​មាន​គ្រោះថ្នាក់​មួយ​នោះ​បាន៖

១.ភ្ជាប់​ខ្លួន​ជាមួយ​ធម្មជាតិ

ប្រសិន​អ្នក​កំពុង​រស់នៅ ឬ​ធ្វើ​ការ​នៅ​​កន្លែង​ដែល​ខ្វះ​សម្រស់​ធម្មជាតិ អ្នក​ត្រូវការ​ចំណុច​នេះ​ខ្លាំង​បំផុត។ អ្នក​គួរ​ចេញ​ទៅ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅ​សួន​កម្សាន្ត​ជិត​ៗ ឬ​ធ្វើ​ដំណើរ​វិស្សមកាល​ទៅ​កន្លែង​ឆ្ងាយ​ៗ​ជា​ដើម។ ការ​ផ្ដោត​អារម្មណ៍ គយគន់ សម្រស់​ដើម​ឈើ ទឹក​ធ្លាក់ ផ្ទៃ​មេឃ ភ្នំ សមុទ្រ បឹងបួ ជួយ​ឲ្យ​អារម្មណ៍​របស់​អ្នក​​​ប្រែ​ជា​ស្រស់​ស្រាយ ខួរក្បាល​ដែល​កំពុង​គិត​ស្មុគស្មាញ​នឹង​ឈប់​គិត​​​ភ្លាមៗ​តែ​ម្ដង។

២.ទន្ទេញ​ពាក្យ​សន្តិភាព​មួយ​ចំនួន ដើម្បី​រំងាប់​ចិត្ត

រៀន​សង្កេត​ខ្លួន​ឯង​ថា តើ​អ្នក​គិត​ច្រើន​ទៅ​លើ​រឿង​អ្វី​ខ្លះ? ប្រសិន​អ្នក​ដឹង​ច្បាស់​ថា ការ​គិត​ដ៏​ច្រើន​ស្មុគស្មាញ​នោះ ទាក់ទង​ភាគ​ច្រើន​ជាមួយ​ទំនួល​ខុស​ត្រូវ​​ចំពោះ​រឿង​ការងារ គ្រួសារ ព្រម​ទាំង​សម្ដី​បំបាក់​ទឹក​ចិត្ត​របស់​មនុស្ស​ជុំវិញ​ដែល​តែង​ធ្វើ​ឲ្យ​អ្នក​ខឹង មួម៉ៅ អ្នក​​ត្រូវ​ប្រើ​វិធី​ទី ២ នេះ ដើម្បី​​​ស្រោចស្រង់​ខ្លួន​ឯង​​ចេញ​ពី​រណ្ដៅ​ទុក្ខ។ ជា​រៀងរាល់​ថ្ងៃ ទន្ទេញ​ពាក្យ ឬ​ឃ្លា​​​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​មួយ​ចំនួន​ដូចជា​៖ “ខ្ញុំ​​ស្រឡាញ់​សន្តិភាព” “ខ្ញុំ​មិន​អី​ទេ ” “ខ្ញុំ​ធ្វើ​បាន​ល្អ​គ្រប់គ្រាន់​ហើយ” “អគុណ​ចំពោះ​ក្ដី​ស្រឡាញ់ ” ជា​ដើម។

៣.សមាធិ

ការ​ធ្វើ​សមាធិ​ជួយ​​​បញ្ឈប់​ការ​គិត​ច្រើន ព្រម​ទាំង​បំផ្លាញ​គំនិត​អវិជ្ជមាន​ដែល​កំពុង​យាយី​អ្នក​រាល់​ថ្ងៃ។ ភាព​ស្ងប់ស្ងាត់ ជួយ​ឲ្យ​អ្នក​រក​ឃើញ​សន្តិភាព​ផ្លូវ​ចិត្ត​បាន​យ៉ាង​ជោគជ័យ។ ត្បិត​ថា​អ្នក​មិន​អាច​បិទ​ខួរក្បាល​មិន​ឲ្យ​ដំណើរការ​ទាំង​ស្រុង ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​ថា​បរិមាណ​នៃ​គំនិត​ស្មុគស្មាញ​​​នៅ​ក្នុង​ខួរក្បាល​ពិត​ជា​ថយ​ចុះ បន្ទាប់​ពី​ពួកគេ​អនុវត្ត​វិធី​នេះ​ជា​ប្រចាំ។ វិធី​ស្រដៀង​គ្នា​មួយ​ទៀត​ដែល​អ្នក​អាច​ជ្រើសរើស​បាន គឺ​ការ​ហាត់​​យូហ្គា។ ក្រៅ​ពី​ជំរុញ​ភាព​ស្ងប់​ដល់​ផ្លូវ​ចិត្ត វា​ក៏​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​ផ្លូវ​កាយ​អ្នក​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ទៀត​ផង។

ប្រសិន​អ្នក​ចង់​បញ្ឈប់​ការ​គិត​ច្រើន និង​រៀន​រស់នៅ​បែប​សន្តិភាព ទម្លាប់ ៣ យ៉ាង​ខាង​លើ​ជា​អ្វី​ដែល​អ្នក​គួរ​ប្រកាន់​ខ្ជាប់។ មួយ​ថ្ងៃ​អ្នក​មាន​ពេល ១៤៤០ នាទី ដូច្នេះ​ដើម្បី​ភាព​ស្ងប់​នៃ​ផ្លូវ​ចិត្ត ទទួល​បាន​លទ្ធផល​​ល្អ​ក្នុង​ការងារ​ត្រឹម​តែ១០ នាទី​ក្នុង​មួយ​ថ្ងៃ វា​មិន​មែន​ជា​រឿង​លំបាក​ខ្លាំង​ ដែល​អ្នក​ត្រូវ​រារែក​ឡើយ៕

ចុចអាន៖

ប្រភព៖ powerofpositivity អត្ថបទ៖ អូន បញ្ញា