បើ​ចូល​ដល់​អាយុ​៣-៤​ខែ​ហើយ កូន​មិន​ទាន់​ចេះ​រឿង​ទាំង​នេះ អ្នក​ម្ដាយ​កុំ​គិត​ថា​អត់​អី!

  • 2018-03-16 06:09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទារក​តែង​មាន​ការ​លូតលាស់​តាម​ដំណាក់កាល​ និង​តាម​វ័យ។ ជាមួយ​ការ​ចិញ្ចឹម​បីបាច់​ ថែ​ទាំ និង​ផ្ដល់​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ កូន​របស់​អ្នក​អាច​ឆាប់​លូតលាស់​ទាំង​ផ្នែក​បញ្ញា ស្មារតី និង​សារពាង្គកាយ​។ ថ្ងៃ​នេះ​យើង​មក​មើល​ការ​វិវត្ត​របស់​ទារក​ក្នុង​អាយុ​៣​ទៅ​៤ ខែ ថា​តើ​រៀន​ចេះ​អ្វី​ខ្លះ ហើយ​គួរ​ឱ្យ​ស្រឡាញ់​ប៉ុណ្ណា?

ចាប់​ផ្ដើម​មើល​ឃើញ​មុខ​អ្នក​នៅ​ឆ្ងាយ និង​មើល​បាន​១៨០​ដឺក្រេ

មិន​ដូច​២​ខែ​ដំបូង​ដែល​អ្នក​ត្រូវ​ដើរ​ទៅ​ជិត​ទារក​ ដើម្បី​​ឱ្យ​ពួក​គេ​ឃើញ​និង​លេង​ជាមួយ​នោះទេ។ ដំណាក់​កាល​នេះ កូន​របស់​អ្នក​អាច​មើល​ឃើញ​អ្វីៗ​ដែល​នៅ​ឆ្ងាយ ត្រឹម​មាត់​ទ្វារ និង​ចាប់​ផ្ដើម​ចំណាំ​មុខ​អ្នក​ស្គាល់​បណ្ដើរ​ៗ​ហើយ។ បើ​អ្នក​យក​របស់​អ្វី​មួយ​ដាក់​ពី​មុខ​កូន ហើយ​ធ្វើ​ចលនា​ជុំ​វិញ​ក្បាល​របស់​កូន ពួក​គេ​ចេះ​ដេញ​តាម​មើល។​

ពេល​ឮ​សំឡេង​ធ្លាប់​ស្គាល់​ ចេះ​ងាក​តាម​រក

ពេល​ឮ​សំឡេង​អ្វី​ដែល​ចាប់​អារម្មណ៍ ឬ​ធ្លាប់​ស្គាល់ ទារក​ចាប់​ផ្ដើម​ចេះ​ងាក​ក្បាល​តាម​រក​ប្រភព​សំឡេង​នោះ​។ នេះ​ជា​សញ្ញា​បញ្ជាក់​ការ ខួរ​ក្បាល​​កូន​របស់​អ្នក​ចាប់​ផ្ដើម​លូតលាស់​ ចំណែក​សមត្ថភាព​ផ្នែក​ស្ដាប់​ក៏​មាន​ពេញ​លេញ​ផង​ដែរ។​

ចេះ​មាន​ប្រតិកម្ម​តប ពេល​មាន​អ្នក​លេង​ជាមួយ​

ពេល​មាន​អ្នក​និយាយ​លេង​ជាមួយ ទារក​ចាប់​ផ្ដើម​ចេះ​លេងឬ​ឆ្លើយ​តប​នឹង​ការ​ប្រឡែង​របស់​អ្នក​នៅ​ក្បែរ​ខ្លួន។ គេ​ចេះ​បញ្ចេញ​សំឡេង​ និង​ធ្វើ​ដៃ​ធ្វើ​ជើង​ក្នុង​ន័យ​ឆ្លើយ​តប​ទៅ​វិញ។

ក​ចាប់​ផ្ដើម​រឹង​

កូន​របស់​អ្នក​ក្នុង​ពេល​នេះ​អាច​គ្រប់គ្រង​សាច់​ដុំ​ក​របស់​គេ​បាន​យ៉ាង​ល្អ ចេះ​ទប់​ក​ឱ្យ​រឹង និង​មាន​លំនឹង​មិន​ផ្អៀងចុះ​ផ្អៀង​ឡើង​ដូច​មុន​។ លើស​ពី​នេះ​ ពេល​ក្រឡាប់​ ទារក​ក៏​អាច​ងើប​ក​ដោយ​ខ្លួន​ឯង​បាន។​​​

ទធាក់​ជើង​ ពេល​លើក​បញ្ឈរ​ត្រង់​ខ្លួន​

​ពេល​លើក​បញ្ឈរ​ កូន​តូច​របស់​អ្នក​ក្នុង​អាយុ​នេះ​អាច​នឹង​ធាក់​ជើង​ចុះ​ឡើង ព្រោះ​ពួក​គេ​កំពុង​រៀន​ឈរ​ដោយជើង​​ពួក​គេ ទោះ​បី​វា​មិន​ទាន់​រឹង​មាំ​ក៏​ដោយ។

ចេះ​ប្រើ​ដៃ​ទប់​លំនឹង​ខ្លួន ពេល​ក្រឡាប់

​មក​ដល់​ចំណុច​នេះ កូន​របស់​អ្នក​ចេះ​ដក​ដៃ​ដែល​នៅ​ក្រោម​ខ្លួន ពេល​ក្រឡាប់​ចេញ​មក​ ដើម្បី​ទប់​លំនឹង​ខ្លួន និង​ងើប​ក​បាន​យ៉ាង​ស្ទាត់​ជំនាញ។ នេះ​គឺ​ជា​ដំណាក់​កាល​ដំបូង​នៃ​ការ​រៀន​ចេះ​វារ​ហើយ។

យក​ដៃ​ដាក់​ចូល​មាត់

​ពួក​គេ​នឹង​ចូល​ចិត្ត​យក​ដៃ​ដាក់​ចូល​មាត់​បៀម​ មិន​ថា​មួយ​ម្រាម ឬ​ពីរ​បី​ម្រាម​នោះ​ទេ។

គេង​តិច​ម៉ោង​ជាង​មុន

ទារក​ដែល​ទើប​កើត២​ខែ​ដំបូង​ ជា​ទូទៅ​ត្រូវ​គេង​១៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ពេល​ចូល​ដល់​៣​-៤​ខែ​ហើយ ពួក​គេ​គេង​តែ​១៥​ម៉ោង​ប៉ុណ្ណោះ ហើយ​ភាគ​ច្រើន​ថ្ងៃ​មិន​សូវ​គេ​ដូច​មុន តែ​ពេល​យប់​គេង​លក់ មិន​សូវ​ក្រោក​ឡើយ។

ចេះ​ញញឹម សើច​

ចូល​ដល់​អាយុ​៣-៤ខែ អ្នក​នឹង​អាច​ឮ​សំឡេង​កូន​សើច​ញឹក​ញាប់​ តាម​រយៈ​ការ​លេង​ជាមួយ​ ឬ​ឱ្យ​គេ​លេង​របស់​លេង​ជា​ដើម។ នេះ​ក៏​ព្រោះ​តែ​សមត្ថភាព​ក្នុង​ការ​មើល និង​ស្ដាប់​លូតលាស់​ពេញ​លេញ​។

ចេះ​ចំណាំ​មុខ​អ្នក​ដែល​ខ្លួន​ចូលចិត្ត

មក​ដល់​នេះ ពួក​គេ​ចាប់​ផ្ដើម​ស្គាល់​មុខ​អ្នក​នៅ​ជុំ​វិញ​ខ្លួន ហើយ​ដឹង​ថា​អ្នក​ណា​ដែល​ខ្លួន​ស្រឡាញ់ ចូល​ចិត្ត អ្នក​ណា​ចេះ​ថ្នម​ អ្នក​ណា​ចូល​ចិត្ត​ធ្វើ​បាប​គេ។ ដូច្នេះ​គេ​ចេះ​រំអុក​ទៅ​រក​អ្នក​ដែល​គេ​ចូល​ចិត្ត ឬ​យំ​ពេល​នៅ​ក្បែរ​អ្នក​ដែល​គេ​មិន​ចូល​ចិត្ត។

ចំណុច​អ្វី​ខ្លះ​គួរ​ព្រួយ​បារម្ភ?

ទោះ​ជា​យ៉ាង​ណា បើ​អ្នក​ម្ដាយ​សង្កេត​ឃើញ​កូន​អាយុ​៣​ឬ​៤​ខែ​ហើយ បែរ​ជា​មាន​ដូច​ចំណុច​ខាង​ក្រោម គួរ​តែ​យក​ចិត្ត​ទុក​ដាក់​បន្ថែម ព្រោះ​វា​បង្ហាញ​ពី​ការ​លូតលាស់យឺត​ជាង​ក្មេង​ធម្មតា ឬ​អាច​មាន​បញ្ហាត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជា​បន្ទាន់៖

-មិន​ញញឹម​ឬ​សើច ឬ​មិន​មាន​ប្រតិកម្ម​អ្វី​ចំពោះ​អ្នក​ដែល​ជួប​រាល់​ថ្ងៃ

-អត់​បញ្ចេញ​សំឡេង​អ្វី​សោះ

-ក​នៅ​ទន់​រង៉ិករង៉ក់ មិន​ទាន់​ចេះ​ទប់​លំនឹង​បាន​

​-មិន​ទាន់​ចេះ​កាន់​របស់​ ​

ប្រភព៖ momjunction | rasingchildren ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម