មកដឹងរបៀបរបបញ៉ាំអាហារពេលទៅលេងប្រទេសក្រៅ កុំឱ្យចេញមកខុសគេខុសឯង
- 2018-03-21 05:14:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងរបៀបរបបញ៉ាំអាហារពេលទៅលេងប្រទេសក្រៅ កុំឱ្យចេញមកខុសគេខុសឯង
"ចូលស្ទឹងតាមបទ ចូលស្រុកតាមទេស" ពាក្យទូន្មានមួយឃ្លានេះនៅតែមានអត្ថបទអប់រំសម្រាប់ការចេះសម្របខ្លួនទៅតាមទំនៀមទម្លាប់របស់ទីកន្លែងនីមួយៗ ដែលយើងជាអ្នកចំណូលក្រៅគួររៀនតាម។ ការញ៉ាំអាហារក៏ដូចគ្នា គឺគេមានទម្លាប់ក្នុងការញ៉ាំខុសៗគ្នាទៅតាមប្រទេស និងតំបន់រៀងៗខ្លួន។ ប្រទេសមួយចំនួនខាងក្រោមនេះគឺជាប្រទេសដែលឧស្សាហ៍មានអ្នកទេសចរទៅកម្សាន្ត ហើយអ្នកគួរតែយល់ដឹងពីរបៀបរបបញ៉ាំអាហាររបស់គេ ដើម្បីកុំឱ្យខ្មាសគេដោយមិនដឹងខ្លួន។
នៅអ៊ីតាលី កុំកុម្ម៉ង់កាពូឈីណូក្រោយញ៉ាំអាហាររួច
ជនជាតិអ៊ីតាលីមិនដែលប្រើទឹកដោះគោក្រោយពេលបាយនោះទេ ព្រោះគេជឿថាទឹកដោះគោនឹងធ្វើឱ្យរំខានដល់ប្រព័ន្ធរំលាយអាហារក្នុងរាងកាយ។ ជំនួសមកវិញ ពួកគេនិយមប្រើកាហ្វេ Espresso ឬកាហ្វេដែលគ្មានជាតិស្ករ។ ការពិត គ្មានអ្នកណាឃាត់ឃាំង ឬដាក់ទោសពេលអ្នកញ៉ាំ Cappuccino ទេ គ្រាន់តែគេអាចចំណាំមុខអ្នកទុក ពេលមកលេងលើកក្រោយប៉ុណ្ណោះ។
ចុចអាន៖ ល្បិចធ្វើការ & រកស៊ីរបស់ជនជាតិចិន ដែលអ្នកគួរយកមកប្រើក្នុងជីវិតជាក់ស្ដែង
នៅចិន កុំញ៉ាំត្រីដោយត្រឡប់សាច់ទៅម្ខាងទៀត
ប្រជាជនចិនគិតថា ការត្រឡប់ត្រីទៅម្ខាងទៀតគឺអាចបណ្ដាលឱ្យអ្នករកស៊ីផ្លូវទឹក ជាពិសេសអ្នករកស៊ីនេសាទជួបបញ្ហាលិចទូក ដែលជាប្រផ្នូលមិនល្អ។ បើអ្នកត្រូវញ៉ាំអាហារជាមួយជនជាតិចិន ពេលញ៉ាំសាច់ត្រីម្ខាងអស់សាច់ហើយ ត្រូវចេះកាច់ឆ្អឹងខ្នងកណ្ដាលនោះចេញជាជាងត្រឡប់សាច់ត្រីទៅម្ខាងទៀត។ នេះទើបគេរីករាយ និងសរសើរថាយើងដឹងខុសដឹងត្រូវ។ មួយវិញទៀត គេជឿថាការភើ ជាសញ្ញាបង្ហាញថា ម្ហូបនេះមានរសជាតិឆ្ងាញ់ ដូច្នេះបើអ្នកឃើញជនជាតិចិនឧស្សាហ៍ភើពេលញ៉ាំអាហារ កុំមានអារម្មណ៍ងឿងឆ្ងល់អី។
នៅអេត្យូពី គេញ៉ាំអាហារក្នុងចានធំៗ
មិនថាញ៉ាំអាហារនៅទីណាទេ ជនជាតិនេះច្រើនប្រើដៃសម្រាប់ការដួសអាហារដាក់មាត់ ជាពិសេសដៃស្ដាំ ចំណែកដៃឆ្វេងត្រូវបានគេចាត់ទុកថាជាដៃមិនស្អាត មិនសមមកចាប់ម្ហូបដាក់ចូលមាត់។ មួយវិញទៀត គេដាក់ម្ហូបក្នុងចានតែមួយប៉ុណ្ណោះ ទោះជាម្ហូបប៉ុន្មានមុខក៏ដោយ តែជាចានធំប៉ុនថាស។ ការប្រើចានច្រើនត្រូវបានចាត់ទុកជាការខ្ជះខ្ជាយ។
នៅជប៉ុន ហាមដាក់ចង្កឹះក្នុងចានគោមដាក់បាយ
វប្បធម៌របស់ប្រជាជនជប៉ុន ការដាក់ចង្កឹះក្នុងចានបាយគឺគេប្រើសម្រាប់តែពេលបុណ្យសព ឬសែនព្រេនតែប៉ុណ្ណោះ ព្រោះគេយល់ថា ការធ្វើបែបនេះគឺដើម្បីសែនជូនខ្មោចដែលស្រែកឃ្លាន។ ម្យ៉ាងទៀត ចង្កឹះនៅក្នុងចានប្រៀបដូចជាធូបដែលគេដុតនៅក្នុងចានបាយ ឧទ្ទិសសម្រាប់វិញ្ញាណដែលមានស្លាប់។
ដូច្នេះពេលទៅញ៉ាំអាហារនៅជប៉ុន ត្រូវដកចង្កឹះពីចាន ពេលដួសបាយដាក់ចូលមាត់រួច ហាមទុកចោលក្នុងចាន មិនដូច្នោះអ្នកនឹងត្រូវបានគេមិនពេញចិត្ត។ ការមួយទៀតដែលត្រូវប្រយ័ត្ន គឺហាមចាប់ម្ហូបពីចង្កឹះមួយផ្ទេរឱ្យចង្កឹះមួយទៀត ព្រោះវាជាប្រផ្នូលមិនល្អ ហើយគេប្រើតែក្នុងពិធីបុណ្យសពតែប៉ុណ្ណោះ។
ចុចអាន៖ របៀបធ្វើផាត់ថៃងាយៗ ទុកញ៉ាំលេង
នៅថៃ ហាមយកសមដួសម្ហូបដាក់ចូលមាត់
វានឹងជារឿងមិនគប្បីមួយ ពេលអ្នកយកសមដួសម្ហូបហើយដាក់ចូលក្នុងមាត់។ ដោយសារតែទំនៀមទម្លាប់ពីបុរាណមក ជាពិសេសពេលញ៉ាំអាហារជាមួយចាស់ៗ ការធ្វើបែបនេះនឹងចាត់ទុកជាទង្វើមិនសមរម្យ ហើយបើពិបាកពេក អ្នកអាចប្រើសមនៅក្នុងចាន រួចយកស្លាបព្រាដួសម្ហូបដាក់ចូលមាត់វិញ។
នៅកូរ៉េ ទាល់តែចាស់ៗអនុញ្ញាត ទើបអាចចាប់ផ្ដើមញ៉ាំបាន
ការរួមតុអាហារជាមួយប្រជាជននៃដែនដីគីមឈីនេះ គេមានទម្លាប់មួយគឺរង់ចាំមនុស្សចាស់នៅក្នុងវង់ញ៉ាំនោះលូកម្ហូបមុន ទើបក្មេងៗមានសិទ្ធិលូកតាមក្រោយ។ ការញ៉ាំទៀតសោតក៏ត្រូវញ៉ាំមួយៗ ហាមទំពាញាប់មាត់។ មួយទៀត ត្រូវចេះមើលពែងទឹករបស់អ្នករួមតុជាមួយគ្នា បើឃើញអស់ត្រូវចេះចាក់បំពេញឱ្យ ធ្វើបែបនេះពួកគេនឹងស្រឡាញ់អ្នក គិតថាអ្នកជាមនុស្សចេះដឹង។
នៅអាមេរិកនិងអង់គ្លេស ត្រូវដឹងទម្លាប់ទាំងនេះ
-ពេលកូរទឹកតែឬកាហ្វេក្នុងកែវ ឬពែង ហាមឮស្នូរស្លាបព្រាប៉ះនឹងកែវ
-កុំទុកស្លាបព្រាចោលក្នុងពែង
-ត្រូវដាក់ស្លាបព្រាចុះក្បែរពែង លើទ្រនាប់ពែងឬកែវនោះ៕