បញ្ចប់​បញ្ហា​ពាក្យ​ចចាមអារ៉ាម Mark Prin សុខ​ចិត្ត​ទទួល​កំហុស​​មុខ Kimberly

  • 2018-03-19 03:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដែរ​ក្នុង​ចំណោម​ក្រុម​អ្នក​គាំទ្រ សម្រាប់​ទំនាក់ទំនង​ស្នេហា​រវាង​តារា​សម្ដែង​ថៃ Mark Prin និង Kimberly ដោយ​មុន​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​និយាយ​ថា​អ្នក​ទាំង​ពីរ​មាន​បញ្ហា​​បែក​បាក់​​គ្នា ហើយ​អ្នក​ទាំង​ពីរ​ក៏​បាន​ចេញ​មុខ​បក​ស្រាយ​រៀង​ៗ​ខ្លួន។ ប៉ុន្តែ​លើក​នេះ គូ​ស្នេហ៍ MK ក៏​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​អស់​មន្ទិល​សង្ស័យ​មែនទែន ដោយ​បាន​ដឹកដៃ​គ្នា​ចូលរួម​កម្មវិធី​មួយ​ជាមួយ​គ្នា។

កាល​ពី​​ល្ងាច​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ គូ​ស្នេហ៍​តារា​សម្ដែង Mark Prin និង​ Kimberly បាន​​មាន​ឱកាស​រួម​​ការងារ​​​ជាមួយ​គ្នា​ឡើង​វិញ នៅ​ក្នុង​កម្មវិធី Grand Opening The Sis Clinic ហើយ​ឆ្លៀត​ក្នុង​ឱកាស​នោះ អ្នក​ទាំង​ពីរ​ក៏​បាន​បក​ស្រាយ​​ពី​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​ទំនាក់ទំនង​របស់​ខ្លួន។ ក្នុង​នោះ Mark បាន​បង្ហើប​ថា “ដូច​ដែល​ឃើញ​ស្រាប់ ពួក​យើង​ក៏​មិន​ដឹង​ថា​គួរ​និយាយ​អ្វី​ទៀត ព្រោះ​វា​បែប​នេះ​រហូត​ទៅ​ហើយ។ ទំនាក់ទំនង​មនុស្ស​ពីរ​នាក់​​វា​ក៏​ប្រៀប​ដូច​អណ្ដាត​និង​ធ្មេញ មាន​ប៉ះ​ទង្គិច​​គ្នា​ខ្លះ​គឺ​ជា​រឿង​ធម្មតា។ ហើយ​ដូច​ដែល​ធ្លាប់​និយាយ​អីចឹង​ថា មិន​ថា​មាន​ព័ត៌មាន​លេចឮ​បែប​ណា​ ខ្ញុំ​នៅ​តែ​ជឿជាក់​ថា​ពួក​​យើង​នៅ​តែ​នៅ​ជាមួយ​គ្នា”។

តារា​ឯក​ស្រី Kimberly ក៏​បាន​បន្ថែម​ថា “ការ​ពិត​ទៅ​វា​មិន​មែន​ជា​រឿង​ធំដុំ​អ្វី​ទេ គ្រាន់​តែ​ជា​រឿង​តូចតាច ប៉ុន្តែ​មនុស្ស​ចូល​ចិត្ត​យក​ទៅ​បន្ថែមបន្ថយ​ហើយ​គិត​ដោយ​ខ្លួន​ឯង”។ នៅ​ពេល​អ្នក​កាសែត​សួរ​ថា បាត់​ខឹង​ឬ​នៅ Mark ក៏​ឆ្លើយ​ជំនួស​មិត្ត​ស្រី​ថា “ខ្ញុំគឺ​ជា​អ្នក​ខុស​ខ្លួន​ឯង ប៉ុន្តែ​មិន​​បាច់​និយាយ​ទេ​ថា​ជា​រឿង​អ្វី។ ចំពោះ​វិធី​លួង​គឺ​អាស្រ័យ​លើ​ស្ថានការណ៍ តែ​ការ​ពិត​ទៅ​គ្មាន​អី​ច្រើន​ទេ គឺ​យើង​ព្យាយាម​និយាយ​ដោះស្រាយ​គ្នា​គ្រប់​យ៉ាង​តាម​ដែល​អាច​ធ្វើ​បាន” ៕

ប្រភព៖ Daradaily ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន