គេចាប់ផ្ដើមប្លែកបន្តិចម្ដងៗ រហូតសឹងតែក្លាយជាមនុស្សផ្សេងដែលខ្ញុំមិនដែលស្គាល់
- 2018-03-20 06:22:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេចាប់ផ្ដើមប្លែកបន្តិចម្ដងៗ រហូតសឹងតែក្លាយជាមនុស្សផ្សេងដែលខ្ញុំមិនដែលស្គាល់
ពេលខ្លះខ្ញុំពិតជាចង់ដឹងណាស់ថាហេតុអីបានជាគាត់ប្រែប្រួលដល់ថ្នាក់ហ្នឹង គាត់ផ្លាស់ប្ដូរពីមនុស្សប្រុសដែលខ្ញុំធ្លាប់ស្គាល់ម្នាក់ ទៅជាមនុស្សម្នាក់ផ្សេងទៀតដែលខ្ញុំមិនធ្លាប់ស្រមៃ។
ពេលចាប់ផ្ដើមដំបូងគាត់ជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ បារម្ភ និងតែងផ្ដល់ក្ដីសង្ឃឹមឲ្យស្នេហាខ្ញុំជានិច្ច។ ក្បែរគាត់ខ្ញុំមានអារម្មណ៍ថាកក់ក្ដៅ មានក្ដីសុខ ទោះពេលខ្លះហត់នឿយមកពីណាក៏លែងនឹកនាដែរឲ្យតែបានឃើញគាត់ញញឹមមកកាន់ខ្ញុំ។
គាត់លើកទឹកចិត្ត គាត់នៅក្បែរពេលខ្ញុំមានរឿងមិនសប្បាយចិត្ត គាត់គាំទ្រ និងតាមជួយខ្ញុំពេលខ្ញុំចង់សម្រេចរឿងអ្វីមួយ។ គាត់ខ្វល់ខ្វាយសឹងគ្រប់រឿងដែលពាក់ព័ន្ធនឹងខ្ញុំ មិនថាការរៀបចំខ្លួន ការដើរហើរ ការនិយាយស្ដី គឺគាត់តែងប្រាប់ថាមួយណាល្អមួយណាអាក្រក់។ គាត់មិនត្រឹមតែជាមនុស្សម្នាក់ដែលខ្ញុំស្រឡាញ់ខ្លាំងនោះទេ តែគាត់ក៏ជាមនុស្សម្នាក់ដែលខ្ញុំប្រាថ្នាចង់រស់នៅជាមួយអស់មួយជីវិតដែរ។
កន្លងផុតមួយឆ្នាំចូលមួយឆ្នាំទៀត គាត់ក៏ចាប់ផ្ដើមប្លែកម្ដងបន្តិចៗ។ គាត់ចាប់ផ្ដើមរវល់ជាងមុន តែខ្ញុំមិនបានគិតថាគាត់ខុសនោះទេព្រោះការងារមនុស្សម្នាក់ៗត្រូវតែមាន។បន្ទាប់មកទៀតគាត់ចាប់ផ្ដើមលែងខ្វល់ពីខ្ញុំជាងមុន គាត់ចាប់ផ្ដើមដើរចេញនៅពេលពួកយើងមានបញ្ហា។ កន្លងផុតមកទៀត គាត់ចាប់ផ្ដើមចង់នៅម្នាក់ឯង ចង់នៅស្ងប់ស្ងាត់។ ហើយយូរៗទៅគាត់ក៏លែងចង់ជួបខ្ញុំ គាត់ក៏លែងចង់និយាយជាមួយខ្ញុំ ដោយគ្រាន់តែប្រាប់ថា«ហត់»។ គាត់ចាប់ផ្ដើមលែងនិយាយ លែងតបនូវអ្វីដែលខ្ញុំព្យាយាមនិយាយទៅកាន់គាត់។
គាត់ចាប់ផ្ដើមប្លែកខ្លាំងសឹងតែខ្ញុំលែងស្គាល់គាត់ថាជាអ្នកណា? គាត់ទុកឲ្យខ្ញុំយំរហូតដល់គេងលក់សឹងតែរាល់យប់ គាត់លែងប្រាប់ខ្ញុំថាគាត់មានរឿងអ្វីខ្លះ? គាត់លែងខ្វល់ខ្វាយថាខ្ញុំពេលនេះយ៉ាងម៉េច? គាត់លែងចេះនិយាយពីរោះដូចមុន? គាត់លែងចេះយកចិត្តទុកដាក់ពីខ្ញុំដូចមុន? គ្រប់យ៉ាងសឹងតែផ្លាស់ប្ដូរទាំងអស់ ហើយគាត់ត្រឹមនិយាយមកខ្ញុំវិញថា «មិនយល់ពីគាត់»។
ចាត់ទុកថាខ្ញុំមិនយល់ពីគាត់ទៅចុះ ហើយខ្ញុំក៏លែងចង់យល់អីពីគាត់ទៀតដែរ។ បន្តផ្លូវជីវិតរបស់អ្នកទៀតចុះ ទុកថាពួកយើងមានបុណ្យជាមួយគ្នាត្រឹមហ្នឹងទៅ។ ពួកយើងអហោសិកម្មឲ្យគ្នាទៅ ហើយចាត់ទុកថាវាជាមេរៀនជីវិតមួយដែលជួយឲ្យពួកយើងយល់ច្បាស់ពីគ្នា៕
ចុចអាន៖កុំបន្តតែម្ខាងទៀត! បើគេស្រឡាញ់អ្នក គេនឹងព្យាយាម និងផ្ដល់ក្ដីសង្ឃឹមឲ្យអ្នក